ភ្នំពេញៈ រាជរដ្ឋាភិបាល​សម្រេច​ផ្អាក​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​សម្រាប់​ជុំ​ទី​ ៨ លើក ​ទី​៣ និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២​ ឆាំ្ន ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​រយៈពេល​ ៦​ ថ្ងៃ ចាប់ពី​ថ្ងៃទី​ ១៣-១៨ ខែមេសា​ឆ្នាំ​ ២០២២​។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។

សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃទី​ ១២ ខែមេសា បាន​បន្តថា ក្នុង​អំឡុងពេល​នៃ​ការឈប់​សម្រាក​នេះ​មិន​ប៉ះពាល់​ដល់​ការទទួល​បាន​នូវ​អត្ថប្រយោជន៍​របស់​បងប្អូន​ជា​អ្នកទទួលផល​ឡើយ​។

សេចក្តី​ជូនដំណឹង​បញ្ជាក់ថា​ «​កម្មវិធី​ទាំង ​២ ខាងលើនេះ​នឹង​បន្ត​អនុវត្ត​ជាធម្មតា​ឡើងវិញ​នៅតាម​ឃុំ សង្កាត់ មូលដ្ឋាន​សុខាភិបាល និង​បញ្ជរ​បើកប្រាក់ វីង​ចាប់ពី​ថ្ងៃទី ​១៩ ខែមេសា ឆ្នាំ ​២០២២ តទៅ​»​។

សេចក្តី​ជូនដំណឹង​បន្តទៀត​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ​សូម​សាធារណជន និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​អ្នកទទួល​ផល​ទាំងអស់​មេត្តា​ជ្រាប និង​បន្ត​សហការ​អនុវត្ត ដើម្បីឱ្យ​កម្មវិធី​ខាងលើ​បន្ដ​ដំណើរការ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ​តាម​ផែនការ​គ្រោងទុក ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី ​៦ ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការផ្តល់​អន្តរាគ​មន៍​ជំនួយ​សង្គម​ដល់​ប្រជាជន ពិសេស​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយ​មិន​ទុក​ប្រជាជន​ណាម្នាក់​ចោល ហើយ​មិនមាន​ការយកចិត្ត​ទុកដាក់​នោះឡើយ​។

លោក ឈួរ សុបញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ថ្លែងថា៖ «​នៅវេលា​ម៉ោង ១២ និង ០០ នាទី​យប់​ថ្ងៃទី ​១៣ នេះ ប្រព័ន្ធ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នឹង​ផ្អាក​ដំណើរការ ហើយ​យើង​នឹង​បិទ​ប្រព័ន្ធ​តែម្តង ហើយ​យើង​មិនអាច​ចូលទៅ​ចុះឈ្មោះ ឬ​ចូលទៅ​អនុវត្ត​លក្ខខណ្ឌ​ ដើម្បី​បើក​សាច់ប្រាក់​ណា​ទេ ដោយឡែក​នៅ​ខាង​បញ្ជរ​វីង​ក៏​ធ្វើការ​ផ្អាក​បើក​សាច់ប្រាក់​សម្រាប់​អ្នកទទួលផល​ផងដែរ​»៕

វីដេអូ៖