ភ្នំពេញៈ អគ្គមេបញ្ជាការ​នៃ​កងបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ លោក វង្ស ពិសេន បាន​លើកឡើងថា កងយោធពល​ខេមរភូមិន្ទ​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការអនុវត្ត​រាល់​បទបញ្ជា​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់ បង្ក្រាប​សកម្មភាព​ខុស​ច្បាប់​នានា រួមចំណែក​ក្នុង​ការជួយសង្គ្រោះ​ប្រជាជន​ពី​គ្រោះមហន្តរាយ​នានា​ និង​សហការ​ទប់ស្កាត់ បង្ការ ការពារ និង​ចូលរួម​ព្យាបាល​ជំងឺ​កូវីដ​ ១៩​។

លោក​បានលើកឡើង​ដូចនេះ​ក្នុង​សារ​ជូនពរ​ដែល​លោក​បាន​ផ្ញើជូន​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​នៃ​កងយោធពល​ខេមរភូមិន្ទ ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ ២០២២​ នេះ​។

លោក​ថា៖ «​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​នៃ​កងយោធពល​ខេមរភូមិន្ទ​កាលពី​ឆ្នាំ​កន្លង​ទៅបាន​ខិតខំ​ពុះពារ​ជម្នះ​រាល់​ការលំបាក ធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាង ដើម្បី​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​សង្គម ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ មាតុភូមិ​ជាទី​ស្នេហា​នៃ​យើង​»​។

លោក​បាន​បន្ដថា នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​បាន​ចូលរួម​អនុវត្ត​យ៉ាងសកម្ម​នូវ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ អគ្គបញ្ជាការ សំដៅ​កសាង​កងយោធពល​ខេមរភូមិន្ទ ឱ្យបាន​រឹងមាំ​រៀបរយ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​ក្នុង​កិច្ចការពារជាតិ​។

លោក វង្ស ពិសេន បាន​បញ្ជាក់ថា៖ «​កងយោធពល​ខេមរភូមិន្ទ​បាន​រួម​ចំណែក​យ៉ាងសកម្ម​អនុវត្ត​រាល់​បទបញ្ជា​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​បង្ក្រាប​សកម្មភាព​ខុសច្បាប់​នានា ដូចជា បទល្មើស​ព្រៃឈើ បទល្មើស​នេសាទ ការជួញដូរ​ផ្លូវភេទ គ្រឿងញៀន​…​។ លើសពីនេះ​បាន​សហការ​ជួយ​ដល់​គ្រួសារ ​យោធិន ពលី ជន​បាត់បង់​សមត្ថភាព​ការងារ និង​ពង្រឹង​ការចង​​សម្ព័ន្ធ​មេត្រីភាព​រវាង​អង្គភាព​កងទ័ព​ជាមួយ​ក្រសួង​ស្ថាប័ន​ស៊ីវិល ក្នុង​គោលដៅ​កសាង​ពង្រឹង​ខឿន​ការពារជាតិ​ឱ្យ​កាន់តែ​រឹងមាំ​»​។

សមិទ្ធផល​ដ៏ធំធេង​ដែល​សម្រេចបាន​កន្លងមក គឺ​អាស្រ័យ​ដោយ​ការខិតខំ​ប្រឹងប្រែង​ពុំ​ខ្លាច​នឿយហត់ និង​ការធ្វើ​ពលិកម្ម​ដ៏ថ្លៃថ្លា​របស់​នាយទាហាន នាយទាហានរង​ និង​ពលទាហាន​ទាំងអស់​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រោម​ការដឹកនាំ​ដ៏ត្រឹមត្រូវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ នេះ​ជាការ​បញ្ជាក់បន្ថែម​ពី​លោក វង្ស ពិសេន​៕