​សៀមរាបៈ ដើម្បី​អបអរ​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​រដ្ឋបាលខេត្ត​សៀមរាប​បានរៀបចំ​ធ្វើ «​សៀមរាប​សង្ក្រាន្ត​» ដើម្បី​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​បាន​កម្សាន្ត​សប្បាយ​។​ក្នុងនោះ​អាជ្ញាធរ​បាន​ជូនដំណឹង​ពី​ការធ្វើ​ការបញ្ជៀ​ស​ចរាចរណ៍​នៅលើ​កំណាត់​មួយចំនួន ដើម្បី​កុំឱ្យ​មានការ​កកស្ទះ​។

តាម​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប នៅ​ថ្ងៃទី​១១ ខែមេសា បានឱ្យដឹងថា រដ្ឋបាល​ខេត្តសៀមរាប នឹងធ្វើ​ការផ្អាក​ចរាច​រ​ជា​បណ្ដោះអាសន្ន លើ​កំណាត់​ផ្លូវ​ជុំវិញ​កន្លែង​ប្រារព្ធ​ពិធី និង​ផ្លូវ​សំខាន់ៗ​មួយចំនួន នៅក្នុង​ក្រុង​សៀមរាប និង​តំបន់​រមណីយដ្ឋាន​អង្គរ​ដូចជា កំណាត់​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ចំណុច​ស្តុ​បកោះ​កេរ្តិ៍ ដល់​ចំណុច​មុខ​សណ្ឋាគារ J7 កំណាត់​ផ្លូវ​មុខ​មហាសណ្ឋាគារ​អង្គរ (Raffles Grand Hotel d''Angkor) កំណាត់​រុក្ខវិថី​ព្រះសីហនុ (​ផ្លូវ​ហ្សា​ល​ដឺ​ហ្គោល​) ចាប់ពី​ចំណុច​ស្តុ​ប​សារមន្ទីរ​ជាតិ​អង្គរ រហូតដល់ ចំណុច​គល់ស្ពាន​វត្ត​រាជ​បូព៌ នៃ​ផ្លូវ​ពោធិ៍​កំបោរ (​ផ្លូវ​ខាងលិច​មាត់​ស្ទឹង និង​កំណាត់​ផ្លូវ​នានា​ដែលជា​ច្រកចូល​មកកាន់​ផ្លូវ​ពោធិ៍​កំបោរ​(​ផ្លូវ​ខាងលិច​មាត់​ស្ទឹង​)។

​ក្រៅពីនោះ​មាន​កំណាត់​ផ្លូវ​អាចារ្យ​ស្វា (​ផ្លូវ​ខាងកើត​មាត់​ស្ទឹង​) ចាប់ពី​ចំណុច​គល់ស្ពាន​វត្ត​ពោធិ​លង្កា រហូតដល់​ចំណុច​គល់ស្ពាន​វត្ត​រាជ​បូព៌ និង​ចាប់ពី​ចំណុច​គល់ស្ពាន​វត្ត​រាជ​បូព៌ រហូតដល់​គល់ស្ពាន វត្ត​ព្រះរាជដំណាក់ និង​កំណាត់​ផ្លូវ​នានា​ដែលជា​ច្រកចូល​មកកាន់​ផ្លូវ​អាចារ្យ​ស្វា (​ផ្លូវ​ខាងកើត មាត់​ស្ទឹង​) និង កំណាត់​ផ្លូវ​វង់​តូច នៃ​តំបន់​រមណីយដ្ឋាន​អង្គរ ចាប់ពី​ចំណុច​ក្លោងទ្វារ​ជ័យ រហូតដល់​ចំណុច​ស្ពាន​ប្រាសាទតាកែវ​។

​រដ្ឋបាល​ខេត្តសៀមរាប​បានឱ្យដឹងថា ក្រោម​ការខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប​និង​ក្រុមការងារ​រដ្ឋបាលខេត្ត​សៀមរាប គិត​មក​ត្រឹម​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២២​នេះ ទីតាំង​ប្រាសាទចៅសាយទេវតា និង​ប្រាសាទធម្មនន្ទ​បានរៀបចំ​រួចរាល់​ជា​ស្ថាប​ពរ​ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ចាប់ពី​ថ្ងៃទី​១២ ដល់ ១៦ ខែមេសា ឆ្នាំ​២០២២​។ រដ្ឋបាលខេត្ត​នេះ​បញ្ជាក់ថា​៖«​តំបន់​ប្រាសាទ​មាន​ពិធី​ដូចជា​បួងសួង​សុំ​សេចក្តីសុខ ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ពិធី​ពូន​ភ្នំខ្សាច់ ភូមិ​ខ្ញុំ លេងល្បែង​ប្រជាប្រិយ ល្ខោនបាសាក់ និង​ស្រង់​ព្រះ​»៕