វគ្គ​បណ្តុះបណ្តាល​គ្រូបង្ហាត់ និង​មន្ត្រី គ.ជ.ប ស្តីពី​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ ដែល​រៀបចំ​ដោយ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) បានប្រកាស​បិទ​បញ្ចប់ កាលពី​ថ្ងៃទី​ ១៣ ខែមេសា ឆ្នាំ​ ២០២២​។

យោងតាម​សេចក្តី​ប្រកាស​របស់​ គ.ជ.ប បានឱ្យដឹងថា វគ្គ​បណ្តុះបណ្តាល​រយៈពេល ៣ ថ្ងៃ សម្រាប់​គ្រូបង្ហាត់ និង​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​ គ.ជ.ប ​) ស្តីពី​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ ត្រូវបាន​បិទ​បញ្ចប់​នា​រសៀល​ថ្ងៃទី​ ១៣ ខែ មេសា ឆ្នាំ​ ២០២២ នៅ​ទីស្តីការ គ.ជ.ប ក្រោម​អធិបតីភាព​លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ។

ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​នេះ លោក ទេព នីថា បាន​ថ្លែងថា ដើម្បីឱ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​មានការ​ទទួលស្គាល់​ពី​ភាគី​ពាក់ព័ន្ធ​, គ.ជ.ប បាន​កសាង​ប្រតិទិន និង​ផែនការមេ និង​បាន​អនុវត្ត​សម្រេច​ការងារ​តាម​ដំណាក់កាល​។

លោក​បាន​បន្តថា ជាពិសេស​ការអនុម័ត​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ (​ប.ន.ឃ.ស​) ដែលជា​ឯកសារ​គតិយុត្ត​ដ៏សំខាន់​មួយ​សម្រាប់​ការអនុវត្ត​ជាក់ស្តែង​។

លោក ទេព នីថា បាន​គូសបញ្ជាក់​ថា៖ «​ដើម្បី​ជំរុញ​ឱ្យ​ការបោះឆ្នោត​អាច​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​បាន ក្រៅពី​ការកសាង​លិខិតបទដ្ឋាន​គតិយុត្ត​ដែលមាន​លក្ខណៈ​ល្អប្រសើរ និង​គ្រប់​ជ្រុងជ្រោយ​ហើយ​នោះ ការបណ្តុះបណ្តាល បំពាក់បំប៉ន ដើម្បី​ពង្រឹងសមត្ថភាព​របស់​មន្ត្រី​បោះឆ្នោត គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ឱ្យ​មាន​ការយល់ដឹង​ច្បាស់លាស់​អំពី​ច្បាប់ បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត​»​។

លោក​បាន​បន្ថែមថា៖ «​នេះ​គឺជា​កត្តា​សំខាន់​ដែល គ.ជ.ប ត្រូវ​យកចិត្ត​ទុកដាក់​អនុវត្ត​ឱ្យ​ហ្មត់ចត់ ហើយ​នេះ​គឺជា​ហេតុផល​សំខាន់​នាំឱ្យមាន​ការជួបជុំ​គ្នា ដើម្បី​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​។ ផ្អែក​តាម​របាយការណ៍​បូកសរុប​លទ្ធផល​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​ឃើញថា សិក្ខាកាម​ទាំងអស់​មាន​ការ​យល់ដឹង​អំពី​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​បានល្អ​ប្រសើរ​»​។

លោក​ ទេព នីថា បាន​ណែនាំ​ដល់​គ្រូបង្ហាត់​ទាំងអស់​ត្រូវ​ត្រៀម​រៀបចំ​សម្ភារ​ឧបទ្ទេស និង​ត្រៀមលក្ខណៈ ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​បន្ត​នៅ​ថ្នាក់ គ.ជ.ប ជូន​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គធ.ខប​) តំណាង​គណបក្ស​នយោបាយ តំណាង​អង្គការ​សង្កេតការណ៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​តាម​ផែនការ និង​ប្រតិទិន​ដែល​បានកំណត់​។

គួរ​បញ្ជាក់ថា គ.ជ.ប តែងតែ​ធ្វើការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជូន​ដល់​មន្ត្រី​បម្រើ​ការងារ បោះឆ្នោត និង​ភាគី​ពាក់ព័ន្ធ​នានា ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ បូករួម​នឹងធ្វើ​ការផ្សព្វផ្សាយ យ៉ាង​ទូលំទូលាយ ដើម្បី​ត្រៀម​មុន​ដំណាក់កាល​នីមួយៗ​នៃ​ការបោះឆ្នោត​ចូលមក​ដល់​។ ចំពោះ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ នេះ គ.ជ.ប បាន​អនុវត្ត​ការងារ និង​សម្រេចបាន​នូវ​លទ្ធផល​សម្រាប់​ដំណាក់កាល​ទី​ ១ និង​ទី ​២ រួចមកហើយ នោះ​គឺ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ ​២០២១ និង​ការចុះបញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​។

រីឯ​ដំណាក់កាល​ទី ៣ គឺ ការឃោសនាបោះឆ្នោត និង​ដំណាក់កាល​ទី ​៤ គឺ​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត គ.ជ.ប បានគិត​គូរ និង​ត្រៀម​ទុកជាមុន​ដូច​ដែលមាន​វគ្គបណ្តុះបណ្តាល​រយៈពេល ៣ ​ថ្ងៃនេះ​ជា​ឧទាហរណ៍​ស្រាប់​៕