ភ្នំពេញៈ ក្នុង​រយៈពេល​ ៣ ​ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ ឆ្នាំ​ ២០២២ ​នេះ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ចំនួន​ ៧ ​ករណី​នៅក្នុង​ខេត្ត​ចំនួន ​៦ រួមមាន​ខេត្ត​បាត់ដំបង ព្រះវិហារ សៀមរាប កំពង់ធំ កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ដោយ​បាន​ឆេះ​ខូចខាត​ផ្ទះ​អស់​ចំនួន​ ៥ ​ខ្នង តូប​លក់ដូរ​ចំនួន​ ១ និង​ឃ្លាំង​រោងចក្រ​អគ្គិសនី​ចំនួន​ ១​។

ទិន្នន័យ​ពី​នាយកដ្ឋាន​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការ​នគរបាលជាតិ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ថ្ងៃទី​ ១៧ ខែមេសា បានឱ្យដឹងថា គ្រោះ​អគ្គិភ័យ​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​នៅ​ឆ្នាំនេះ​មាន​ការថយចុះ​ចំនួន ​២ ​ករណី បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២១ ដែលមាន​រហូតដល់​ ៩​ ករណី​។

ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី ទិន្នន័យ​ដដែល​គូសបញ្ជាក់​ថា​៖ «​យ៉ាងហោចណាស់​មាន ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​រងរបួស​ធ្ងន់ ហើយ​មនុស្ស​ ៥​ គ្រួសារ​ទៀត បាត់បង់​ជម្រក គ្រឿង​បរិក្ខារ​អគ្គិសនី​មួយចំនួន ដែល​ក្នុងនោះ​មាន​ទាំង​ខ្សែកាប្លិ៍​ភ្លើង​ចំនួន​ ៣៨ ​ដុំ និង​ទ្រព្យសម្បត្តិ​មួយចំនួន​ទៀត​បាន​ឆេះ​ខូចខាត​ទាំងស្រុង​»​។

លោក នេត្រ វន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១៧ ខែមេសា​ថា គ្រោះ​អគ្គិភ័យ នៅតែ​ជា​បញ្ហា​ប្រឈម ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​បង្ការ​ទប់ស្កាត់​កុំឱ្យ​កើតមាន​ទាំងអស់​គ្នា ព្រោះ​ករណី​គ្រោះ​អគ្គិភ័យ​ភាគច្រើន កើតឡើង​ពី​ភាពធ្វេស​ប្រហែស​របស់​ម្ចាស់ផ្ទះ គ្រឹះស្ថាន សហគ្រាស និង​រោងចក្រ​។

លោក​បញ្ជាក់ថា​៖ «​ករណី​គ្រោះ​អគ្គិភ័យ​ដែល​បានកើត​ឡើង​ក្នុង​អំឡុងពេល​ ៣​ ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ឆ្នាំ​ ២០២២ ​នេះ ត្រូវបាន​រកឃើញ​មកពី​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​ចំនួន​ ៣ ​ករណី ដុត​ភ្លើងទៀន​ធូប និង​ដុតសំរាម​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ចំនួន​ ៣ ​ករណី និង​ ១​ ករណី​ទៀត​កំពុង​បន្ត​ស្រាវជ្រាវ​»​។ បើតាម​លោក​ វន្ថា គ្រោះអគ្គិភ័យ​នៅក្នុង​អំឡុងពេល​បុណ្យ​ចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​ឆ្នាំនេះ មាន​ការថយចុះ​ចំនួន​ ៧ ​ករណី បើ​ធៀប​ទៅនឹង​រយៈពេល​ ៣ ​ថ្ងៃ​ដូចគ្នា​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ដើមខែ​កុម្ភៈ ឆ្នាំ​ ២០២២ ដែលមាន​ចំនួន​រហូតដល់​ ១៤ ​ករណី​៕