សៀមរាបៈ សាល​របាំ​នៃ​ប្រាសាទតាព្រហ្ម ដែល​ត្រូវបាន​ជួសជុល​អស់​រយៈពេល ១១ ឆ្នាំ​មកនេះ គ្រោង​បើក​ឱ្យ​ភ្ញៀវទេសចរ​ចូល​ទស្សនា​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ នេះ​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា​។

អ្នកអនុវត្ត​គម្រោង​សហប្រតិបត្តិការ ឥណ្ឌា-​កម្ពុជា ដើម្បី​អភិរក្ស និង​ជួសជុល​ប្រាសាទតាព្រហ្ម លោក Dr Sing Sood មានប្រសាសន៍ថា គម្រោង​ជួសជុល​សាល​របាំ​នៃ​ប្រាសាទតាព្រហ្ម​កំពុង​ស្ថិត​ក្នុងដំណាក់កាល​ជិត​រួចរាល់​ជា​ស្ថាពរ ដែល​បច្ចុប្បន្ន​ក្រុមការងារ​កំពុង​បង្ហើយ​ការងារ​តូចៗ​ដែល​នៅ​សេសសល់​។

លោក​បានឱ្យដឹងថា ប្រហែល​ ២ ​ខែ​ទៀត សាលរបាំ ដែលជា​គម្រោង​កិច្ចសហប្រតិបត្តិការ​ឥណ្ឌា​-​កម្ពុជា ចាប់ពី​ឆ្នាំ​ ២០១១ មក អាច​នឹង​បើក​ដំណើរការ​ឱ្យ​ទេសចរ​ចូល​ទស្សនា​បាន​ហើយ​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យដឹងថា​គម្រោង​ជួសជុល​សាល​របាំ​នេះ​មាន​រយៈពេល​ ១១​ ឆ្នាំ​ហើយ គិត​ត្រឹម​ឆ្នាំ​ ២០២២​ នេះ ហើយ​ទីតាំង​នេះ ដើមឡើយ​ជា​គំនរ​ថ្ម ដែល​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​។

ស្ថាប័ន​ស្រាវជ្រាវ​បុរាណវិទ្យា​ឥណ្ឌា ហៅ​កាត់​ថា (ASI) ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ខិតខំ​សិក្សា​ស្រាវជ្រាវ និង​រើ​ថ្ម​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល ដោយ​ការងារ​ជួសជុល​នេះ​ចាប់ផ្តើម​ដំបូង​នៅ​ផ្នែក​ខាងជើង និង​រហូតដល់​បញ្ចប់​បាន​ដោយ​ជោគជ័យ គួរ​ជាទី​មោទនៈ​។

យ៉ាងណាក្តី ដើមឈើ​ធំៗ​ចំនួន​ ២ ​ដើម​នៅ​ផ្នែក​ខាងត្បូង​ត្រូវបាន​អ្នកជំនាញការ​អាយស៊ីស៊ី-​អង្គរ សម្រេច​មិនឱ្យ​ដកចេញ និង​នៅ​គំនរ​ថ្ម​មួយផ្នែក ដែល​អ្នកជំនាញ​ឱ្យ​រក្សាទុក ដើម្បីឱ្យ​អ្នកទេសចរ​បាន​ឃើញ​ពី​ស្ថានភាព​ដើម និង​ក្រោយពេល​ជួសជុល ទីតាំង​មួយ​នេះ​។

លោក Dr Sing Sood បានបង្ហាញ​អារម្មណ៍​រីករាយ និង​មាន​មោទនភាព​បំផុត ដែល​គម្រោង​ជួសជុល​នេះ​សម្រេច​បានជា​ផ្លែផ្កា និង​ក្នុងនាម​ស្ថាប័ន​ឥណ្ឌា ដែល​បាន​ចូលរួម​ជួសជុល​ប្រាសាទខ្មែរ ដែល​មាន​វប្បធម៌ និង​អារ្យធម៌​ស្រដៀង​គ្នា ហើយ​លោក​រីករាយ​ក្នុង​ការចែករំលែក​ចំណេះដឹង​ទាំង​ការអភិរក្ស និង​វប្បធម៌​ដល់​ពលរដ្ឋ​ខ្មែរ​ផងដែរ​។

ក្រៅពី​សាល​របាំ​នៅ​ប្រាសាទ​តាព្រហ្ម ស្ថាប័ន ASI ក៏​កំពុង​ជួយ​ជួសជុល​នូវ​ខ្លោងទ្វារ​ខាងកើត ខាងត្បូង និង​គោបូរៈ​មួយចំនួន​ទៀត ដែល​គម្រោង​កិច្ចសហប្រតិបត្តិ​ទាំងនេះ គ្រោង​នឹង​បញ្ចប់​នា​ឆ្នាំ ២០២៥​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យ​ដឹងថា ប្រាសាទតាព្រហ្ម​កសាងឡើង​នៅ​សតវត្សរ៍​ទី​ ១២ ​នៃ គ.ស ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​ ៧​។

រីឯ​សាល​របាំ​មកដល់​បច្ចុប្បន្ននេះ​អ្នកជំនាញ​នៅ​មិនទាន់​ប្រាកដ​នៃ​ឈ្មោះ​នេះ​នោះទេ តែ​ទីតាំង​នេះ​ត្រូវបាន​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ កសាងឡើង​ឧទ្ទិស​ថ្វាយ​ដល់​មាតា​របស់​ទ្រង់​៕