ភ្នំពេញៈអាស៊ាន និង​សហ​រដ្ឋអា​មេរិក​នឹងធ្វើ​កិច្ច​ប្រជុំ​កំពូល​ពិសេស​នៅ​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​សហ​រដ្ឋ​អាមេ​រិក​ នៅ​ថ្ងៃទី​ ១២-១៣​ ខែ​ឧសភា ខណៈ​កម្ពុជា​គឺជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​សម្រាប់​ឆ្នាំ២០២២​ នេះ​។

សេចក្តី​ថ្លែង​ការណ៍​ព័ត៌មាន​របស់​ប្រធាន​អាស៊ាន​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ក្រសួង​ការ​បរទេស​កម្ពុ​ជា​កាលពី​យប់​ថ្ងៃទី​១៦ ​ខែ​មេសា​បញ្ជាក់​ថា៖ «អាស៊ាន និង​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​កិច្ច​ប្រជុំ​កំពូល​ពិសេស ដើម្បី​អប​អរ​សាទរ​ទំនាក់​ទំនង​ដៃគូ​សន្ទនា​អាស៊ាន-​សហរដ្ឋ​អាម​រិ​ក ដែល​មាន​វ័យ​៤៥​ឆ្នាំ​មក​ហើយ។នេះ​គឺជា​កិច្ចប្រជុំ​កំពូល​ពិសេស​លើក​ទី២ គិតពី​ឆ្នាំ​២០១៦ ហើយ​ជាការ​ជួប​ប្រជុំ​គ្នា​ដោយ​ផ្ទាល់​មុខ​លើក​ទី១​សម្រាប់​ថ្នាក់​ដឹក​នាំ​យើង គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៧ ​មក»​។

ថ្នាក់​ដឹក​នាំ​អា​ស៊ាន និង​ប្រធាន​នា​ធិបតី​សហ​រដ្ឋ​អាមេ​រិក​លោក ចូ បៃ​ឌិន(Joe Biden) នឹង​ពិភាក្សា​គ្នា​អំពី​មធ្យោ​បាយ ​និង​វិធី​សាស្ត្រ​នានា ដើម្បី​បង្កើន​កិច្ច​សហប្រតិ​បត្តិការ​ក្នុង​វិស័យ​ជា​ច្រើនដែល​ជា​អាទិ៍​រួមមាន ការ​ឆ្លើយ​តប​នឹង​ជំងឺ​កូ​វីដ​១៩ ​សន្តិសុខ​ សុខ​ភាព​សកល ការ​ផ្លាស់ប្តូ​រ​អាកាស​ធាតុ ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព កិច្ច​សហ​ប្រតិ​បត្តិការ​លម្ហ​សមុទ្រ ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ ការ​អប់រំ និង​ចំណង​ទាក់​ទង​រវាង​ប្រជា​ជន ​និង​ប្រជា​ជន​ ក៏ដូច​ជា​ការ​តភ្ជាប់ និង​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​។

ថ្នាក់ដឹ​កនាំ​អាស៊ា​ន និង​សហ​រដ្ឋ​អាមេរិ​ក​ក៏​នឹងធ្វើ​ការ​ផ្លាស់ប្តូ​រយោ​បល់​គ្នា​ផងដែ​រ អំពី​បញ្ហា​តំបន់ និង​អន្តរ​ជាតិ ដែល​ជា​ផល​ប្រយោ​ជន៍ និង​កង្វល់​រួម។​

សេចក្តី​ថ្លែងកា​រណ៍​ព័ត៌មាន​បញ្ជាក់​ថា៖ «នៅ​ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​ជា​ប្រវត្តិ​សាស្ត្រ​នេះ ថ្នាក់​ដឹក​នាំ​អាស៊ាន និង​សហរដ្ឋ​អាមេរិក​នឹងដាក់​ចេញ​នូវ​ទិសដៅ​អ​នាគ​តនៃ​ទំនាក់​ទំនង​រវាង​អាស៊ាន​និង​សហ​រដ្ឋ​អាមេរិក​ហើយនឹ​ង​លើក​កម្ពស់​ភាព​ជា​ដៃគូ​យុ​ទ្ធសាស្ត្រ សម្រាប់​ផល​ប្រយោជ​ន៍​រួម​ទៅវិ​ញទៅមក​នៃ​ប្រជា​ជន​អាស៊ាន​និង​ប្រជាជ​ន​ស​ហរដ្ឋ​អាមេ​រិក​»។

ប្រភ​ព​ដដែល​បញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​ពិសេស​នេះ ក៏​នឹង​បញ្ជាក់​ឡើងវិញ​ផងដែ​រ​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួមគ្នា ដើម្បី​​រក្សា​ម​ជ្ឈ​ភាព និង​ឯកភាព​អាស៊ាន តាមរយៈ​យន្ត​ការ​នានា​ដែល​ដឹកនាំ​ដោយ​​អាស៊ាន​ក៏ដូចជា​ ដើម្បី​បង្កើន​ជំនឿនិង​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅម​ក ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរ​ភាព និង​វិបុល​ភាព នៅ​ក្នុង​តំបន់​៕