កណ្តាលៈ មនុស្ស​២នាក់​លង់​ទឹក​ស្លាប់ ​ពេល​ចុះ​ជិះ​ទូកលេង ​ហើយ​ទូក​បានលិច​ នៅ​ចំណុច​ស្រះទឹក​​មួយ​កន្លែង ​ស្ថិតនៅ​ភូមិដុល​ ឃុំ​សន្លុង ​ស្រុក​ខ្សាច់កណ្តាល ​ខេត្ត​កណ្តាល ​កាលពី​វេលាម៉ោង​១៥ ​និង​៣០នាទី ​ថ្ងៃ​ទី១៦ ​ខែមេសា ​ឆ្នាំ២០២២។

លោក​វរសេនីយ៍​ទោ ​អ៊ុន យ៉ុង ​អធិការរង​ទទួល​ការងារ​នគរបាល​យុត្តិធម៌ ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់​កណ្តាល ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី១៧ ​មេសា ​ថា ​នៅ​ថ្ងៃទី១៦ ​មេសា ​វេលា​ម៉ោង​១២ថ្ងៃត្រង់ ​ជនរងគ្រោះ​ទាំង​២នាក់​ រួម​ជាមួយ​ឪពុក​ម្ដាយ ​បានជិះ​ម៉ូតូ​ចេញ​ពី​ភ្នំពេញ​ទៅ​លេង​ផ្ទះ​សាច់ញាតិ ​ឈ្មោះ​វ៉ៃ វុទ្ធី ​ភេទប្រុស ​នៅ​ភូមិឃុំ ​ព្រែក​តាមាក់ ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ទី៣។

លោក​បន្តថា ​លុះ​ដល់​វេលា​ម៉ោង​១៣ ​និង​២០នាទី ​ថ្ងៃ​ដដែល ​ជនរងគ្រោះ​ព្រមទាំង​បងប្អូន​ជាជីដូន​មួយ​ជាច្រើ​នាក់​ បានជិះ​ម៉ូតូ​ចេញ​ពី​ផ្ទះ​ឈ្មោះ​វ៉ៃ វុទ្ធី ​ទៅ​លេង​នៅ​ក្រុមហ៊ុន ​7NG ​ក្នុង​ភូមិ​ព្រៃចាស់ ​ឃុំ​វិហារសួគ៌ ​រហូតដល់​វេលា​ម៉ោង​១៤ ​និង​៣០នាទី ​ទើប​ជនរងគ្រោះ ​និង​បង​ប្អូន​ទាំង​អស់​បានបន្ត​ទៅ​លេង​ផ្ទះ​ឪពុក​ធំ ​ដែលជា​អ្នកយាម​ចម្ការ​ស្វាយមួយ​កន្លែង​ ស្ថិត​នៅ​ភូមិដុល ​ឃុំសន្លុង​ ស្រុកខ្សាច់​កណ្តាល ​ខេត្ត​កណ្តាល។ លោក​អធិការរង​បញ្ជាក់ថា ​ពេល​ទៅដល់ ​ជនរងគ្រោះ ​និង​បងប្អូន​ទាំងអស់ ​បាន​ជិះទូក​ឈើ​លេង​ក្នុង​ទឹកស្រះ​ក្នុង​ចម្ការ​ស្វាយនោះ​​ ​រហូត​ដល់​វេលា​ម៉ោង​១៥ ​និង​៣០នាទី ​ទូក​ក៏លិច​តែ​ម្តង។

លោក​ថ្លែងថា​៖«ការជិះ​ទូក​លេង​របស់​ពួកគាត់​ហ្នឹង​មិនមែន​តែ​២​ឬ៣​នាក់​ទេ​ គឺ​គ្នា​គាត់​៦-៧នាក់​ឯណោះ ​ហើយ​ពេល​កំពុង​ជិះហ្នឹង​គាត់​គ្រលែង​ទូក​ហ្នឹង​ទៅ។ គ្រលែង​ចុះ​គ្រលែង​ឡើង​ទូក​វា​លិច ​ដល់​ពេល​លិច​ អ្នក​ដែល​ចេះ​ហែល ​គេ​ហែល​រួច​មក​ច្រាំង ​ហើយ​២នាក់​ហ្នឹង​គាត់​អត់​ចេះ​ហែល​បានស្លាប់​ក្នុង​ទឹក​ហ្នឹង​ទៅ»។

លោក​អ៊ុន យ៉ុង ​ប្រាប់​ទៀតថា ​អ្នក​ផ្សេង​ទៀត​ដែល​ចេះ​ហែល​ទឹក ​បានហែល​ទឹក​មក​ច្រាំង​ ហើយ​ស្រែក​ឆោឡោ​ឱ្យ​គេ​ជួយ ​និង​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សន្លុង ​និង​បានជួល​អួន​ឱ្យ​គេ​អូស​ជួយ​រាវ​រក​ជនរងគ្រោះ​ក្នុង​ស្រះទឹក​នោះ ​រហូត​ដល់​ម៉ោង​១៩ ​និង​៣០នាទី ​ទើប​រក​សាក​សព​ជនរងគ្រោះ​ទាំង​២នាក់​ឃើញ។ បន្ទាប់​មក​សមត្ថកិច្ច​ជំនាញ​ស្រុក ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ ​ក្រុមប្រឹក្សា​ឃុំ ​មេភូមិ ​គ្រូពេទ្យ ​និង​ក្រុម​គ្រួសារ​សព​ធ្វើការ​ពិនិត្យ​សាកសព​យ៉ាង​ហ្មត់ចត់ ​ឃើញថា ​សាកសព​មាន​ស្នាម ​ពោះប៉ោង ​មាន​ទឹកហូរ​ចេញ​តាម​មាត់​និង​ច្រមុះ​ ផ្នែក​ក្បាល ​ដងខ្លួន ​អវយវៈ​ពុំមាន​ស្លាក​ស្នាម​អ្វី​គួរឱ្យ​កត់​សម្គាល់​នោះ​ទេ។

លោក​បញ្ជាក់ថា​៖«តាម​ជំនាញ ​និង​យោបល់​គ្រូពេទ្យ ​ជនរងគ្រោះ​ស្លាប់​ដោយសារ​លង់ទឹក​ និង​បានប្រគល់​សព​ជូន​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី»។

របាយ​ការណ៍​របស់​សមត្ថកិច្ច​នគរបាល​ស្រុក​ខ្សាច់​កណ្តាល ​បានឱ្យ​ដឹងថា ​ជនរងគ្រោះ​ទាំង២នាក់​ មាន​ឈ្មោះ​វ៉ៃ សុវណ្ណ ​ភេទប្រុស​ អាយុ​១៩ឆ្នាំ ​ជនជាតិ​ខ្មែរ ​មុខរបរ​និស្សិត ​មាន​ទីលំនៅ​ផ្ទះ១៦១ ​ក្រុម៧ ​ផ្លូវលំ ​សង្កាត់​ឫស្សីកែវ ​ខណ្ឌ​ឫស្សីកែវ ​រាជធានី​ភ្នំពេញ ​និង​ឈ្មោះ​វ៉ៃ សុលាភ ​ភេទប្រុស ​អាយុ​១២ឆ្នាំ ​ជនជាតិ​ខ្មែរ ​មុខរបរ​សិស្ស ​មាន​ទីលំនៅ​ផ្ទះ​១៦១ ​ក្រុម​៧ ​ផ្លូវលំ ​សង្កាត់​ឫស្សីកែវ ​ខណ្ឌ​ឫស្សីកែវ ​រាជ​ធានី​ភ្នំពេញ ​អ្នក​ទាំង២​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា។ ឪពុក​ឈ្មោះ ​វ៉ៃ សាវី ​អាយុ​៥០ឆ្នាំ ​ជនជាតិ​ខ្មែរ ​មុខរបរ​ ជាង​ដែក ​និង ​ម្តាយ​ឈ្មោះ ​ហាក់ គឹមស្រ៊ាង ​អាយុ​៤៩ឆ្នាំ ​ជនជាតិ​ខ្មែរ ​មុខរបរ​មេ​ផ្ទះ៕