នគរបាល​បាន​ចាប់បញ្ជូន​យុវជន​ញៀន​ថ្នាំ​ម្នាក់​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរបុរី កាលពី​ថ្ងៃទី​ ១២ មេសា ប៉ុន្មាន​ម៉ោង ក្រោយពី​ដុត​ផ្ទះ​ឪពុកម្តាយ​របស់ខ្លួន​ចោល​នៅ​ភូមិ​ទួលសាំង ក ឃុំ​អង្គរបូរី ស្រុក​អង្គរបូរី ខេត្តតាកែវ​។

លោក មៀច ចន្ថា នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ អង្គរបូរី​ឱ្យដឹង​នៅ​ថ្ងៃទី​ ១៣ មេសា ថា យុវជន​ម្នាក់​នោះ​ឈ្មោះ​ ជា ថុន អាយុ​ ២៥​ ឆ្នាំ​។ ប៉ុន្តែ​ផ្ទះ​ដែល​ដុត​ឆេះ​នោះ​ត្រូវបាន​ឪពុកម្តាយ​របស់​ជនសង្ស័យ​ទុកចោល​ប្រហែល​ ៥​ ឆ្នាំ​មកហើយ ដោយ​ម្ចាស់ផ្ទះ​ទៅ​ធ្វើការ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​។ ចំណែក​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន ក្រោយពី​បាន​បង្កហេតុ​ប៉ុន្មាន​ម៉ោង​មុន នៅ​ថ្ងៃទី​ ១២ មេសា​។

លោក​ប្រាប់ថា​៖ «​ជនសង្ស័យ​ខ្ញុំ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរបុរី តាំងពី​ថ្ងៃ​បង្កហេតុ​បាន​ប៉ុន្មាន​ម៉ោង​ម្ល៉េះ​។ រឿងនេះ​បើទោះជា​ផ្ទះ​នោះ​ជា​កម្មសិទ្ធិ​គាត់​ និង​ឪពុកម្តាយ​គាត់​ក្តី តែ​គាត់​ដុតបំផ្លាញ​បែបនេះ​គឺ​ខុសច្បាប់​ហើយ​»​។

លោក​រៀបរាប់​តាម​សម្តី​សាក្សី​នៅ​កន្លែង​កើតហេតុ​ថា ជនសង្ស័យ ឈ្មោះ​ ជា ថុន ម្នាក់នេះ​បានចេញ​ពី​ភូមិ​ទៅធ្វើ​កម្មករសំណង់​ជាច្រើន​ឆ្នាំ​មកហើយ​។ តែ​ពេល​ជិត​បុណ្យ​ឆ្នាំ​ខ្មែរ​នេះ ជនសង្ស័យ​បាន​ត្រឡប់​មកលេង​ស្រុកកំណើត​តែម្នាក់ឯង​ហើយ​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន​ផង​។ លុះ​នៅវេលា​ម៉ោងជាង​ ៦​ ល្ងាច​ថ្ងៃទី​ ១២ មេសា ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​ហើយក៏​ហាក់​មាន​ស្មារតី​មិន​នឹងនរ​ផង​នោះបាន​យក​ភ្លើង​ទៅ​ដុត​ចម្បើង​ក្នុងផ្ទះ​បណ្តាល​ឱ្យ​ឆាបឆេះ​ទាំង​ផ្ទះ​ទៅ​។

លោក​បញ្ជាក់ថា ផ្ទះ​ ១ ​ខ្នង​នោះ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​មាន​ទំហំ​ទទឹង​ប្រវែង​ ៤ ​ម៉ែត្រ និង​មាន​បណ្តោយ​ ៦ ​ម៉ែត្រ ដែល​ត្រូវបាន​ម្តាយ​ឪពុក​របស់​ជនសង្ស័យ​ទុកចោល​ប្រហែល ​៥ ​ឆ្នាំ​មកហើយ​។ ពេល​ឆេះ​នោះ​មិន​បង្ក​ជា​ហានិភ័យ ឬ​គ្រោះថ្នាក់​ដល់​ទ្រព្យសម្បត្តិ​ ឬក៏​អាយុជីវិត​មនុស្ស​ឡើយ​។

លោក​ប្រាប់ថា​៖ «​ក្រោយ​កើតហេតុ កម្លាំង​ខ្ញុំ​បាន​ឃាត់ខ្លួន​គាត់​មក​សាកសួរ ហើយ​គាត់​ឆ្លើយថា ផ្ទះ​នោះ​មិនដឹង​ទុក​ធ្វើ​អី​ផង ព្រោះ​វា​ទ្រុឌទ្រោម​អស់ហើយ​។ អ៊ីចឹង​គាត់​ដុតចោល​តែម្តងទៅ​»៕