បាត់ដំបងៈ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២​នេះ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង បាន​អនុវត្ត​ការងារ​ចុះបង្ក្រាប​បទល្មើស​ជលផល​បាន​ចំនួន​៣៨​ករណី ដោយបាន​ចាប់​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​ចំនួន​៥​នាក់ បញ្ជូនទៅ​តុលាការ និង​បាន​រឹបអូសរ​បាំងសាច់​អួន និង របាំង​សាច់​ស្បៃ​មុង សរុប ១៨៥៦០​ម៉ែត្រ ព្រមទាំង​ឧបករណ៍​នេសាទ​ខុសច្បាប់​ជាច្រើន​ទៀត​។ នេះ​បើ​យោងតាម​ទិន្នន័យ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​១៣ ខែមេសា​។​

​ក្នុង​របាយការណ៍ ដែល​ផ្ដល់ឱ្យ​ដោយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង បានបង្ហាញ​ពី​ស្ថិតិ​បទល្មើស​ជលផល ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០២២ សរុប ៣៨​ករណី ក្នុងនោះ ករណី​បំផ្លាញ​វត្ថុតាង​ចោល​អនុវត្តបាន​ចំនួន ៣៣ ករណី កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចំនួន​០៥​ករណី និង​បាន​រឹបអូស​វត្ថុតាង​នៃ​បទល្មើស​រួមមាន របាំង​សាច់​អួន​ប្រវែង​១៨២៦០​ម៉ែត្រ​, សាច់​ស្បៃ​មុង​ប្រវែង​៣០០​ម៉ែត​, លូ​ស្បៃ​មុង​ចំនួន​២៤​មាត់​, លប​ឡុ​ក​ចំនួន​១១៣​គ្រឿង​, បង្គោល​ឈើ​និង​ឫស្សី​ចំនួន​៧ ៨០០​ដើម​, អាំង​វ៉ិ​ច​ទ័​រ​២​គ្រឿង​, អាគុយ​១​គ្រឿង និង​ដង​ឆក់ ២​គូ ព្រមទាំង​បាន​លែង​កូន​ត្រី​ចម្រុះ​ប្រភេទ និង​ត្រី​រ៉ស់ ចូល​បឹង​ធម្មជាតិ សរុប​ចំនួន ១ ១៩០ គីឡូក្រាម​។​

​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រៅពី​ការងារ​បង្ក្រាប​បទល្មើស​ជលផល ក្រុមការងារ​របស់លោក បាន​សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន និង អង្គការ​ជា​ដៃគូ បាន​ចុះ​ផ្សព្វផ្សាយ​អំពី​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ធនធាន​មច្ឆជាតិ​នៅ​កម្ពុជា ជាពិសេស ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ដល់​ប្រជា​សហគមន៍​នេសាទ ជាពិសេស​អ្នក​ដែល​រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក ក្នុង​តំបន់​ព្រៃ​លិច​ទឹក នៃ​លម្ហ​បឹង​ទន្លេសាប ដើម្បីឱ្យ​ពួកគាត់​មានការ​យល់ដឹង និង​ចូលរួម​ទប់ស្កាត់​បទល្មើស​ជលផល និង​បទល្មើស​កាប់​រាន ឈូសឆាយ និង​ដុតបំផ្លាញ​ដីព្រៃ​លិច​ទឹក​។​

​លោក​បាន​ថ្លែងថា​៖«​ការបង្ក្រាប​បទល្មើស​ជ​ល​ផល និង​បទល្មើស​កាប់​រាន​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប គឺ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ការចូលរួម​របស់​អាជ្ញាធរ​និង​ប្រជា​សហគមន៍​ក្នុង​មូលដ្ឋាន​ផ្ទាល់​តែម្ដង​។ បើ​ពុំ​នោះទេ កិច្ចការ​នេះ នឹង​មិនអាច​ទទួលបាន​ជោគជ័យ​ឡើយ »​។

​បើតាម​លោក សុភា ផ្ទៃដី​ព្រៃ​លិច​ទឹក ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង មាន​ចំនួន ២០៦៩៥៣​ហិកតា​។

​នៅក្នុង​ការងារ​អភិរក្ស​និង​អភិវឌ្ឍន៍​វិស័យ​ជលផល​នៅក្នុង​ខេត្ត​នេះ គឺ ក្រុមការងារ នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បាន​បង្កើត​កសិដ្ឋាន​ភ្ញាស់​កូន​ត្រី​ពូជ ចំនួន​១៣​កន្លែង​, បង្កើត​សហគមន៍​នេសាទ​ចំនួន​៤៦​សហគមន៍​, ជួយ​ជីក​ស្ដារ​ស្រះ​ជម្រក​ត្រី​សហគមន៍​បាន​ចំនួន​៤៥​កន្លែង​, រៀបចំ​កន្លែង​អភិរក្ស​ត្រី​មេ​ពូជ​ជូន​សហគមន៍ បាន​ចំនួន​៤៩​កន្លែង បង្កើត​តំបន់​អភិរក្ស​ចំនួន​៧​កន្លែង មាន​ផ្ទៃដី​សរុប​៥៣ ៧៥០​ហិកតា​៕​