ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​នានា ដែល​បាន​សាងសង់​ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយលូ ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ២០ ​មេសា​ខាងមុខនេះ នៅ​ទីតាំង​ជាប់​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ហើយ​បាន​ជូនដំណឹង​ពី​ការបញ្ចៀស​ចរាចរណ៍​បណ្តោះអាសន្ន​ចាប់ពី​ផ្លូវ​លេខ​ ៨៤ កែង​តីរវិថី​ព្រះស៊ីសុវត្ថិ ដល់​កែង​ផ្លូវ​លេខ ​១០៦​។

តាម​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១២ ខែមេសា បានឱ្យដឹងថា នៅ​ថ្ងៃទី​ ២០ ខែមេសា ឆ្នាំ​ ២០២២ វេលា​ម៉ោង ៦ នាទី​ព្រឹក រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​នានា ដែល​បាន​សាងសង់​ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយលូ​ក្នុង​រាជធានី​ភ្នំពេញ​។

នេះ​ជា​គម្រោង​ក្នុង​ជំហាន​ទី​ ៤ ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​ដែលមាន​ទីតាំង​ជាប់​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស្ថិតនៅ​ភូមិ​ ១០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ក្រោម​អធិបតីភាព លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន​។

រដ្ឋបាល​រាជធានី​បញ្ជាក់ថា​៖ «​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បញ្ចៀស​ចរាចរណ៍​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​លើ​កំណាត់​តីរវិថី​ព្រះស៊ីសុវត្ថិ (​ចាប់ពី​ផ្លូវ​លេខ​ ៨៤ កែង​តីរវិថី​ព្រះស៊ីសុវត្ថិ ដល់​ផ្លូវ​លេខ ​១០៦ កែង​តីរវិថី​ព្រះស៊ីសុវត្ថិ​) នៅ​ថ្ងៃទី​ ២០ ខែមេសា ឆ្នាំ​ ២០២២ ចាប់ពី​ម៉ោង ៥ និង​សូន្យ​នាទី​ព្រឹក​រហូត​ដល់​បញ្ចប់​កម្មវិធី​»​។

លិខិត​ដដែល​បញ្ជាក់ទៀតថា ការធ្វើ​បែបនេះ​គឺ​ដើម្បីឱ្យ​កម្មវិធី​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាចរណ៍​។ លិខិត​នោះ​លើកឡើង​ទៀតថា «​អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស​ការធ្វើដំណើរ​ឆ្លង​កាត់​កំណាត់​ផ្លូវ​ខាងលើ​តាម​កាលបរិច្ឆេទ​ដូច​បាន​ជម្រាបជូន​ដោយ​អនុគ្រោះ​។ ផុត​រយៈពេល​ហាមឃាត់​បណ្តោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ឱ្យធ្វើ​ចរាចរណ៍​ជាធម្មតា​វិញ​»៕