ភ្នំពេញៈ រូប​សំណាក «ព្រះថោង​នាងនាគ» ត្រូវ​បាន​អភិសេក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៦ ខែ​មេសា​នេះ ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំប្រពៃណីជាតិ​ខ្មែរ។ រូប​សំណាក​នេះ ត្រូវ​បាន​រៀបចំ​នៅ​រង្វង់​មូល​ព្រះថោង​នាងនាគ ស្ថិត​នៅ​ភូមិគគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ជា​ចំណុច​ប្រសព្វគ្នា​រវាង​មហាវិថី​ឆ្នេររាម និង​មហាវិថី​ជំទាវ​ម៉ៅ។

ពិធី​បដិមា​ភិសេក​រូប​សំណាក​នេះ ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្រ្ដី​នៃ​កម្ពុជា និង​ភរិយា រួម​នឹង​មន្រ្ដី​រាជការ​ជាច្រើន​រូប​ទៀត។

រូប​សំណាក​ព្រះថោង​តោងស្បៃ​នាងនាគ ដ៏​ធំ​សម្បើម​នេះ មាន​កម្ពស់​ជាង ២១​ម៉ែត្រ រចនា​ស្ថាបត្យកម្ម ដោយ​កូន​ខ្មែរ ត្រូវ​បាន​សាងសង់ឡើង​យ៉ាង​ហ្មត់ចត់​នៅ​ប្រទេស​ចិន និង​បាន​ដឹក​មក​ដល់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​២៥ ខែ​មីនា ២០២២។

រូប​សំណាក “ព្រះថោង​នាងនាគ” បាន​ដាក់​បែរ​ព្រះភក្ត្រ ឆ្ពោះ​ទៅ​សមុទ្រ ដោយសារ​រឿង​ព្រេង ការ​កកើត​នគរ​ខ្មែរ គឺ​នាង​នាគ​បានឱ្យ​ព្រះថោង​តោង​កន្ទុយ ឬ​ស្បៃ ដើម្បី​មុជទឹក ហោះ​ទៅ​កាន់​ឋាន​ស្ដេច​ភុជង្គនាគ ដើម្បី​ជួប​មាតា​បិតា​របស់​ព្រះនាង ហើយ​នោះ គឺ​ជា​និម្មិត​រូប នៃ​ការ​កកើត​ទឹកដី អារ្យធម៌ វប្បធម៌ ប្រពៃណី ទំនៀម​ទម្លាប់​នគរ​ខ្មែរ គោកធ្លក ដែល​គេ​ឃើញ​មាន​ត​រៀង​មក​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍របស់​ខ្មែរ រហូត​ដល់​សព្វថ្ងៃ។

លោក​នាយក​រដ្ឋ​មន្រ្ដី​ថ្លែង​ថា លោក​ពិត​ជា​មាន​ការ​កោត​សរសើរ​ចំពោះ​លោក​ឧបនាយក​រដ្ឋ​មន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្ដី​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ក្រុម​ការងារ​ទាំងអស់​ដែល​បាន​រៀបចំ​រូប​សំណាក​ព្រះថោង​តោងស្បៃ​នាងនាគ នៅ​ខេត្ត​ព្រះសីហនុ នា​ពេល​នេះ។

លោក​ថ្លែង​ថា៖ «រូប​សំណាក​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ទាក់ទាញ​ពី​សំណាក់​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ​បន្ថែម​ទៀត​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​ព្រះសីហនុនេះ។ ក្រុង​ព្រះសីហនុ ជា​ក្រុង​មួយ​ដែល​បង្កើត​ឡើង​ដោយ​អតីត​ព្រះ​មហាវីរក្សត្រ សម្ដេច​ព្រះ​នរោត្តម​សីហនុ ព្រះ​បរមរតន​កោដ្ឋ ដែល​ក្នុង​នោះ​មាន​រូប​តំណាង​ព្រះ​នាម​ព្រះ​អង្គ​នៅ​រង្វង់​មូល​តោពីរ​ស្រាប់​តែ​ម្ដង»។

ទាក់ទង​ទៅ​នឹង​រូប​សំណាក​ព្រះថោងនាងនាគ​នេះ លោក​នាយក​រដ្ឋ​មន្រ្ដី ហ៊ុន សែន បាន​រំឭក​អំពី​ដើម​កំណើត​នៃ​ប្រពៃណី​ព្រះថោង​តោងស្បៃ​នាងនាគ ដែល​មាន​ការ​ផ្សារ​ភ្ជាប់​នូវ​អរិយធម៌ វប្បធម៌​របស់​ខ្មែរ​យើង​ជា​ពិសេស​ទំនៀម​ទម្លាប់​ប្រពៃណី​ក្នុង​ការ​រៀប​អាពាហ៍ពិពាហ៍​ដែលតែងតែ​មាន​ការ​ផ្សារភ្ជាប់​ព្រះថោង​នាងនាគ ជាពិសេស​ទំនៀម​ទម្លាប់​ប្រុស​ចូល​ដណ្ដឹង​ស្រី ដែល​កើត​មាន​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ។

លោកថ្លែងថា៖ «ការ​សាងសង់​រូប​សំណាកនេះ​មិន​ត្រឹម​តែ​បង្ហាញ​អំពី​អរិយធម៌ វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ទាក់ទាញ​ពី​សំណាក់​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ​ផងដែរ ស្រប​ពេល​ដែល​ខេត្ត​ព្រះសីហនុ បាន​កសាង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវ​ចំនួន ៣៧ ខ្សែ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វន្ត​សំខាន់ៗ​ជាច្រើន​ទៀត​នោះ»៕

វីដេអូ៖