ភ្នំពេញៈ ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​បានឱ្យ​ដឹងថា​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​នៃ​ក្រសួង​សុខាភិបាល​បាន​ត្រៀម​រួចហើយ​ សម្រាប់​ជួយ​អន្តរាគមន៍​ឱ្យទាន់​ពេលវេលា​ក្នុង​ករណី​មាន​ការផ្ទុះ​នូវ​ការឆ្លង​មេរោគ​កូវីដ​ ១៩​ ណាមួយ​នៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​នៃ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ដូចនេះ កាលពី​ល្ងាច​ថ្ងៃទី​ ១១ ខែមេសា ក្នុងពេល​ចុះ​ទទួល​វ៉ាក់សាំង​កូវីដ​ ១៩ ចំនួន​ ២០ ​ម៉ឺនដូស​ដែលជា​ជំនួយ​ពី​រដ្ឋាភិបាល​និង​ប្រជាជន ឥណ្ឌា​។

លោកស្រី​បាន​មានប្រសាសន៍ថា៖ «​ចំពោះ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​នេះ គឺ​យើង​មាន​ការត្រៀម​ជាប្រចាំ​ផងដែរ មិនមែន​ត្រៀម​តែ​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​នេះ​ទេ​គឺ​យើង​បាន​ត្រៀម​សម្រាប់​គ្រប់​រាជធានី​ខេត្ត​ទាំងអស់ ដោយ​យើង​មាន​ក្រុម​ប្រចាំការ​នៅ​គ្រប់​ទីតាំង​ទាំងអស់​ដែល​ក្នុងនោះ​មាន​ទាំង​មន្ទីរពេទ្យ​ជាតិ មន្ទីរពេទ្យ​ខេត្ត និង​តាម​ស្រុក ដោយ​មាន​ពេទ្យ​ប្រចាំការ​ ២៤ ​ម៉ោង​តែម្តង​»​។

លោកស្រី យក់ សម្បត្តិ បាន​បញ្ជាក់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​លើកឡើង​ជារឿយៗ​ថា ក្រុមគ្រូពេទ្យ​ត្រូវតែមាន​ជាប្រចាំ​ជាដាច់ខាត ហើយ​ប្រសិនបើ​មាន​ការសង្ស័យ​ត្រូវតែ​នាំ​ប្រជាពលរដ្ឋ​ធ្វើ​សំណាក​រក​មេរោគ​កូវីដ​ ១៩ ​ភ្លាមៗ​ផងដែរ​ ដើម្បី​ឱ្យ​ប្រាកដប្រជា​ថា​ការគ្រប់គ្រង​សភាពការណ៍​បាន​ទាន់ពេលវេលា​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​ដូចនេះហើយ ក្រុមគ្រូពេទ្យ​របស់​យើង​នៅ​ប្រចាំការ​ទាំង​នៅ​មន្ទីរពេទ្យ​ និង​មន្ទីរពិសោធន៍ រួមទាំង​នៅតាម​ទីតាំង​ចល័ត​ផ្សេងៗ​ផងដែរ​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃទី​ ១២ ខែមេសា ថា ក្នុង​បរិការណ៍​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​បាន​ថមថយ ដោយ​កម្ពុជា​បាន​គ្រប់គ្រង​ស្ថានការណ៍​នៃ​ការឆ្លង​រាលដាល​បាន​យ៉ាង​ប្រសើរ​។

លោក ហ៊ុន សែន ក៏បាន​រំឭក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​បន្ត​អនុវត្ត​វិធានការ ​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ជាពិសេស​ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នៅ​ថ្ងៃទី​ ១៤-១៦ មេសា ២០២២ ផងដែរ​៕

វីដេអូ៖