​ភ្នំពេញៈ​ កម្ពុជា​កំពុង​ប្រារព្ធ​ទិវា​សប្ដាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៣ ពីថ្ងៃ​ទី ​៧ ដល់​ថ្ងៃទី ​១៤ ខែមេសា ខណៈ​ជា​រៀងរាល់ឆ្នាំ ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍​នៅ​កម្ពុជា តែងតែ​កើតមានឡើង​ច្រើន ក្នុងឱកាស​បុណ្យប្រពៃណី​ជាតិ​ធំៗ ពិសេស​បុណ្យចូលឆ្នាំ​ខ្មែរ និង​បុណ្យ​ភ្ជុំបិណ្ឌ​។​

​ក្នុង​ត្រីមាស​ទី​១​ ឆ្នាំនេះ ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង​ក្នុង​អត្រា​ខ្ពស់​បណ្ដាល​ឱ្យស្លាប់ និង​របួស​ច្រើនជាង​គ្រោះថ្នាក់ សង្គម​នានា​ដែល​ក្នុង​ ១ ​ថ្ងៃ​មាន​អ្នកស្លាប់ ៥​ នាក់ និង​របួស​ ១៤ ​នាក់​។​

​នេះ​បើតាម​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ថ្លែង​ក្នុងពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​សប្ដាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លើក​ទី​១៣ ប្រារព្ធ​ឡើង​នៅ​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២២​។​

​លោក​បាន​ថ្លែងថា ទិវា​សប្ដាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នេះ ផ្ដួចផ្ដើមឡើង​ដោយ​អង្គការ​សហ​ប្រជា​តិ និង​បានកំណត់​យក​ខែឧសភា​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ប្រារព្ធ​ទិវា​នេះ​ឡើង​នៅតាម​ប្រទេស​នានា​ទូទាំង​ពិភពលោក ដើម្បី​ជាការ​ក្រើនរំឭក​ប្រជាពលរដ្ឋ ពិសេស​ប្រទេស​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក រួមទាំង​កម្ពុជា​ដោយ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​សុវត្ថិភាព​ចរាចរណ៍​។​

​លោក​បន្តថា ឆ្នាំនេះ​ជា​ឆ្នាំ​ទី​១៣ ហើយ​ដែល​កម្ពុជា និង​បណ្ដា​ប្រទេស​ផ្សេងទៀត​បានរៀបចំ​ទិវា​នេះ ក្រោម​ការលើកទឹកចិត្ត និង​ឧបត្ថម្ភ​គាំទ្រ​របស់​រាជរដ្ឋាភិបាល​ដែលមាន លោកនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន ជា​ប្រមុខ ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​មហន្តរាយ​ដល់ អាយុ​វ​ជីវិត​មនុស្ស ការបាត់បង់​កាយសម្បទា ខូចខាត​ទ្រព្យសម្បត្តិ ព្រមទាំង​បំផុសស្មារតី​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​។​

​លោក ស ខេង បញ្ជាក់ថា​៖«​ជា​រៀងរាល់ឆ្នាំ ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍​នៅ​កម្ពុជា តែងតែ​កើតមានឡើង​ច្រើន ក្នុងឱកាស​បុណ្យប្រពៃណី​ជាតិ​ធំៗ ពិសេស​បុណ្យចូលឆ្នាំ​ខ្មែរ និង​បុណ្យ​ភ្ជុំបិណ្ឌ ដូច្នេះហើយ​ទើប​រាជរដ្ឋាភិបាល​បានកំណត់​ជា​ផ្លូវការ និង​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​យក​កាលបរិច្ឆេទ​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១៤ ខែមេសា​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ប្រារព្ធ​ទិវា​សប្ដាហ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​»​។​

​លោក​បន្ថែមថា ការកំណត់​រៀបចំ​នេះ គឺ​ដើម្បី​ក្រើនរំឭក និង​ពញាក់​អារម្មណ៍​ឱ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​គោរព​ច្បាប់ មាន​សីលធម៌​យោគយល់ អធ្យាស្រ័យ​គ្រប់ពេល​ធ្វើដំណើរ​លើ​ដងផ្លូវ នាំមក​នូវ​សុវត្ថិភាព​ក្នុងការ​រីករាយ​ជួបជុំ​គ្រួសារ​ក្នុង​សង្គមជាតិ ដែល​កំពុងមាន​សុខសន្តិភាព មានការ​អភិវឌ្ឍ​គ្រប់​វិស័យ មាន​កំណើនសេដ្ឋកិច្ច ពិសេស​មាន​ផ្លូវ ស្ពាន​ត​ភ្ជាប់​គ្រប់​តំបន់ និង​ជាមួយ​បណ្ដា​ប្រទេស​នានា ហើយ​ប្រជាពលរដ្ឋ​ក៏មាន​លទ្ធភាព​ទិញ​មធ្យោបាយ​ធ្វើដំណើរ​កាន់តែច្រើន​។​

​លោក​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង​របស់​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក មន្ត្រី​សាធារណការ​ដឹកជញ្ជូន ដែល​បាន​តស៊ូ​លះបង់​យ៉ាង​ស្វិតស្វាញ បំពេញ​តួនាទី ភារកិច្ច​រក្សា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​មនសិការ​ខ្ពស់ ធ្វើឱ្យ​ចំនួន​គ្រោះថ្នាក់ អ្នកស្លាប់ និង​អ្នករងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ បាន​ថយចុះ គួរឱ្យ​មោទនភាព​។

​លោក​ក៏បាន​កោតសរសើរ​និង​លើកទឹកចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដែល​បានរួម​ចំណែក​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការផ្សព្វផ្សាយ​អប់រំ​ច្បាប់ ការសង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក និង​កិច្ច​ការសំខាន់ៗ​ជាច្រើន​ទៀត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​លោក​បញ្ជាក់ថា​៖«​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ជា​បញ្ហា​ប្រឈម​យូរអង្វែង ជាក់ស្ដែង​បើទោះបីជា​មានការ​ថយចុះ​នៅ​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ក៏ដោយ ប៉ុន្តែ​និន្នាការ​នេះ​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​នៅ​ឆ្នាំ​២០២២ នេះ ពិសេស​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០២២​នេះ​ដែល​គ្រោះថ្នាក់​បាន​កើនឡើង​ក្នុង​អត្រា​ខ្ពស់ បណ្ដាលឱ្យ​ស្លាប់ និង​របួស​ច្រើនជាង​គ្រោះថ្នាក់​សង្គម​នានា ក្នុងនោះ​ក្នុង​១​ថ្ងៃ​មាន​អ្នកស្លាប់ ៥​នាក់ និង​របួស​១៤​នាក់​»​។​

​នៅក្នុង​ពិធី​នេះ លោក សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បានធ្វើ​របាយការណ៍​អំពី​ស្ថានភាព​ផ្លូវ ស្ពាន និង​ស្ថានភាព​ចរាចរណ៍​នៅក្នុង​ខេត្តបាត់ដំបង ក្នុង​ឆ្នាំ​២០២១ ដោយ​ខេត្ត​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ សរុប​១២៧ លើក ស្លាប់ ៧៤ នាក់ របួស ២១៤ នាក់ ធៀប​ឆ្នាំ​២០២០ ថយចុះ ៦២ ករណី ស្លាប់​ថយចុះ​១២ នាក់ របួស​ថយចុះ ១០៩ នាក់​៕