លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ក្រើនរំឭក​ប្រជាពលរដ្ឋ​ឱ្យចូលរួម​អនុវត្ត​វិធានការ​ ៣ ​ការពារ ៣ កុំ ជាពិសេស​ពាក់​ម៉ាស់​ក្នុងពេល​សប្បាយរីករាយ​បុណ្យ​ចូលឆ្នាំ​ថ្មី ខណៈ​អំពាវនាវ​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​ធ្វើដំណើរ​ចៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​។

ការអំពាវនាវ​នេះ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​បាននិង​កំពុង​ដើរលេង​យ៉ាង​សប្បាយរីករាយ​ និង​មាន​ការជួបជុំ ប៉ុន្តែ​មិនសូវ​ពាក់​ម៉ាស់​នោះទេ​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​បាន​ចូល​មកដល់ និង​ឆ្លង​ហួស​មកដល់​ថ្ងៃទី ២ យើង​បាន​សង្កេតឃើញ​ថា ប្រជាពលរដ្ឋ​របស់​យើង​បានធ្វើ​ដំណើរ​លេង​កម្សាន្ត​នៅ​ទីកនែ្លង​នានា​យ៉ាងច្រើន ហើយ​ជា​ថ្ងៃ​ដែល​សប្បាយរីករាយ​ បន្ទាប់ពី​ខកខាន​អស់​រយៈពេល​ ២​ ឆ្នាំ​កន្លងផុតទៅ ហើយ​នៅក្នុង​ការសប្បាយ​រីករាយ​នេះ ខ្ញុំ​ក៏បាន​សង្កេតឃើញ​ថា បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង ជាពិសេស​ក្មួយៗ ចៅៗ​មិនសូវមាន​ពាក់​ម៉ាស់​នោះទេ​។

លោក​បន្តទៀតថា ហើយ​ជាមួយ​គ្នានេះ ក៏​យើង​សង្កេតឃើញ​ថា ទីកន្លែង​ដែលមាន​ការចាក់​វ៉ាក់សាំង ក៏​អ្នក​ដែល​ទទួល​វ៉ាក់សាំង​មាន​ចំនួន​តិចតួច​នៅឡើយ អាស្រ័យ​ហេតុនេះ​លោក​អំពាវនាវ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​កម្សាន្ត​ក្រៅពី​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ព្រះវិហារ សូមមេត្តា​ប្រុងប្រយ័ត្ន​ជាមួយនឹង​ការយកចិត្ត​ទុកដាក់​ការពារ​ខ្លួន​តាម​វិធាន​ការពា​ ៣ ​កុំ​ និង​ ៣ ​ការពារ​។

ទន្ទឹមនឹង​នេះដែរ​លោក​នាយករដ្ឋមន្ត្រី​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ ដែល​មិនទាន់​ទទួល​ចាក់​វ៉ាក់សាំង​ដែល​ក្រុមការងារ​រៀបចំ​នៅតាម​ទីកន្លែង​កម្សាន្ត​នានា​ត្រូវ​ឆ្លៀតឱកាស​ពេលនោះ គួរតែ​មាន​ការទទួល​យក​នូវ​វ៉ាក់សាំង​នៅពេល​ត្រឡប់​ទៅផ្ទះ​វិញ ដើម្បីឱ្យ​អត្រា​នៃ​ដូស​ជំរុញ សម្រាប់​ប្រជាពលរដ្ឋ​មាន​ភាពស៊ាំ ដើម្បី​ធានាថា​ក្រោយ​ចូលឆ្នាំ​ខ្មែរ​នេះ វ៉ាក់សាំង​ដូស​ជំរុញ​របស់​យើង​ចាក់​បាន​ចំនួន​ច្រើន​។

បន្ថែម​ពីនេះ​លោក​ក៏​អំពាវនាវ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំង​ប្រដាប់អាវុធ គ្រប់​ប្រភេទ យកចិត្ត​ទុកដាក់​ជាមួយ​នឹង​ការការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការសប្បាយ​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។

លោក​ក៏​អំពាវនាវ​ពលរដ្ឋ​យកចិត្ត​ទុកដាក់​ទៅលើ​ការធ្វើដំណើរ​គោរព​នូវ​ច្បាប់​ចរាចរណ៍ ចៀសវាង​ការបើក​ប្រជែង​គ្នា​។ លោក​ថា​៖ «​ដូចដែល​ឃើញ​អត្រា​គ្រោះថ្នាក់ ដែល​បាន​កើតឡើង​រយៈពេល​នៃ​បុណ្យ​ចូលឆ្នាំ​របស់​យើង យើង​ពុំមាន​អ្នក​ស្លាប់​សម្រាប់​ជំងឺ​កូវីដ​នោះទេ ហើយ​ជំងឺ​កូវីដ​ក៏​ឆ្លង​នៅក្រោម ២០ ​នាក់ ក្នុង​មួយថ្ងៃ ទាំង​មុនពេល​ចូលឆ្នាំ និង​ក្រោយពេល​ចូលឆ្នាំថ្មី ប៉ុន្តែ​សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​គឺមាន​ចំនួន​ច្រើន​ដែល​ធ្វើឱ្យ​មនុស្ស​ស្លាប់​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​អំពាវនាវ​ប្រជាពលរដ្ឋ​ដែលមាន​ការសង្ស័យ​ខិតខំ​ធ្វើ​តេស្ត​ ដើម្បី​ពិនិត្យថា តើ​មាន​ឆ្លង​ ឬ​មិន​ឆ្លង ដើម្បី​មាន​វិធានការ​ការពារ​ខ្លួន​ផ្ទាល់ និង​ការពារ​នៅក្នុង​ក្រុមគ្រួសារ​របស់​យើង​៕