ក្រសួងទេសចរណ៍បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការ “​លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់​” ក្នុង​ខេត្ត​ចំនួន ៤ ប៉ុន្តែ​ក្រើនរំឭក​ឱ្យ​បន្ត​ប្រកាន់ខ្ជាប់​វិធានការ​ចាំបាច់​នានា​ក្នុង​ការចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩​។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួងទេសចរណ៍ ចុះ​ថ្ងៃទី​ ១២ ខែមេសា បាន​លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់ នៅ​ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ​។

​សេចក្តីជូនដំណឹង​បន្តថា ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ និង​ធានា​ការធ្វើដំណើរ​កម្សាន្ត​ប្រកបដោយ​សុខ សុវត្ថិភាព​ជូន​ដល់​គ្រប់​ភ្ញៀវទេសចរ និង​តាម​អនុសាសន៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ​១២ ខែ មេសា ឆ្នាំ​ ២០២២ ក្រសួងទេសចរណ៍​សូម​ធ្វើការ​ជូនដំណឹង​ដល់​គ្រប់​ភ្ញៀវទេសចរ និង​សាធារណជន ដូចខាងក្រោម​។​

១ គ្រប់​ភ្ញៀវទេសចរ និង​សាធារណជន​ត្រូវបាន​អនុវត្ត ការលើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់ សម្រាប់​ការធ្វើដំណើរ​ឆ្លងកាត់ និង​ដំណើរ​កម្សាន្ត​នៅក្នុង​ខេត្ត​ចំនួន​ ៤ រួមមាន ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ​។

​សេចក្តីជូនដំណឹង​បន្តថា ៖«​ការលើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់ នៅក្នុង​ខេត្ត​ទាំង​៤​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​ដោយ​ឈរលើ​គោលការណ៍​សម្រេចចិត្ត​ដោយ​ខ្លួនឯង តែ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រៀងៗ​ខ្លួន និង​ត្រូវ​បន្ត​ប្រកាន់ខ្ជាប់​វិធានការ​ចាំបាច់​នានា​ក្នុងការ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ ជំងឺ​កូ​វីដ​​ ១៩ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​»​។

​ក្រសួង​បន្តថា ទី២ គ្រប់​ភ្ញៀវទេសចរ និង​សាធារណជន​ត្រូវ​ចាំបាច់​អនុវត្ត “​កាតព្វកិច្ច​ពាក់​ម៉ាស់​” និង​បន្ត​អនុវត្ត​វិធាន​សុខាភិបាល ពិសេស​វិធានការ​“៣​ការពារ និង ៣​កុំ​” ឱ្យបាន​ខ្ជាប់​ខ្លួន នៅពេល​ធ្វើដំណើរ​ចាកចេញ​ពី​ព្រំប្រទល់​ខេត្ត​ទាំង ​៤​ ខាងលើ​៕