តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី លី អៃឡែន បានឱ្យដឹងថា នៅពេល​ចូលរួម​រីករាយ​ជាមួយ​គ្រួសារ និង​មិត្តភក្តិ​ត្រូវ​ចងចាំ​ទាំងអស់គ្នា​ថា អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​នោះ​គឺ​មនុស្ស​ដែលមាន​វ័យ​ចំណាស់ អ្នក​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ បុគ្គលិក​សុខាភិបាល និង​ស្ត្រី​មាន​ផ្ទៃពោះ​។

លោកស្រី​បានលើក​ឡើង​តាមរយៈ​សារ​ជូនពរ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ទទួលបាន​នូវ​សេចក្ដីសុខ សុវត្ថិភាព សុខភាព​ល្អ និង​សិរី​សួស្ដី នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​នេះ ដែល​លោកស្រី​ថា ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ​គឺ​ឱកាស​ដ៏វិសេសវិសាល បន្ទាប់ពី​មានការ​រាតត្បាត​ជាសកល​នៃ​ជំងឺ​កូវីដ​ ១៩ ជាង​ ២ ​ឆ្នាំ​កន្លង​មកនេះ​។

ក្នុងនាម​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី​ពិតជា​មាន​ក្ដីរំភើប​រីករាយ សូម​ចូលរួម​ប្រារព្ធ​ពិធី​អបអរសាទរ​ឆ្នាំ​ថ្មី​នេះ​ជាមួយ​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​លោកស្រី​យល់​យ៉ាងច្បាស់​អំពី​សារៈសំខាន់​ក្នុងការ​ជួបជុំគ្នា​ជាថ្មី​ម្ដងទៀត​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​នាឱកាស​ដ៏មាន​សារៈសំខាន់​មួយ​នេះ​។

លោកស្រី លី អៃឡែន មាន​ប្រសាសន៍​ថា៖ យើង​គួរ​ជួបជុំគ្នា និង​រីករាយ​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ដ៏សំខាន់​នេះ ដោយ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​សុវត្ថិភាព ដើម្បី​ការពារ​មនុស្ស​ជាទីស្រលាញ់​របស់​យើង​ពី​ជំងឺ​កូវីដ​ ១៩​។ នៅពេល​ចូលរួម​រីករាយ​ជាមួយ​គ្រួសារ និង​មិត្តភក្តិ យើង​ត្រូវ​ចងចាំ​ទាំងអស់​គ្នា​ថា អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​នោះ​គឺ​មនុស្ស​ដែលមាន​វ័យ​ចំណាស់ អ្នក​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ បុគ្គលិក​សុខាភិបាល និង​ស្ត្រី​មាន​ផ្ទៃពោះ​»​។

លោកស្រី​បន្តថា៖ «​យើងទាំងអស់គ្នា​សុទ្ធសឹង​តែមាន​ក្រុមមនុស្ស​ងាយ​រងគ្រោះ​ទាំងនេះ​នៅក្នុង​គ្រួសារ និង​សហគមន៍​របស់​យើង ហើយ​យើង​គឺជា​អ្នកសម្រេចចិត្ត​ក្នុងការ​ការពារ​ពួកគេ​។ កិច្ចខិតខំ​ប្រឹងប្រែង​របស់​អ្នក​ទាំងអស់​គ្នា​នៅក្នុង​ការទទួល​បានការ​ចាក់​វ៉ាក់សាំង​ពេញលេញ និង​ការអនុវត្ត​វិធានការ ៣ ​កុំ ៣ ​ការពារ ដែលជា​វិធានការ​ការពារ​ជំងឺ​កូវីដ​ ១៩ របស់​ប្រទេស​កម្ពុជា គឺ​ពិត​ជា​មាន​ប្រសិទ្ធភាព ហើយ​នេះ​គឺជា​មូលហេតុ​ដ៏ចម្បង​ដែល​យើង​អាច​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ក្នុង​ឆ្នាំនេះ​បាន​»​។

ជាការ​ពិតណាស់ ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​នេះ គឺ​មិនទាន់​ចប់​នៅឡើយ​នោះទេ ហើយ​វីរុស​នេះ​នៅតែ​បន្ត​ឆ្លង​នៅ​ជុំវិញ​ពិភពលោក​ក្នុង​នោះ​រាប់បញ្ចូល​ទាំង​ប្រទេស​កម្ពុជា​ផងដែរ​។ ត្រូវ​បន្ត​រក្សា​នូវ​ការប្រុងប្រយ័ត្ន និង​ការពារ​ការកើនឡើង​នៃ​ជំងឺ​នេះ​ម្ដងទៀត​នៅក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដូច្នេះ​ត្រូវ​បន្ត​រួមចំណែក​ក្នុង​ការគ្រប់គ្រង​ជំងឺ​កូវីដ​ ១៩​ប្រកប​ដោយ​និរន្តរភាព និង​បើក​ដំណើរការ​ប្រទេស​កម្ពុជា​ប្រកប​ដោយ​ភាពជោគជ័យ​៕

វីដេអូ៖