ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស លោកស្រី ឱ វណ្ណឌីន បាន​ធ្វើការ​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​ ១៤ ខែមេសា​នេះ​។

លោកស្រី​បាន​សរសេរ​លើ​បណ្តាញ​ធ្វី​ធើរ​របស់​លោកស្រី​ថា សូម​ប្រសិទ្ធិ​ពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ និង​ចម្រើន​រុងរឿង​ជា​និរន្តរ៍ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំ ២០២២ ​នេះ ប្រកប​ដោយ​សុវត្ថិភាព​។

លោកស្រី ឱ វណ្ណឌីន បាន​បន្ថែមថា៖ «​សង្ឃឹមថា មេរោគ​កូវីដ​ ១៩ នឹងមិន​ធ្វើដំណើរ​ជាមួយ​អ្នក​ត្រឡប់​ទៅផ្ទះ​វិញ​ទេ​។ សូម​ថែទាំ​ចាស់ជរា និង​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​!»​។

ទន្ទឹម​នឹង​នេះដែរ លោកស្រី​បាន​ថ្លែងអំណរគុណ​ និង​កោតសរសើរ​ចំពោះ​ក្រុមគ្រូពេទ្យ​ទាំង​រាជធានី​ និង​ខេត្ត​នានា​ដែល​បាន​យកចិត្ត​ទុកដាក់​ផ្តល់​សេវា​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដល់​ប្រជាពលរដ្ឋ ពិសេស​ជន​វ័យចាស់ និង​កុមារ ដើម្បី​ពង្រឹង​ភាពស៊ាំ​បុគ្គល និង​សហគមន៍​។

តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា លោកស្រី លី អៃឡែន បាន​ធ្វើការ​ជូនពរ​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ​ផងដែរ ដោយ​លោកស្រី​បាន​លើកឡើង​ថា បន្ទាប់ពី​មាន​ជំងឺ​រាតត្បាត​ជា​សកល​អស់​រយៈពេល​ជាង​ ២ ​ឆ្នាំ​កន្លងមកនេះ ទាំងអស់​គ្នា​ដឹង​យ៉ាងច្បាស់​អំពី​វិធានការ​រក្សា​សុវត្ថិភាព​ដល់​គ្នា​ទៅវិញ​ទៅមក​។

លោកស្រី​បានឱ្យ​ដឹងថា កិច្ចខិតខំ​ប្រឹងប្រែង​របស់​អ្នក​ទាំងអស់​គ្នា​នៅក្នុង​ការទទួល​បាន​ការចាក់​វ៉ាក់សាំង​ពេញលេញ និង​ការអនុវត្ត​វិធានការ ៣ ​កុំ ៣ ​ការពារ ដែលជា​វិធានការ​ការពារ​ជំងឺ​កូវីដ​ ១៩ របស់​ប្រទេស​កម្ពុជា គឺ​ពិត​ជា​មាន​ប្រសិទ្ធភាព ហើយ​នេះ​គឺជា​មូលហេតុ​ដ៏ចម្បង​ដែល​គ្រប់គ្នា​អាច​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ក្នុង​ឆ្នាំនេះ​បាន​។

ជា​ការពិត​ណាស់ ការ​រាតត្បាត​ជាសកល​នៃ​ជំងឺ​នេះ គឺ​មិនទាន់​ចប់​នៅឡើយ​នោះទេ ហើយ​វីរុស​នេះ​នៅតែ​បន្ត​ឆ្លង​។ លោកស្រី លី អៃឡែន បាន​បញ្ជាក់ថា ៖ «​សមិទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ នេះ គឺ​ពិតជា​គួរឱ្យ​កត់សម្គាល់ និង​គួរឱ្យ​កោតសរសើរ​បំផុត​។ ឥឡូវនេះ ការចាក់​ដូស​ជំរុញ គឺ​ពិតជា​ពេលវេលា​ដ៏ត្រឹមត្រូវ និង​កាន់តែ​មាន​សារៈសំខាន់​សម្រាប់​សមាជិក​គ្រួសារ​ដែលមាន​វ័យ​ចំណាស់ និង​អ្នក​ដែលមាន​ជំងឺ​ប្រចាំកាយ​»​។

តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​រូបនេះ​បាន​បន្ថែមថា ការដែល​សមាជិក​ដែល​គ្រប់​លក្ខខណ្ឌ​ទាំងអស់​បាន​ចាក់​វ៉ាក់សាំង​បាន​ពេញលេញ​នឹង​ជួយ​បន្ធូរបន្ថយ​ហានិភ័យ​នៅពេល​ជួបជុំគ្នា​។ ការទទួល​បាន​ដូស​ជំរុញ គឺមាន​ការចាំបាច់​ជាខ្លាំង​ក្នុង​ការពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ដែល​ចាំបាច់​ដើម្បី​ការពារ​ពី​ការធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ និង​ការចូល​សម្រាក​ពេទ្យ​។

លោកស្រី​ថា៖ «​សូម​ប្រជាជន​ទាំងអស់​គ្នា​គិតគូរ​អំពី​ទីតាំង​ល្អ​បំផុត និង​សុវត្ថិភាព​បំផុត​ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ​។ ទីតាំង​ខាងក្រៅ​ដែលមាន​ខ្យល់អាកាស​បរិសុទ្ធ ឬ​កន្លែង​ដែលមាន​លំហូរ​ខ្យល់​ចេញចូល​ល្អ គឺជា​ជម្រើស​ទីតាំង​ដ៏ល្អ និង​មាន​សុវត្ថិភាព​សម្រាប់​គ្រួសារ និង​មិត្តភក្តិ​ទាំងអស់គ្នា​»​។

លោកស្រី លី អៃឡែន​បានបង្ហាញ​ពី​ក្តី​សប្បាយ​រីករាយ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដែល​លោកស្រី​ថា​នេះ​គឺជា​ការអបអរសាទរ​ដ៏សំខាន់​មួយ ហើយ​លោកស្រី​ពិតជា​មាន​ក្ដីរំភើប​ក្នុង​ការស្ថិត​នៅ​ក្នុងប្រទេស​ដ៏ល្អ​អស្ចារ្យ​មួយ​នេះ​នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំ​ ២០២២ ដ៏​ពិសេស​នេះ​៕