ភ្នំពេញៈ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កបប​) ​បន្ត​រកឃើញ​ទំនិញ​ខូចគុណភាព​រាប់រយ​គីឡូក្រាម​ដាក់លក់​នៅលើ​ទីផ្សារ ខណៈ​នៅតាម​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​បន្ត​រកស៊ី​កេងប្រវ័ញ្ច​អ្នកប្រើប្រាស់​ត្រូវបាន​ផាកពិន័យ​ជា​អន្តរការណ៍​។

កកប បានឱ្យដឹងថា នៅ​ថ្ងៃទី​ ១២ ខែមេសា ឆ្នាំ​ ២០២២ មន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន កបប ប្រចាំខេត្ត​បន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង និង​ខេត្តព្រះវិហារ​បន្ត​ចុះ​ត្រួតពិនិត្យ​តាម​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​បាន​ចំនួន ២១ ​ស្ថានីយ​/​ដេប៉ូ ដោយបាន​រកឃើញ​ដេប៉ូ​ចំនួន ៨ មិនមាន​អនុលោមភាព និង​បានធ្វើ​ការពិន័យ​ដល់​ម្ចាស់​ដេប៉ូ​ទាំងនោះ​ផងដែរ​។

ចំណែក ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​មួយចំនួន​ត្រូវបាន​មន្ត្រី​ជំនាញ​រកឃើញ និង​ដកហូត​។

នៅ​ថ្ងៃទី​ ១២ ខែមេសា ឆ្នាំ​ ២០២២ មន្ត្រី​ជំនាញ កបប សាខា​ខេត្តស្វាយរៀង​នៅតែ​បន្ត​យុទ្ធនាការ​ត្រួតពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ​នៅលើ​ទីផ្សារ​ ដើម្បី​ធ្វើឱ្យ​ប្រាកដថា​ទំនិញ​ដែល​ដាក់លក់​ជូន​ប្រជាពលរដ្ឋ​មុន​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​មកដល់ គឺ​មាន​សុវត្ថិភាព​ក្នុងការ​បរិភោគ ក៏ដូចជា​ប្រើប្រាស់​។

កកប បន្តថា តាម​លទ្ធផល​មន្ត្រី​ជំនាញ​បាន​រកឃើញ និង​ដកហូត​បាន​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនួន ២០,៧៤ គីឡូក្រាម មក​រក្សាទុក​ដើម្បី​បន្ត​នីតិវិធី និង​ពិន័យ​អន្តរការណ៍​។

សាខា កបប អមដំណើរ​ដោយ​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​បាន​ដឹកនាំ​មន្ត្រី​របស់ខ្លួន​ចុះ​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព​ទំនិញ​នានា​តាម​បណ្តា​ម៉ាត ផ្សារ ផ្ទះ​ចែកចាយ​ទំនិញ ស្ថិតក្នុង​ក្រុង​កំពត ខេត្តកំពត ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ស្រុក​សំរោង ខេត្តតាកែវ ក្រុងកែប​និង​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប និង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខិតជិត​មក​ដល់​។

យោងតាម​លទ្ធផល​នៃ​ការត្រួតពិនិត្យ​ចាប់ពី​ថ្ងៃទី​ ៨ ដល់​ថ្ងៃទី​ ១១ ខែមេសា ឆ្នាំ​ ២០២២ មន្ត្រី កបប បានធ្វើ​តេស្ត​បឋម​រកសារ​ធាតុគីមី​ហាមឃាត់​លើ​ទំនិញ​ហូបចុក​ចំនួន ៧៣ ​គំរូ ដោយបាន​រកឃើញ​ពពុះសណ្តែក​មាន​លាយ​សារធាតុ​បូរ៉ាក់​ចំនួន ៣ ​គីឡូ និង​បានធ្វើ​ការដកហូត​ទំនិញ​មិនមាន​អនុលោមភាព រួមមាន ភេសជ្ជៈ ឡេ ទំនិញ​ហូបចុក ទំនិញ​វេចខ្ចប់​ស្រេច​ចម្រុះ​សរុប​ចំនួន ២៩៣,៨១ ​គីឡូ​។

គួរបញ្ជាក់​ផងដែរ​ថា ទំនិញ​ដែល​បាន​ដកហូត​ត្រូវបាន​មន្ត្រី​យកមក​រក្សាទុក​នៅ​ទីស្នាក់ការ​សាខា និង​ចំពោះ​អាជីវករ​ដែល​ប្រព្រឹត្ត​កំហុស​បានទទួល​ការពិន័យ​អន្តរការណ៍​៕

វីដេអូ៖