ភ្នំពេញៈ លោក​នាយក​រដ្ឋមន្រ្ដី ហ៊ុន សែន បាន​ណែនាំ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​កុំ​អនុវត្ដ​នូវ​ច្បាប់​ទាក់ទង​នឹង​ការ​គ្រប់គ្រង​កូវីដ១៩ និង​ជំងឺឆ្លង​ដទៃ​ទៀត ក្នុង​ដំណាក់​កាល​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​នេះ លើកលែង​តែ​មាន​ស្ថានភាព​ឆ្លង​ធ្ងន់ធ្ងរ។

លោក​នាយក​រដ្ឋមន្រ្ដី ហ៊ុន សែន បាន​ណែនាំ​បែបនេះ ក្នុង​ពេល​លោក​និង​ភរិយា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បដិមាភិសេក​រូប​សំណាក «ព្រះថោង​នាងនាគ» នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​នៅ​ព្រឹក​ថ្ងៃទី១៦ ខែ​មេសា ឆ្នាំ ២០២២ ដែល​ជា​ថ្ងៃទី​៣ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ។

លោក​សង្កេត​ឃើញ​ថា ពិត​ជា​មាន​ការ​សប្បាយ​រីករាយ និង​មាន​សាមគ្គីភាព​ក្នុង​ចំណោម​ប្រជាជន​នៅ​តាម ភូមិ តាមឃុំ និង​ទី​កន្លែង​កម្សាន្តនានា បើ​ទោះ​បី​ប្រទេស​កម្ពុជា​មាន ១៧ គណបក្ស​ដែល​ត្រៀម​ប្រកួត​ប្រជែង​នៅ​ពេល​ខាង​មុខ​នេះ​ក៏​ដោយ​ចុះ ក៏​ប៉ុន្ដែ​មិន​បាន​ឃើញ​នូវ​សញ្ញានៃ​ការ​បែងចែក​រើសអើង​ណា​មួយ នៅ​ក្នុង​ចំណោម​ប្រជាជន​នៅ​ពេល​វេលា​ដែល​មក​ដល់​សម្រាប់​ការ​បោះឆ្នោត​នោះ​ទេ។

លោក​ថ្លែង​ថា៖ «គេ[ពលរដ្ឋ]​ចូលរាំ​សប្បាយ​រីករាយ ចូល​លេង​ជាមួយគ្នា ដោយ​មិន​គិត​ថា អ្នក​ណា​នៅ​ខាង​គណបក្ស​ណា​នោះ​ទេ។ ការទទួល​បាន​វ៉ាក់សាំង​ក៏​ដូចគ្នា​កម្ពុជា​គ្មាន​ការ​រើសអើង​ណា​មួយ​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​របស់​ខ្លួន​ទោះ​បី​ជឿ​លើ​បក្សណា​ក៏​ដោយ​សុទ្ធ​តែទទួល​បាន​នូវ​វ៉ាក់សាំង​ទាំងអស់ នេះ​ហើយ​ជា​មោទនភាព​របស់​កម្ពុជា​របស់​ខ្មែរ​យើង»។

លោក​នាយក​រដ្ឋ​មន្រ្ដី​លើក​ឡើង​ថា ឆ្នាំនេះ​គឺជា​ឆ្នាំ​ដ៏​ល្អ ហើយ​លោក​សង្ឃឹម​ថា ប្រជាពលរដ្ឋ​នឹង​បន្ត​ការ​លេង​កម្សាន្ត។

លោក​បន្ត​ថាថ្ងៃទី១៦ ជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ ប៉ុន្ដែ​ប្រជាពលរដ្ឋ​ក៏​នឹង​លេង​បន្ត​ដោយសារ​ថ្ងៃទី​១៦ នេះ​ទើប​តែថ្ងៃសៅរ៍ ពលរដ្ឋ​អាច​លេង​កម្សាន្ត​ដល់​ថ្ងៃ​អាទិត្យ ហើយ​ភូមិ ឃុំ និង​តំបន់​រមណីយដ្ឋាន​ខ្លះ​អាច​បន្ត​លេង​កម្សាន្ត​ទៅ​មុខ​ទៀត ពីព្រោះ​ទម្លាប់ប្រជាពលរដ្ឋ គឺ​លេង​មុន ១​សប្ដាហ៍ និង​ក្រោយ​កន្លះ​ខែ​ថែម​ទៀត។

លោកនាយករដ្ឋមន្រ្ដី​បញ្ជាក់​ថា៖ «ខ្ញុំ​គ្មាន​បំណង​ដាក់​បម្រាម​ណាមួយ​ទៅ​លើ​ការ​លេង​នោះ​ទេ ហើយ​ក៏​សូម​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ កុំ​អនុវត្ដ​នូវ​ច្បាប់​ទាក់ទង​នឹង​ការ​គ្រប់គ្រង​កូវីដ១៩ និង​ជំងឺ​ឆ្លង​ដទៃ​ទៀត គឺ​មិន​អនុវត្ដ​នៅ​ក្នុង​ដំណាក់កាល​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​ទេ។ លើក​លែងតែ​មាន​ស្ថានភាព​ឆ្លង​ធ្ងន់ធ្ងរ គឺ​យើង​នឹង​អាច​ប្រកាស​ជូន​ចំពោះ​ប្រជាពលរដ្ឋ​របស់​យើង​ដើម្បី​ផ្អាក​ការ​លេង​ឬ​កាត់​បន្ថយ ការ​លេង»។

លោក​បន្ត​ថា៖ «អ៊ីចឹង​នៅ​តាម​ភូមិ ឃុំ នៅ​តាម​តំបន់​ទេសចរណ៍​នានា នៅ​តែ​បន្ត​ដំណើរការ​ធម្មតា។ ពិត​មែន​តែ​ខ្ញុំ​ព្រះករុណា​ខ្ញុំ​នៅ​តែ​មានការ​កង្វល់​នៅ​ឡើយ តែ​ខ្ញុំ​ព្រះករុណា​ខ្ញុំ​ក៏​នឹង​លើក​ទឹក​ចិត្ដ​ផ្ដល់​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​អាច​ធ្វើ​ដំណើរ​លេង​កម្សាន្ត​នៅ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងព្រះ​រាជាណាចក្រ​កម្ពុជា។ ហើយ​ក៏​សូម​ស្វាគមន៍​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ឯបរទេស​អញ្ជើញ​មក​លេង​នៅ​ប្រទេស​កម្ពុជា​ដោយ​នៅ​ទីនេះ​មិនតម្រូវ​នូវ​ការ​បញ្ជាក់​ធ្វើ​តេស្ដ PCR សម្រាប់​រយៈពេល ៧២ ម៉ោង​នោះ​ទេ។ ហើយ​មក​ដល់​ពេល​នេះ ក៏​មិនមាន​តម្រូវ​ការ​ណា​មួយ ដើម្បី​នឹងធ្វើ​តេស្ត​នោះ​ដែរ។ ហើយ​យើង​ទុក​ភារកិច្ច​ទាំងអស់​នេះ​ជូន​ប្រជាពលរដ្ឋ​របស់​យើង បើ​មាន​ការ​មិន​ស្រួល ត្រូវ​ស្វះ​ស្វែង​រក​ការ​ធ្វើ​តេស្ត ហើយបើ​ឃើញ​ថា​វិជ្ជមាន​ត្រូវ​ព្យាបាល​ភ្លាម»៕

វីដេអូ៖