វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩​ ដែលជា​ជំនួយ​ពី​ប្រជាជន​ និង​រដ្ឋាភិបាល​ឥណ្ឌា​ត្រូវបាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ដែលជា​ជំហាន​ទី​ ២ ចំនួន​ ១២៥ ០០០ ដូស នា​ព្រឹក​ថ្ងៃទី​ ១៤ ខែមេសា​នេះ ក្នុង​ចំណោម​វ៉ាក់សាំង​សរុប​ចំនួន​ ៣២៥ ០០០ ដូស ដែល​វ៉ាក់សាំង​ ២០​ ម៉ឺន​ដូស​ត្រូវ​បាន​ដឹក​មកដល់​កាលពី​ថ្ងៃទី ​១១ ខែមេសា កន្លង​ទៅនេះ​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​នៃ​ក្រសួង​សុខាភិបាល​ក៏បាន​អញ្ជើញ​ទទួល​វ៉ាក់សាំង​នេះ នា​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​នេះ​ផងដែរ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១២ ខែមេសា ក្នុង​ពិធី​ប្រគល់​ទទួល​វ៉ាក់សាំង​ជំងឺ​កូវីដ​ ១៩ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ឥណ្ឌា ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​បាន​ថ្លែងថា អំណោយ​វ៉ាក់សាំង​កូវីដ​ ១៩ ​នេះ គឺជា​សក្ខីភាព​ដ៏​ពិតប្រាកដ​នៃ​ចំណងមិត្តភាព និង​សាមគ្គីភាព​រវាង​កម្ពុជា និង​ឥណ្ឌា​ និង​សមាជិក​ដទៃទៀត​នៃ​គំនិត​ផ្ដួចផ្ដើម​នេះ ដែល​រួមមាន​សហរដ្ឋអាមេរិក ជប៉ុន និង​អូស្ត្រាលី​។

លោក​ថា៖ «​កម្ពុជា​សូម​សម្តែង​នូវ​ការអរគុណ និង​ក៏​កោតសរសើរ​ជូន​ដល់​សមាជិក​នៃ​គំនិត​ផ្ដួចផ្ដើម​ចតុភាគី ក៏ដូចជា​បណ្ដា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ប្រទេស តំបន់ និង​សកលលោក​ទាំងមូល ដើម្បី​ធានាបាន​នូវ​ការ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស​នៃ​សកម្មភាព​សង្គម សេដ្ឋកិច្ច​»​។

លោកស្រី ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​បាន​លើកឡើង​នាពេល​នោះដែរ​ថា ដើម្បី​រួមចំណែក​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ​១៩ នៅក្នុង​ប្រទេស​កម្ពុជា រដ្ឋាភិបាល និង​ប្រជាជន​ឥណ្ឌា ផ្តល់ជំនួយ​វ៉ាក់សាំង​កូវីសែល ចំនួន ៣២៥ ០០០ ​ដូស​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​។

លោកស្រី​បាន​បន្ថែមទៀតថា ការផ្តល់​ជំនួយ​វ៉ាក់សាំង គឺជា​ការបង្ហាញ​ពី​ស្មារតី​នៃ​ការជួយ​គ្នា​រវាង​កម្ពុជា និង​ឥណ្ឌា ដែលជា​ប្រទេស​មាន​ចំណង​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ដ៏យូរលង់​មកហើយ​។ ឥណ្ឌា នឹង​បន្ត​ផ្តល់ជំនួយ​វ៉ាក់សាំង​មកកាន់​កម្ពុជា​នាពេល​ក្រោយ​បន្ថែមទៀត បើសិន​កម្ពុជា​ត្រូវការ​៕