ឧត្តរ​មាន​ជ័យៈ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត​ឧត្តរ​មាន​ជ័យ​នៅ​ថ្ងៃទី​១៧​មេសា​កំពុង​បន្ត​ស្រាវ​ជ្រាវ​ករណី​រំលោភ​សម្លាប់​នារី​ អាយុ​ ១៧​ឆ្នាំ​ម្នាក់ ​បន្ទាប់​ប្រទះ​ឃើញ​ស្លាប់​ទាំង​អា​ក្រាត​កាយ​នៅ​ក្នុង​ទឹក​អូរ​មួយ​ ក្នុងភូមិ​សាស្ត្រ​ សង្កាត់​អូរ​ស្មាច់​ ក្រុង​សំរោង ​ខេត្ត​ឧត្តរ​មាន​ជ័យ ​កាល​ពី​ថ្ងៃទី ១៦ ​មេសា​។

លោក អ៊ុច ប៊ុន​អ៊ុយ នាយ​នគរ​បាល​ប៉ុស្តិ៍​សង្កាត់​អូរ​ស្មាច់​ឱ្យ​ដឹង​នៅ​ថ្ងៃទី១៧​មេសា ថា ការ​ស្លាប់​របស់​នារីរ​ង​គ្រោះ​ឈ្មោះ​ឡ.គ.​ឡ អាយុ​១៧ឆ្នាំ សមត្ថ​កិច្ច​ជំនាញ​បាន​ធ្វើ​កោ​សល្យ​វិច័យ​បង្ហាញ​ថា​ជា​ករណី​រំលោភ​សម្លាប់​ហើយ​សមត្ថ​កិច្ច​កំពុ​ងបើក​ការស៊ើប​អង្កេត​លើ​ករណី​នេះ​។នារី​រងគ្រោះ​រស់នៅ​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត ឧត្តរ​មាន​ជ័យ​។

លោក​ថ្លែង​ថា៖​«រឿងនេះ​ទាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត ទាំង​នគរ​បាល​ក្រុង​សំរោង​និង​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ខ្ញុំ​កំពុង​ដុត​ដៃ​ដុត​ជើង​ខ្លាំង​ណាស់។នៅ​ថ្ងៃ​នេះ(ថ្ងៃទី១៧ ​មេសា)នគរ​បាល​ជំនាញ​កំពុង​កោះ​ហៅ​សាក្សី​សាក​សួរ​ដើម្បី​ប្រមូល​ព័ត៌​មាន​»។

លោក​បាន​រៀបរាប់​តាម​ម្តាយ​នារី​រង​គ្រោះ​ថា នារី​រង​គ្រោះ​បាន​ឈប់​រៀន​យូរ​ឆ្នាំ​មក​ហើយ​ ហើយ​មានរ​បរជា​កម្មករ​សំណង់។នៅ​យប់​មុន​ពេល​កើត​ហេតុ​ថ្ងៃទី ១៥​ មេសា​ នៅ​ក្នុង​ភូមិ​ដែល​នាង​រស់​នៅមាន​ពិធី​រាំ​ធុង​បាស​ក្នុង​ថ្ងៃទី​២ ​នៃ​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃ​ណី​ខ្មែរ​ ហើយ​នារី​រង​គ្រោះនិង​មិត្ត​ភក្តិ​របស់​នាង​បាន​នាំគ្នា​ទៅ​រាំ​លេង​កម្សាន្ត​ដែរ។ ប៉ុន្តែ​ក្រោយពី​ចប់​ពិធី​រាំ​នោះ ​មិត្តៗ​របស់​ជនរង​គ្រោះ​មិន​បាន​ឃើញ​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​មួយ​ពួក​គេ​ទេ​ ហើយ​នៅ​យប់​នោះ​​ម្តាយ​របស់​នាង​ក៏​បាត់​កូន​មិន​ឃើញ​ត្រឡប់​ទៅ​ផ្ទះ​ទៀត​វិញ​ដែរ​។

លោក​បន្ត​ថា​ លុះ​រហូត​ដល់​វេលា​ម៉ោង​ជិត​៣​ រសៀល​ថ្ងៃទី​១៦​ មេសា ​មាន​​ប្រជា​ពលរដ្ឋ​ម្នាក់​បាន​ប្រទះ​ឃើញ​សាក​សព​របស់​នាង​ដេក​ស្លាប់​ទាំង​អា​ក្រាត​កាយ​នៅ​ក្នុង​ទឹក​អូរ​រាក់ៗ​ស្ថិត​នៅ​ផ្លូវលំ​លេខ​១០​ដែល​ជា​ផ្លូវ​ទាល់​ក្នុង​ភូមិ​ចម្ការ​ចេក សង្កាត់អូរ​ស្មាច់ ក្រុង​សំរោង​ ហើយ​ក៏បាន​រាយ​ការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​សង្កាត់​អូរ​ស្មាច់។ ក្រោយ​ទទួលបាន​ដំណឹង​នេះលោក​បាន​រាយ​ការណ៍​ប​ន្ត​ទៅ​លោក ហម ភិរម្យ​ អធិ​ការនគរ​បាល​ក្រុង​សំរោង​ខណៈ​លោក​ដែល​ជា​នាយ​នគ​របាល​ប៉ុស្តិ៍​សង្កាត់​អូរ​ស្មាច់​ក៏​ជូន​ដំណឹង​នេះ​ទៅ​សាច់​ញាតិ​នារី​រង​គ្រោះ​ផង​ដែរ​។

លោក​បន្ត​ទៀត​ថា នៅ​ថ្ងៃទី​១៦​មេសា​ដដែល​នោះ​ នគរបាល​បច្ចេក​ទេស​វិទ្យាសា​ស្ត្រ​កោ​សល្យវិ​ច័យ​ខេត្ត​ឧត្ត​រ​មាន​ជ័យ​រួម​ជាមួយ​គ្រូ​ពេទ្យ​បាន​ចុះ​ដល់​ទី​តាំង​ជនរង​គ្រោះ​ស្លាប់និង​បាន​ធ្វើ​កោស​ល្យវិ​ច័យ​លើ​សាក​សព។​ជា​លទ្ធ​ផល​បង្ហាញ​ថា​នារី​រង​គ្រោះ​ត្រូវ​បាន​គេ​ចាប់​រំលោភ​ហើយ​វាយ​សម្លាប់​នឹង​វត្ថុ​រឹង​។

លោក​ថា៖​«បើ​តាម​ខ្ញុំ​ចូល​រួម​សហ​ការ​ពិនិត្យ​សាក​សព​ឃើញ​មាន​ស្នាម​ឆ្នូត​ក្រចក​មុត​លើ​ខ្លួន​ប្រហែល​១០​ក្រចក​ហើយ​នៅ​លើ​ត្របក​ភ្នែក​ខាងឆ្វេ​ង​របក​ស្បែក​និង​ប៉ោង​ក្បាល​ខាង​ក្រោយ។តាម​ពេទ្យ​គាត់​ពិនិត្យ​ឃើញ​ថា​នាង​ត្រូវ​បាន​គេ​រំលោភ»​។

លោក​បញ្ជាក់​ថា​ ក្រោយ​ពី​សមត្ថ​កិច្ច​ជំនាញ​និង​គ្រូ​ពេទ្យ​ពិនិត្យ និង​ធ្វើ​កោស​ល្យវិច័យ​ចប់​សព្វ​គ្រប់​មក ​សមត្ថ​កិច្ច​បាន​ប្រគល់​សាក​សព​នារី​រង​គ្រោះ​ឱ្យ​សាច់​ញាតិ​យក​ទៅ​ធ្វើបុ​ណ្យ​តាម​ប្រពៃណី​។ចំណែ​កឯ​សមត្ថ​កិច្ច​ក៏​កំពុង​បន្ត​ប្រមូល​ព័ត៌​មាន​ដោយ​អញ្ជើញ​សាក្សី​ពាក់​ព័ន្ធ​មក​បំភ្លឺ​នៅ​ប៉ុស្តិ៍​នគរ​បាល​សង្កាត់​អូរ​ស្មាច់​ដើម្បី​បានជា​មូល​ដ្ឋាន​ក្នុង​ការ​ស្រាវ​ជ្រាវ​បន្ត​ទៀត​៕

វីដេអូ៖