ភ្នំពេញៈ លោក​នាយក​រដ្ឋមន្រ្ដី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់គ្នា​គោរព​ច្បាប់​ចរាចរណ៍​ពេល​ធ្វើ​ដំណើរ​ក្នុង​ពេល​ទៅ​លេងកម្សាន្ត​នា​ឱកាស​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​នេះ ដើម្បី​កុំ​ឱ្យ​ការ​សប្បាយ​ក្លាយ​ទៅ​ជា​ទុក្ខ ពីព្រោះ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ជំងឺ​កូវីដ១៩ មិនបណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ទេ ប៉ុន្ដែ​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ជា​រៀងរាល់​ថ្ងៃ។

លោក​នាយករដ្ឋ​មន្រ្ដី ហ៊ុន សែន បាន​ណែនាំ​បែប​នេះ ក្នុង​ពេល​លោក និង​ភរិយា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អភិសេក​រូប​សំណាក «ព្រះថោង​នាងនាគ» នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​នៅ​ព្រឹក ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ ២០២២ ដែល​ជា​ថ្ងៃទី​៣ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណីជាតិ​ខ្មែរ។

លោក​នាយក​រដ្ឋ​មន្រ្ដី​ថ្លែង​ថា៖ «ចំណុចទី៣ នេះ ដែល​ខ្ញុំ​ព្រះករុណា ខ្ញុំ​សូម​អំពាវនាវ គឺ​សូម​គោរព​ច្បាប់ចរាចរណ៍​គ្រប់ៗ​គ្នា កុំ​ឱ្យ​ការសប្បាយ​ក្លាយ​ទៅ​ជា​ទុក្ខ ដែល​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ជំងឺ​កូវីដ១៩ មិន​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ទេ កូវីដ១៩ មាន​ឆ្លង​ក្រោម ២០ ករណី ប៉ុន្ដែ​អ្នក​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ស្លាប់​រាល់​ថ្ងៃ​នឹង​របួស​រាល់​ថ្ងៃ នោះ​ហើយ​ជា​ចំណុច​ដែល​យើង​ត្រូវ​យក​ចិត្ដ​ទុក​ដាក់​ទាំងអស់​គ្នា»។

លោក​នាយករដ្ឋ​មន្រ្ដី​ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​បន្ត​ខិតខំ​ថែ​រក្សា​សន្តិសុខ សណ្ដាប់​ធ្នាប់​សង្គម ដើម្បី​ភាព​សុខសាន្ត​របស់ប្រជាជន ដែល​នៅ​គ្រប់​ទី​កន្លែង​ទាំងអស់ សុទ្ធតែ​មាន​ការ​រៀបចំ​កម្លាំង។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​នៅ​គ្រប់​ទី​កន្លែង​នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា​ក៏​ដូចជា​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ដែល​បាន​ចូល​រួម​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទាំង​យប់ទាំង​ថ្ងៃ​គ្មាន​ការ​ភ័យខ្លាច​ពី​ចម្បាំង​និង​ភ័យខ្លាច​ពី​សត្រូវ​យាយី ចោរ​លួច​ចោរ​ប្លន់​ជាដើម»។

លោក​បន្ត​ថា៖ «ពីព្រោះ​តាម​ការ​យល់​ដឹង​របស់​ខ្ញុំ មិនមែន​ត្រឹម​តែ​ថ្ងៃនេះ​ទេ គឺ​ថ្ងៃ​ស្អែក ថ្ងៃ​ខាន​ស្អែក ​ឬ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ទៀត ចំហាយ​នៃ​ការចូល​ឆ្នាំ​នេះ នៅតែ​បន្ត​នៅ​តាម​ភូមិ ឃុំ និង​នៅ​តាម​ទី​កន្លែង​នានា ដែល​ទាក់​ទាញ​ប្រជាពលរដ្ឋ ពី​កន្លែង​មួយ​ទៅ​កាន់​កន្លែង​មួយ​ធ្វើ​ដំណើរ​ទៅកម្សាន្ត»៕