​រតនគិរីៈ​ ប៉ុន្មាន​ខែ​ចូលដល់​ឆ្នាំ ​២០២២ ​នេះ​ អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា (BirdLife in Cambodia)​ បាន​ជីក​ស្តារ​ត្រពាំង​ធម្មជាតិ​បាន​ចំនួន​ ១០​ ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ក្នុង​ខេត្ដ​រតនគិរី សម្រាប់​ជួយ​ដល់​ការរស់នៅ​របស់​សត្វព្រៃ​ក្នុង​រដូវប្រាំង​។​នេះ​បើតាម​ការ​ឱ្យដឹងពី​អង្គការ BirdLife ពីថ្ងៃ​ទី​១២ មេសា​។

​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា បានឱ្យដឹងថា ត្រពាំង គឺជា​ទីជម្រក​ដែល​ផ្តល់​ចំណី​និង​ទឹក​សម្រាប់​សត្វ​ជាច្រើន​ប្រភេទ​ដែល​រស់នៅក្នុង​ព្រៃរបោះ​ក្នុងនោះ ​មាន​ទាំង​សត្វ​ស្លាប​ទឹកជា​ច្រើន​ប្រភេទ​ដូចជា ត្រយង​យក្ស ត្រយង​ចង្កំ​កស ​ត្រដក់ ក្រៀល និង​សត្វព្រៃ​ជាច្រើន​ប្រភេទ​ទៀត​នៅក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់​ពឹង​ផ្អែកលើ​ត្រពាំង​ដើម្បី​រក​ចំណី និង​ប្រភពទឹក ជាពិសេស​ក្នុង​រដូវប្រាំង​។

​បច្ចុប្បន្ន មាន​ត្រពាំង​ជាច្រើន​ត្រូវបាន​គ្របដណ្តប់​ដោយ​ស្មៅ​ក្រាស់​និង​មួយចំនួនទៀត​គោក​រាក់​មិនអាច​រក្សា​ទឹក​បានយូរ​សម្រាប់​សត្វព្រៃ​រហូតដល់​រដូវភ្លៀង​ត្រឡប់​សាជាថ្មី​។ នេះ​បើតាម​ការបញ្ជាក់​របស់​អង្គការ BirdLife​។​

​អង្គការ​នេះ​បញ្ជាក់ថា​«​ក្នុង​ឆ្នាំ​២០២២​នេះ អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា Birdlife in Cambodia បាន​ជីក​ស្តារ​ត្រពាំង​ធម្មជាតិ​ចំនួន​១០​ត្រពាំង ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់​ក្នុង​គោលបំណង​សម្រាប់​ការប្រើប្រាស់​របស់​សត្វ​នៅក្នុង​រដូវប្រាំង​»​។

​បើតាម​អង្គការ BirdLife ការជីក​ស្តារ​ត្រូវបាន​ធ្វើឡើង​ដោយ​កម្លាំង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ហើយ​ការជ្រើសរើស​ប្រជាពលរដ្ឋ​មូលដ្ឋាន​គឺ​វា​ប្រសើរ​ជាង​ការប្រើ​គ្រឿងចក្រ​គឺ​ដើម្បី​ផ្តល់ប្រាក់​ចំណូល​បន្ថែ​មជូ​ន​ពួកគាត់​និង​ផ្សារភ្ជាប់​ការងារ ​អភិរក្ស​សត្វព្រៃ​ជាមួយ​សហគមន៍​។

​អង្គការ BirdLife បញ្ជាក់ថា បន្ទាប់ពី​ការជីក​ស្តារ​ត្រពាំង​ទាំងអស់នេះ​នឹងត្រូវ​តាមដាន​កត់ត្រា​ពី​កម្រិត​ទឹក ស្ថានភាព​រុក្ខជាតិ និង​ការប្រើប្រាស់​របស់​សត្វព្រៃនៅ​ទីនោះ ៕​