The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រ​សួង​សុខាភិបាល​ឱ្យ​អាជ្ញាធរ​រាជធានី​-​ខេត្ត ​ជំរុញ​ការចាក់​វ៉ាក់សាំង​នៅតាម​វត្ត​អារាម ​និង​តំបន់​កម្សាន្ត​ក្នុងអំឡុងពេល​ចូលឆ្នាំ​ខែ្មរ​

ក្រ​សួង​សុខាភិបាល​ឱ្យ​អាជ្ញាធរ​រាជធានី​-​ខេត្ត ​ជំរុញ​ការចាក់​វ៉ាក់សាំង​នៅតាម​វត្ត​អារាម ​និង​តំបន់​កម្សាន្ត​ក្នុងអំឡុងពេល​ចូលឆ្នាំ​ខែ្មរ​

Content image - Phnom Penh Post
សកម្មភាព​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ ក្នុង​ពេល​ចូលឆ្នាំ​ខ្មែរ​ នៅ​ខេត្ត​កំពង់ធំ។ រូបថត ក្រសួង​សុខាភិបាល

ក្រ​សួង​សុខាភិបាល​ឱ្យ​អាជ្ញាធរ​រាជធានី​-​ខេត្ត ​ជំរុញ​ការចាក់​វ៉ាក់សាំង​នៅតាម​វត្ត​អារាម ​និង​តំបន់​កម្សាន្ត​ក្នុងអំឡុងពេល​ចូលឆ្នាំ​ខែ្មរ​

ភ្នំពេញៈ ក្រសួងសុខាភិបាល​បាន​ណែនាំ​ដល់​អភិបាល​រាជធានី​-​ខេត្ត ​ទាំង ​២៥ ត្រូវ​ពង្រឹង​និង​បន្ត​ជំរុញ​ការចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ ដូ​ស​មូលដ្ឋាន ដូ​ស​ជំរុញ ទាំង​ដូ​ស​ទី​៣ និង​ដូ​ស​ទី​៤ ដោយ​ធ្វើ​យុទ្ធនា​ការចុះ​ចាក់​វ៉ាក់សាំង​នៅតាម​ទី​វត្ត​អារាម និង​នៅតាម​តំបន់​កម្សាន្ត​សំខាន់ៗ​ក្នុងអំឡុងពេល​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ចាប់ពី​ថ្ងៃទី ​១៣ ដល់​ថ្ងៃទី ​១៧ ខែ មេសា ឆ្នាំ ​២០២២​។

​ក្នុង​សេចក្តីណែនាំ​របស់លោក​ស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ ​១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) ចុះ​ថ្ងៃទី ១២ ខែមេសា បានឱ្យដឹងថា គ​.​វ​.​ក​-១៩ នឹង​បញ្ជូន​ក្រុមគ្រូពេទ្យ​យុវជនស្ម័គ្រចិត្ត ចុះ​ចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ ដូ​ស​មូលដ្ឋាន ដូ​ស​ជំរុញ ទាំង​ដូ​ស​ទី​៣ និង​ដូ​ស​ទី​៤ នៅតាម​ខ្នង​ផ្ទះ​ក្នុងភូមិ​សាស្ត្រ នៃ​ខេត្តកំពង់ចាម កំពត ព្រៃវែង កំពង់ឆ្នាំង ត្បូងឃ្មុំ កំពង់ធំ ពោធិ៍សាត់ ស្វាយរៀង ស្ទឹងត្រែង និង​ក្រចេះ ចាប់ពី​ថ្ងៃទី​ ១៥ ខែ មេសា ឆ្នាំ ​២០២២។

​សេចក្តីណែនាំ​បន្តថា រដ្ឋបាលខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ត្រូវ​រួមសហការ​សម្របសម្រួល និង​កៀរគរ​ប្រជាពលរដ្ឋ ក្នុង​យុទ្ធនា​ការចុះ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យមាន​ប្រសិទ្ធភាព និង​ទទួលបាន​លទ្ធផល​ល្អ​។

​ចំណែក​ក្រុមគ្រូពេទ្យ នៃ​ក្រសួងការពារជាតិ នឹងធ្វើ​យុទ្ធនា​ការចុះ​ចាក់​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ និង​រោងចក្រ​​សហគ្រាស​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពង់ស្ពឺ បាត់ដំបង និង​បន្ទាយមានជ័យ ដើម្បី​ចាក់​វ៉ាក់សាំង​កូ​វីដ ​១៩ ដូ​ស​មូលដ្ឋាន (​ដូ​ស​ទី​១ និង​ដូ​ស​ទី​២) និង​ដូ​ស​ជំរុញ (​ដូ​ស​ទី​៣ និង​ដូ​ស​ទី​៤) ដោយ​រដ្ឋបាល​រាជធានី​-​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ត្រូវ​រួមសហការ​សម្របសម្រួល និង​កៀរគរ​ប្រជាពលរដ្ឋ ក្នុង​យុទ្ធនា​ការចុះ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យមាន​ប្រសិទ្ធភាព និង​ទទួលបាន​លទ្ធផល​ល្អ​។​

សេចក្តីណែនាំ​ដដែល​បាន​បញ្ជាក់ថា ចំពោះ​ខេត្ត​ផ្សេងទៀត​ដែល​មិនបាន​រៀបរាប់​ឈ្មោះ​ខាងលើ ត្រូវ​ទទួលខុសត្រូវ​ក្នុងការ​ជំរុញ​ធ្វើ​យុទ្ធនា​ការចុះ​ចាក់​តាម​ខ្នង​ផ្ទះ ដោយ​ប្រើប្រាស់​កម្លាំង​គ្រូពេទ្យ​នៅតាម​មូលដ្ឋាន​សុខាភិបាល ឬ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នានា​ដែលមាន​នៅក្នុង​ខេត្ត ដោយ​ត្រូវមាន​ផែនការ​ច្បាស់លាស់ និង​មានការ​ឯកភាព​ជាមុន​ពី គ​.​វក​-១៩ ធ្វើយ៉ាងណា​ឱ្យ​វ៉ាក់សាំង​កូ​វីដ​១៩ បាន​ស្រោចស្រព​ពេញលេញ​ជូន​ប្រជាជន​នៃ​ដែន​សមត្ថកិច្ច​របស់ខ្លួន​ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ (​ទាំង​ដូ​ស​ទី​៣ និង​ដូ​ស​ទី​៤) ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់​ចាក់​ជូន​កម្មករ កម្មការិនី នៅតាម​រោងចក្រ និង​សហគ្រាស​នៅក្នុង​ដែន​សមត្ថកិច្ច​នៃ រដ្ឋបាលខេត្ត​រៀងៗ​ខ្លួន​។

តាមរយៈ​សេចក្តីណែនាំ​នេះ ក្រសួងសុខាភិបាល ស្នើឱ្យ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​គ្រប់គ្រង និង​ប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​១៩ ដែល​ទទួលបាន​ពី​ឃ្លាំង​ឱសថ​កណ្តាល នៃ​ក្រសួងសុខាភិបាល ដោយ​ប្រើប្រាស់​ឱ្យអស់ កុំឱ្យ​សល់ និង​កុំឱ្យ​ហួស​កាលបរិច្ឆេទ​នៃ​សុពលភាព​ប្រើប្រាស់​។

ក្រសួង​បាន​គូសបញ្ជាក់ថា ការធ្វើ​យុទ្ធនាការ​ដូច​បាន​ណែនាំ​ខាងលើនេះ ត្រូវអនុវត្ត​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​ដល់​គ្រប់​ក្រុម​អាយុ​ចាប់ពី​៣​ឆ្នាំ ឡើងទៅ ហើយ​អ្នក​ដែល​ដល់​វេន​ចាក់​ដូ​ស​ជំរុញ (​ទាំង​ដូ​ស​ទី​៣ និង​ដូ​ស​ទី​៤) ក៏ត្រូវ​ផ្ដល់​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​ដល់​ពួកគាត់ សំដៅ​ពង្រឹង និង​បង្កើន​ភាពស៊ាំ​របស់​បុគ្គ​ល និង​សហគមន៍​ឱ្យបាន​រឹងមាំ ទប់ស្កាត់បាន​ទាន់ពេលវេលា ពី​ការវាយលុក​ធ្ងន់ធ្ងរ​នៃ​វីរុស​កូ​វីដ​១៩​ជាពិសេស​ពពួក​បំប្លែង​ខ្លួន​ថ្មីៗ​ដើម្បី​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ការរស់នៅ​ជាធម្មតា​ក្នុង​ប្រក្រតីភាព​ថ្មី​បានជា​និរន្តរ៍​តរៀង​ទៅ​៕

អត្ថបទគួរចាប់អារម្មណ៍