​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​រ៉ី​ម៉ក​ម៉ូតូ ទៅលេង​ស្រុកកំណើត ដើម្បី​ជួបជុំ​ក្រុមគ្រួសារ សាច់ញាតិ ដែល​នៅតាម​បណ្ដា​ខេត្ត​ឆ្ងាយៗ គប្បី​នាំយក​អាវ​ភ្លៀង​តាម​ជាប់​ជាមួយ​ទើប​ជាការ​ប្រសើរ ព្រោះ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​ ១៩ ខែមេសា​នេះ នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​បក់បោក​ខ្លាំង​ផងដែរ​។ នេះ​បើ​យោងតាម​ការព្យាករណ៍​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​កាលពី​ម្សិលមិញ ក្រសួង​ធនធានទឹក និង ឧតុនិយម បាន​ផ្សព្វផ្សាយ​ថា ក្នុងអំឡុងពេល​ពេញ​១​សប្ដាហ៍​នេះ ជ្រលង​សម្ពាធ​ទាប​ពី​ឥណ្ឌា នឹង​បង្កើន​ឥទ្ធិពល​មកលើ​កម្ពុជា ខណៈ​សីតុណ្ហភាព​ផ្ទៃដី​ឡើង​កំដៅ ធ្វើឱ្យ​ហប់​ខ្យល់ បង្កើតបានជា​បាតុភូត​ទែ​ម៉ូ​ឌីណាមិច (Thermodynamic) ដែល​នឹង​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់​ទីកន្លែង ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន លាយឡំ​ដោយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​បង្ហើយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​។

​ដោយឡែក​ចាប់ពី​ថ្ងៃទី​១៧-១៩ ខែមេសា សីតុណ្ហភាព​អតិបរមា និង​ភ្លៀង​ក៏​នឹង​ចុះថមថយ​បន្តិច​វិញ​ផងដែរ​។​

​តាមរយៈ​ការព្យាករណ៍​នេះ អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង ឧតុនិយម លោក ចាន់ យុ​ត្ថា បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត តាម​ម៉ូតូ និង​រ៉ឺម៉ក​មូ​តូ ដើម្បី​ទៅ​ចូលរួម​រីករាយ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​។ ត្រូវ​នាំទៅ​ជាមួយ​នូវ​អាវ​ភ្លៀង ឬ ក្រណាត់​កៅស៊ូ ដើម្បី​ការពារ​ការ​ទទឹក ទឹកភ្លៀង ដែល​អាចឱ្យ​កើតមាន​ជំងឺ​គ្រុនផ្ដាសាយ ឬ ជំងឺ​ផ្សេងៗ​ទៀត​បាន​។​

​លោក​បញ្ជាក់ថា​៖«​រដូវ​នេះ​ជា​រដូវ​បុណ្យចូលឆ្នាំ បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយចំនួន នាំគ្នា​ទៅ លេង​ស្រុកកំណើត ដោយ​ជិះ​ម៉ូតូ ឬ រ៉ឺម៉ក​ម៉ូតូ​ផ្ទាល់ខ្លួន អ៊ីចឹង​គប្បី​ត្រូវ​នាំយក​អាវ​ភ្លៀង ឬ កំណាត់​កៅស៊ូ​ទៅជា​មួយ ដើម្បី​ការពារ​កុំ​[​ឱ្យ​ត្រូវ​] ទឹកភ្លៀង​ជាការ​ល្អ​»​។

​ដោយឡែក ក្រុម​ជំនាញ​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា (IPCC) កាលពីពេល​ថ្មីៗ​នេះ បាន​អំពាវនាវ​ឱ្យ​ពិភពលោក​រួសរាន់ ពួតដៃគ្នា​ចូលរួម​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ បើ​មនុស្ស​ក្នុង​ពិភពលោក​មិន​ចង់ឃើញ​ផែនដី​ឡើងក​ម្តៅ​លើសពី ១,៥​អង្សារ ធៀប​នឹង​សម័យមុន​ឧស្សាហកម្ម​នោះទេ​។​

​នៅក្នុង​របាយការណ៍​វគ្គ​៣​របស់ខ្លួន ស្ដីពី «​យុទ្ធនាការ​ប្រឆាំងនឹង​ការកើនឡើង​កម្តៅ​ភពផែនដី​» ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២២​នេះ​។ ក្រុម​ជំនាញការ IPCC បាន​ព្រមាន​ទុកជាមុន​ថា​«​នៅក្នុង​រឿង​អាកាសធាតុ​នេះ ពិសេស​រឿង​ការឡើង​កម្តៅ​ផែនដី ពិភពលោក​អស់​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​រង់ចាំ​ទៀតឡើយ​។ ជម្រើស​មានតែ​២​គត់ ១​គឺ​ត្រូវ​ចាត់វិធានការ​ចាស់ដៃ និង​ភ្លាមៗ​ពី​ឥឡូវនេះ​តែម្ដង ដើម្បី​អនាគត​ពិភពលោក​មួយ​ដែល​ទាំងអស់គ្នា​អាច​បន្ត​ជ្រកកោន​បាន​។ ចំណែក​មួយវិញទៀត គឺ​ត្រូវស្លាប់​ទាំងអស់គ្នា​»៕

វីដេអូ៖