ព្រះសីហនុៈ រូបសំណាក «​ព្រះថោង​នាងនាគ​» ត្រូវបាន​អភិសេក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ១៦ ខែមេសា ជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ក្រោម​អធិបតីភាព​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា រួម​នឹង​មន្ដ្រីរាជការ ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចូលរួម​។

រូបសំណាក​នេះ​ត្រូវបាន​សាងសង់​ឡើង​នៅ​រង្វង់មូល​ព្រះថោង​នាងនាគ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់​។ រូបសំណាក​ព្រះថោង​តោងស្បៃ​នាងនាគ​ដ៏​ធំ​សម្បើម​នេះ មាន​កម្ពស់​ជាង ២១ ​ម៉ែត្រ រចនា​ស្ថាបត្យកម្ម​ដោយ​កូន​ខ្មែរ ត្រូវបាន​សាងសង់ឡើង​យ៉ាង​ហ្មត់ចត់​នៅ​ប្រទេស​ចិន និង​បាន​ដឹក​មកដល់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ កាលពី​ថ្ងៃ​ ២៥ ខែមីនា​ ២០២២​។ រូបសំណាក “​ព្រះថោង​នាងនាគ​” បានដាក់​បែរ​ព្រះ​ភក្ត្រ​ឆ្ពោះទៅ​សមុទ្រ ដោយសារ​រឿងព្រេង​នៃ​ការកកើត​នគរ​ខ្មែរ គឺ​នាងនាគ​បានឱ្យ​ព្រះថោង តោង​កន្ទុយ ឬ​ស្បៃ ដើម្បី​មុជទឹក ហោះ​ទៅកាន់​ឋាន​ស្ដេច​ភុជង្គនាគ ដើម្បី​ជួប​មាតា បិតា​របស់​ព្រះនាង ហើយ​នោះ គឺជា​និមិត្តរូប​នៃ​ការកកើត​ទឹកដី អរិយធម៌ វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់​នគរ​ខ្មែរ គោកធ្លក ដែល​គេ​ឃើញ​មាន​តរៀងមក​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ខ្មែរ​រហូត​ដល់​សព្វថ្ងៃ​។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែងថា លោក​ពិតជា​មានការ​កោត​សរសើរ​ចំពោះ​លោក​ឧបនាយក​រដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រុមការងារ​ទាំងអស់ ដែល​បានរៀបចំ​រូបសំណាក​ព្រះថោង​តោងស្បៃ​នាងនាគ នៅ​ខេត្ត​ព្រះសីហនុ​នាពេលនេះ​។

លោក​មានប្រសាសន៍​ថា​៖ «​រូបសំណាក​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បន្ថែមទៀត​នៅលើ​ទឹកដី​នៃ​ខេត្ត​ព្រះសីហនុ​នេះ​។ ក្រុងព្រះសីហនុ​ជា​ក្រុង​មួយ ដែល​បង្កើតឡើង​ដោយ​អតីត​ព្រះមហាវីរក្សត្រ សម្ដេចព្រះ​នរោត្តម​សីហនុ ព្រះបរម​រតនកោដ្ឋ ដែល​ក្នុងនោះ​មាន​រូបតំណាង​ព្រះនាម​ព្រះអង្គ​នៅ​រង្វង់មូល​តោ ​២ ​ស្រាប់​តែម្ដង​»​។

ទាក់ទង​ទៅនឹង​រូបសំណាក​ព្រះថោង​នាងនាគ​នេះ លោក ហ៊ុន សែន បាន​រំឭក​អំពី​ដើមកំណើត​នៃ​ប្រពៃណី​ព្រះថោង​តោង​ស្បៃ​នាងនាគ ដែលមាន​ការផ្សារភ្ជាប់​នូវ​អរិយធម៌ វប្បធម៌​របស់​ខ្មែរ​យើង ជាពិសេស​ទំនៀមទម្លាប់​ប្រពៃណី​ក្នុង​ការរៀប​អាពាហ៍ពិពាហ៍ ដែល​តែងតែ​មាន​ការផ្សារភ្ជាប់​ព្រះថោង​នាងនាគ​ជាពិសេស​ទំនៀម​ទម្លាប់​ប្រុស​ចូល​ដណ្ដឹង​ស្រី​ដែល​កើតមាន​តាំងពី​បុរាណកាល​មក​ម្ល៉េះ​។

លោក​ថ្លែងថា​៖ «​ការសាងសង់​រូបសំណាក​នេះ មិន​ត្រឹមតែ​បង្ហាញ​អំពី​អរិយធម៌ វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ទាក់ទាញ​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ផងដែរ ស្រប​ពេលដែល​ខេត្ត​ព្រះសីហនុ​បាន​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ចំនួន​ ៣៧ ​ខ្សែ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​សំខាន់ៗ​ជាច្រើន​ទៀត​នោះ​»​។

បើតាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា (​គ.អ.ឆ.ក​.) បានឱ្យដឹង​កាលពី​ថ្ងៃទី​ ១៦ ខែមេសា​ថា ខ្សែ​ផ្លូវ​សរុប​ក្នុង​ខេត្ដ​ព្រះសីហនុ​មាន​ចំនួន ៣៧ ​ខ្សែ មាន​ប្រវែង​សរុប ៨៤,០៦៥ ​គីឡូម៉ែត្រ ចែកចេញជា ៣ ​ប្រភេទ គឺ​ប្រភេទ​ទី​ ១ មហាវិថី មាន ៣ ខ្សែ ប្រភេទ​ទី​ ២ វិថី មាន ១៥ ខ្សែ និង​ប្រភេទ​ទី​ ៣ អនុ​វិថី មាន ១៩​ ខ្សែ​។ ក្នុងនោះ​ការងារ​រៀបចំ​រង្វង់​មូល និង​ត្រីកោណ​ប្រសព្វ​មាន​រង្វង់​មូល​មហាវិថី​ឆ្នេរ​រាម​មាន​អង្កត់ផ្ចិត ៩៩ ​ម៉ែត្រ តម្កល់​រូប​បដិមា​ព្រះ​ឧមាមហេសូរ កម្ពស់ ៩ ​ម៉ែត្រ បល្ល័ង្ក កម្ពស់ ៨,៥​ ម៉ែត្រ សរុប​កម្ពស់ ១៧,៥​ ម៉ែត្រ ស្ថិតនៅ​ទី​ប្រសព្វ​គ្នា​រវាង​មហាវិថី ឆ្នេរ​រាម និង​មហាវិថី​រាម​។ រង្វង់មូល​មហាវិថី​ជំទាវម៉ៅ មាន​អង្កត់​ផ្ចិត ៩៩ ​ម៉ែត្រ តម្កល់​រូប​បដិមា ព្រះថោង​នាងនាគ កម្ពស់ ២១ ម៉ែត្រ បល្ល័ង្ក​កម្ពស់ ៦,៤៣ ​ម៉ែត្រ សរុប​កម្ពស់ ២៧,៤៣ ​ម៉ែត្រ ស្ថិតនៅ​ទី​ប្រសព្វ​គ្នា​រវាង​មហាវិថី​ជំទាវ​ម៉ៅ និង​មហាវិថី​ឆ្នេររាម​។ រង្វង់​មូលសីហរាជ​មុខ​ ៣ មាន​អង្កត់ផ្ចិត ៤៤ ​ម៉ែត្រ តម្កល់​រូប​បដិមា​សីហរាជ​មុខ​ ៣ កម្ពស់ ៩ ​ម៉ែត្រ បល្ល័ង្ក​កម្ពស់ ៦,៤៣ ម៉ែត្រ កម្ពស់​សរុប​ ១៥,៤៣ ​ម៉ែត្រ​ស្ថិតនៅ​ទី​ប្រសព្វ​គ្នា​រវាង​វិថី​ជោត្តញ្ញាណ លេខ​ ៧០១ នឹង​ផ្លូវជាតិ​លេខ​ ៤​។ ត្រីកោណ​ប្រសព្វ​ព្រះស្កន្ទ តម្កល់​រូប​បដិមា​ព្រះស្កន្ទ កម្ពស់ ៦,១៨ ​ម៉ែត្រ បល្ល័ង្ក​កម្ពស់ ៦,១៨ ម៉ែត្រ​កម្ពស់​សរុប ១២,៣៦ ​ម៉ែត្រ ស្ថិតនៅ​ទី​ប្រសព្វ​គ្នា​រវាង​វិថី​តេជោ​នឹង​វិថី​ ២ ​ធ្នូ​។ កែលម្អ​រង្វង់​មូល​កងកេង ស្ថិតនៅ​ទី​ប្រសព្វ​គ្នា​រវាង​មហាវិថីរាម​នឹង​ផ្លូវជាតិ​លេខ​ ៤​។

បើតាម គ.អ.ឆ.ក បដិមា​ព្រះថោង​នាងនាគ គឺ​ស្ថិតក្នុង​គម្រោង​នៃ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ចំនួន ៣៧ ខ្សែ​ក្នុង​ក្រុងព្រះសីហនុ​ដែល​ត្រូវ​បានគិត​បញ្ចូល​នូវ​រូបចម្លាក់​សម្រាប់​តម្កល់​នៅ​ទីសាធារណៈ​ ដើម្បី​ឱ្យ​ទីក្រុង​ទំនើប​នេះ មានព្រលឹង​វប្បធម៌​ជាតិ និង​លើកកម្ពស់​ស្នាដៃ​សិល្បៈ​ខ្មែរ​បុរាណ​ឱ្យមាន​ភាព​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​។ ក្នុងនោះ​មាន​បដិមា​ចំនួន ៤ ​ទីតាំង ត្រូវបាន​សម្រេច​ជ្រើសរើស​ដាក់​តម្កល់ រួមមាន​ទី​ ១ បដិមា​ព្រះ​ឧមាមហេសូរ ធ្វើ​ពី​ស្ពាន់ កម្ពស់ ៩ ​ម៉ែត្រ បាន​សាងសង់​រួច ទី​ ២ បដិមា​សីហរាជ​មុខ​ ៣ ធ្វើ​ពី​ស្ពាន់ កម្ពស់ ៩ ​ម៉ែត្រ បាន​សាងសង់​រួច ទី ​៣ បដិមា​ព្រះថោង នាងនាគ ធ្វើ​ពី​ស្ពាន់ កម្ពស់ ២១ ​ម៉ែត្រ ដែល​បានធ្វើ​ពិធី​បដិមាភិសេក​កាលពី​ថ្ងៃទី​ ១៦ ខែមេសា ឆ្នាំ​ ២០២២ និង ទី​ ៤ បដិមា​ព្រះស្កន្ទ​ទ្រង់ក្ងោក​ធ្វើ​ពី​ស្ពាន់​កម្ពស់ ៩ ​ម៉ែត្រ​គ្រោង​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ​ ២០២២​។

គ.អ.ឆ.ក. បញ្ជាក់ថា ខ្មែរ​ក៏ដូចជា​ជាតិ​សាសន៍​ដទៃទៀត​ដែរ គឺមាន​រឿងព្រេង​និទាន​អំពី​ដើមកំណើត​ទឹកដី និង​ដើមកំណើត​បុព្វការី​ជន​ដំបូងបង្អស់​របស់ខ្លួន ហើយ​រឿងព្រេង​ទាំងនោះ​មាន​ចារ​ក្នុង​សិលាចារឹក កត់ត្រា​ក្នុង​កំណត់ហេតុ​ចិន មាន​នៅក្នុង​ឯកសារ​ពង្សាវតារ ឬ​របាក្សត្រ ហើយ​រឿង​ខ្លះទៀត​ស្ថិតនៅក្នុង​ស្មារតី​ចងចាំ​របស់​ខ្មែរ​រហូត​មកដល់​សព្វ​ថ្ងៃ​។

ទោះ​ស្ថិតក្នុង​លក្ខណៈ​ជា​រឿងព្រេង​ដែល​គួរឱ្យ​ជឿជាក់​បាន​តិចតួច​សម្រាប់​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តែ​សាច់រឿង​ទាំងនេះ​មាន​សារៈប្រយោជន៍​យ៉ាងខ្លាំង ចំពោះ​អរិយធម៌​ខ្មែរ​ទាំងមូល និង​បណ្តុះ​ស្មារតី​ប្រជាជន​កម្ពុជា​ឱ្យមាន​ឧត្តមគតិ​ស្រឡាញ់​វប្បធម៌ និង​ជាតិ​មាតុភូមិ​របស់ខ្លួន​។ ការណ៍​នេះ​ញ៉ាំងឱ្យ គ.អ.ឆ.ក ដែល​ទទួល​អនុវត្ត​ការងារ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ចំនួន ៣៧ ​ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ សម្រេច​ជ្រើសរើស​យក​រូបបដិមា​ព្រះថោង​នាងនាគ​មក​ដាក់​តម្កល់​ស្របតាម​ស្ថានភាព​ភូមិសាស្ត្រ និង​មាន​អត្ថន័យ​ជ្រាលជ្រៅ​សម្រាប់​វប្បធម៌ អរិយធម៌​ខ្មែរ​ដែលមាន​តាំងពី​បុរាណកាល​ដល់​បច្ចុប្បន្ន​។

គ.អ.ឆ.ក ថា រូប​បដិមា​ព្រះថោង​នាងនាគ​ធ្វើ​ពី​ស្ពាន់ មាន​កម្ពស់ ២១ ​ម៉ែត្រ ពី​ព្រះ​បាទា​ដល់​មកុដ​មាន​ទម្ងន់ ៦០ ​តោន ដាក់​តម្កល់​នៅលើ​ខឿន​ជើង​ថ្កល់​កម្ពស់ ៧ ​ម៉ែត្រ និង​មាន​កម្ពស់​ពី​ទ្រនាប់​ខ្សាច់ ដល់​កំពូល​មកុដ​សរុប ២៨ ​ម៉ែត្រ តាំង​លើ​ខ្ពង់រាប​មាន ២ ​ថ្នាក់ កម្ពស់ ២,៨ ​ម៉ែត្រ ជា​និមិត្តរូប​នៃ​អាណាចក្រ​នគរ​ភ្នំ​។ បដិមា​ចារឹក​ក្នុង​រង្វង់​មូល​អង្កត់ផ្ចិត ៩៩​ ម៉ែត្រ ស្ថិតនៅ​ចំណុចប្រសព្វ​គ្នា​រវាង​មហាវិថី​រាម និង​មហាវិថី​ជំទាវ​ម៉ៅ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ បដិមា​ព្រះថោង​នាងនាគ​បែរ​ព្រះភ័ក្ត្រ​ទៅ​ទិស​ខាងត្បូង​ឆ្ពោះទៅ​កោះ​សមុទ្ររាម ជា​ឥរិយាបថ​ព្រះថោង​តោង​ស្បៃ​នាងនាគ​ទៅកាន់​ដែន​មហាសាគរ ទ្រង់​ព្រះរាជដំណើរ​យាង​ទៅ​ជួប​ព្រះ​មាតាបិតា​នា​ឋាន​ភុជង្គនាគ ជា​និមិត្តរូប​នៃ​ការកកើត​ទឹកដី វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ​។

បដិមា​ព្រះថោង​នាងនាគ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ក្រុម​ការងារ​បច្ចេកទេស​ផ្លូវថ្នល់​នៃ គ.អ.ឆ.ក​. ដឹកនាំ​ដោយ​បណ្ឌិត​ស្ថាបត្យករ លី រស្មី និង​ទទួល​ផលិត​ដោយ​ក្រុម​ជាង​នរៈសិង្ហ​ដែល​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​ចិន Shanwei Sculpture Institute ក្នុងការ​ចាក់ពុម្ព​ស្ពាន់​៕