ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​រយៈពេល​ ៣ ​ថ្ងៃនេះ​មាន​មនុស្ស​ក្មេង​ចាស់ ប្រុស​ស្រី​ជាច្រើន បាននាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ជា​បន្តបន្ទាប់​តាម​ទីតាំង​ដែល​អាជ្ញាធរ​បានរៀបចំ សម្រាប់​អ្នក​ដើរ​កម្សាន្ត តាម​វត្ត​អារាម​ និង​រមណីយដ្ឋាន​នានា​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៧ ខែមេសា ថា ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ មាន​ស្ថានភាព​ធម្មតា ដោយ​មាន​អ្នក​មកចាក់​វ៉ាក់សាំង​ជា​បន្តបន្ទាប់​។

លោកស្រី​បានឱ្យដឹងថា៖ «​ការចាក់​វ៉ាក់សាំង​មាន​ស្ថានភាព​ធម្មតា​ទេ មាន​អ្នក​ចាក់​ប្រុស​ស្រី​ចាស់​ក្មេង​មក​ចាក់​បន្តបន្ទាប់​ដែរ សម្រាប់​អ្នក​ដែល​មិនទាន់បាន​ចាក់​ ឬ​ត្រូវ​ចាក់​ដូស​ជំរុញ (​ទី​ ៣​ និង​ទី​ ៤)​។ យើង​នឹង​បន្ត​ការងារ​នេះ​ទៀត ដើម្បី​ពង្រឹង​ភាពស៊ាំ​បុគ្គល និង​សហគមន៍​»​។

ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​កូវីដ-១៩​នេះ​កាលពី​ថ្ងៃទី​ ១៦ ខែមេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្តធ្វើ​ការអំពាវនាវ​សុំឱ្យ​ប្រជាពលរដ្ឋ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ជា​ដូស​ទី​ ៣​។ លោក​ថ្លែងថា​៖ «​មកដល់​ពេលនេះ ដូស​ទី​ ៣ យើង​ទើបតែ​ចាក់​បាន​ចំនួន​ជាង​ ៨​ លាន​នាក់ ដូច្នេះ​នៅ​មនុស្ស​ប្រមាណ​ជា​ ៦ ​លាន​នាក់​ទៀត មិនទាន់​បាន​ចាក់​។ រីឯ​ដូស​ទី​ ៤ គឺ​ចាក់​បានតែ​ជាង​ ១ ​លាន​នាក់​ប៉ុណ្ណោះ​។ ដូចនេះ​សុំ​ប្រជាពលរដ្ឋ​របស់​យើង កុំ​គិតថា ២ ​ម្ជុល​ដែលជា​ដូស​មូលដ្ឋាន​នឹង​គ្រប់គ្រាន់​ឱ្យសោះ ត្រូវ​ស្វះ​ស្វែងរក​ដូស​ទី​ ៣ ហើយ​អ្នក​ដែលមាន​ដូស​ទី​ ៣ ហើយ​ត្រូវ​ស្វះស្វែង​រក​ដូស​ទី​ ៤»​។

លោក ហ៊ុន សែន​បញ្ជាក់ថា កម្ពុជា​មាន​លទ្ធភាព​ផ្គត់ផ្គង់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន​ដោយ​ឥត​គិតថ្លៃ ​និង​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​។

លោកស្រី ឱ វណ្ណឌីន បាន​សរសេរ​លើ​បណ្តាញ​ធ្វីធើ​របស់​លោកស្រី​កាលពី​ថ្ងៃទី​ ១៤ ខែមេសា​ដោយបាន​ប្រសិទ្ធ​ពរជ័យ សិរី​មង្គល វិបុល​សុខ មហាប្រសើរ និង​ចម្រើន​រុងរឿង​ជា​និរន្តរ៍​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំ ​២០២២ នេះ ប្រកបដោយ​សុវត្ថិភាព​។

លោកស្រី បញ្ជាក់ថា៖ «​សង្ឃឹមថា មេរោគ​កូវីដ ​១៩ នឹងមិន​ធ្វើដំណើរ​ជាមួយ​អ្នក​ត្រឡប់​ទៅផ្ទះ​វិញ​ទេ​។ សូម​ថែទាំ​ចាស់ជរា និង​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​!»​។

លោកស្រី លី អៃឡែន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​ក៏បាន​ជូនពរ​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ​ផងដែរ ដោយ​លោកស្រី​លើកឡើង​ថា បន្ទាប់ពី​មាន​ជំងឺ​រាតត្បាត​ជា​សកល​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំកន្លងមក​នេះ​ទាំងអស់​គ្នា​ដឹង​យ៉ាងច្បាស់​អំពី​វិធានការ​រក្សា​សុវត្ថិភាព​ដល់​គ្នា​ទៅវិញ​ទៅមក​។

លោកស្រី​បានឱ្យដឹងថា កិច្ចខិតខំ​ប្រឹងប្រែង​របស់​អ្នក​ទាំងអស់​គ្នា​នៅក្នុង​ការទទួល​បាន​ការចាក់​វ៉ាក់សាំង​ពេញលេញ និង​ការអនុវត្ត​វិធានការ ៣ ​កុំ ៣ ​ការពារ ដែល​ជា​វិធានការ​ការពារ​ជំងឺ​កូវីដ​ ១៩ របស់​ប្រទេស​កម្ពុជា​គឺ​ពិត​ជាមាន​ប្រសិទ្ធភាព​ហើយ​នេះ​គឺជា​មូលហេតុ​ដ៏​ចម្បង ដែល​គ្រប់គ្នា​អាច​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ក្នុងឆ្នាំនេះ​បាន​។ ជាការ​ពិតណាស់ ការ​រាតត្បាត​ជាសកល​នៃ​ជំងឺ​នេះ គឺ​មិនទាន់​ចប់​នៅឡើយ​នោះទេ ហើយ​វីរុស​នេះ​នៅតែ​បន្ត​ឆ្លង​។ លោកស្រី លី អៃឡែន បាន​បញ្ជាក់ថា៖ «​សមិទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ នេះ គឺ​ពិតជា​គួរឱ្យ​កត់សម្គាល់ និង​គួរឱ្យ​កោតសរសើរ​បំផុត​។ ឥឡូវនេះ ការចាក់​ដូស​ជំរុញ គឺ​ពិតជា​ពេលវេលា​ដ៏ត្រឹមត្រូវ និង​កាន់​តែមាន​សារៈសំខាន់​សម្រាប់​សមាជិក​គ្រួសារ​ដែល​មាន​វ័យ​ចំណាស់ និង​អ្នក​ដែលមាន​ជំងឺ​ប្រចាំកាយ​»​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ឱ្យដឹងថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី ​១៦ ខែមេសា អត្រា​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦ ​លាន នាក់ បាន​ចំនួន ៩២,៨៤% ហើយ ដែល​ក្នុងនោះ​ប្រជាជន​អាយុ​ពី ១៨ ​ឆ្នាំ​ឡើង មាន ១០២,៧៤% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០ ​លាន​នាក់​។

ចំពោះ​កុមារ-​យុវវ័យ​អាយុ​ពី ១២ ​ឆ្នាំ ទៅ​ក្រោម ១៨ ​ឆ្នាំ មាន ១០០,១៩% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១ ៨២៧ ៣៤៨ នាក់​។ កុមារ​អាយុ​ពី ៦ ​ឆ្នាំ ដល់​ក្រោម ១២ ​ឆ្នាំ មាន ១០៧,៨៩% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១ ៨៩៧ ៣៨២ នាក់​។ ចំណែក​អត្រា​ចាក់​វ៉ាក់សាំង​លើ​កុមារ​អាយុ ៥​ ឆ្នាំ មាន ១២៤,៧៦% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៣០៤ ៣១៧ នាក់ និង​កុមារ​អាយុ ៣ ​ឆ្នាំ ដល់ ក្រោម ៥ ​ឆ្នាំ មាន ៥២,៧៤% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៦១០ ៧៣០ នាក់​៕