ភ្នំពេញៈ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​ ៤៧ ​លើក​ទូទាំង​ប្រទេស​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​នៃ​ពិបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ឆ្នាំ​ ២០២២​ នេះ​បណ្តាល​ឱ្យ​មនុស្ស​ជិត​ ៣០​ នាក់​បាន​ស្លាប់ និង​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល​ជិត​ ១០០​ នាក់​ផងដែរ​។ របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ចាប់ពី​ថ្ងៃទី ​១៤ ​ដល់ទី​ ១៦ ខែមេសា បាន​លើកឡើងថា យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​ ២៧​ នាក់​ត្រូវបាន​ស្លាប់ និង​ចំនួន​ ៨០​ នាក់​ផ្សេងទៀត​ត្រូវបាន​រងរបួស​ធ្ងន់ និង​ស្រាល​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ពិធីបុណ្យ​នេះ​។

នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ​បានឱ្យដឹងថា ៖ «​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាលមកពី​ការបើកបរ​ហួស​ល្បឿន​, ការ​ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ និង​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ជាដើម​»​។

ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្នុង​ថ្ងៃទី​ ១​ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ត្រូវ​នឹង​ថ្ងៃទី​ ១៤ ខែមេសា ២០២២ ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៨​ លើក​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ៣​ នាក់ និង​រងរបួស​ធ្ងន់​ចំនួន ១២​ នាក់ និង របួសស្រាល​ចំនួន ៣ ​នាក់​។ ចំណែក​ថ្ងៃទី ​២ ដែល​ត្រូវ​នឹង​ថ្ងៃ​​ទី​ ១៥ ខែមេសា គ្រោះថ្នាក់​​ចរាចរណ៍​កើតឡើង​ចំនួន ២៥ ​លើក បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន ១៦ ​នាក់ និង​រងរបួស​ធ្ងន់ ចំនួន ២៧ ​នាក់ និង​របួសស្រាល ចំនួន ៧ ​នាក់​។

រីឯ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្ងៃទី​ ៣ ដែល​ត្រូវ​នឹង​ថ្ងៃទី​ ១៦ ខែមេសា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ១៤​ លើក ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ចំនួន ៨ ​នាក់​ស្លាប់ និង​មាន​អ្នករងរបួស​ធ្ងន់​ចំនួន ២០ ​នាក់ និង​របួសស្រាល ១១ ​នាក់​ផងដែរ​។

នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ​បាន​បន្ថែមទៀតថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ​បាន​កើតឡើង​ស្ទើរតែ​គ្រប់​រាជធានី​-​ខេត្ត ក្នុងនោះ​មានដូចជា រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ តាកែវ កណ្តាល ស្វាយរៀង កំពង់ចាម ពោធិ៍សាត់ ព្រះសីហនុ និង​បណ្តា​ខេត្ត​មួយចំនួនទៀត ជាដើម​។

នា​ពិធី​អភិសេក​រូបសំណាក «​ព្រះថោង​នាងនាគ​» នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ១៦ ខែមេសា ដែលជា​ថ្ងៃទី​ ៣ នៃ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់គ្នា​គោរព​ច្បាប់​ចរាចរណ៍​ពេលធ្វើ​ដំណើរ​ក្នុងពេល​ទៅលេង​កម្សាន្ត​នាឱកាស​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​នេះ ដើម្បី​កុំឱ្យ​ការសប្បាយ​ក្លាយទៅជា​ទុក្ខ ពីព្រោះ​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ជំងឺ​កូវីដ​ ១៩ មិន​បណ្ដាល​ឱ្យមាន​អ្នកស្លាប់​ទេ ប៉ុន្ដែ​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យមាន​អ្នកស្លាប់​ជា​រៀងរាល់ថ្ងៃ​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ណែនាំ​បែបនេះ​ក្នុង​ពេល​លោក និង​ភរិយា បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​អភិសេក​រូបសំណាក «​ព្រះថោង​នាងនាគ​» នៅ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក ថ្ងៃទី​ ១៦ ខែមេសា ឆ្នាំ ២០២២ ដែលជា​ថ្ងៃទី ​៣ នៃ​​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ គឺ​សូម​គោរព​ច្បាប់​ចរាចរណ៍​គ្រប់ៗ​គ្នា​កុំឱ្យ​ការសប្បាយ​ក្លាយទៅជា​ទុក្ខ ដែល​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ជំងឺ​កូវីដ​ ១៩ មិន​បណ្ដាលឱ្យមាន​អ្នកស្លាប់​ទេ កូវីដ​ ១៩ មាន​ឆ្លង​ក្រោម ២០ ករណី ប៉ុន្ដែ​អ្នករងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ស្លាប់​រាល់ថ្ងៃ និង​របួស​រាល់ថ្ងៃ នោះ​ហើយ​ជា​ចំណុច​ដែល​យើង​ត្រូវយក​ចិត្ដ​ទុកដាក់​ទាំងអស់​គ្នា​»​។

រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ផ្អាក​ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​អស់​រយៈពេល​ ២ ​ឆ្នាំ​មកហើយ គឺ​ឆ្នាំ​ ២០២០ និង​ ២០២១ ដោយសារ​មេរោគ​កូវីដ​ ១៩​ បាន​រីក​រាលដាល​ និង​មាន​ការឆ្លង និង​ស្លាប់​ច្រើន​ផងដែរ ប៉ុន្តែ​សម្រាប់​ឆ្នាំ​ ២០២២ ​នេះ កម្ពុជា​បាន​បើក​ឱ្យ​ប្រារព្ធ​ពិធី​នេះ និង​មាន​ការដើរ​កម្សាន្ត​ផងដែរ​។ មុន​ពិធីបុណ្យ​ចូលឆ្នាំ​មកដល់ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​បើកបរ​ដោយ​ការទទួលខុសត្រូវ និង​តម្កល់​ឆន្ទៈ​គោរព​អនុវត្ត​ច្បាប់​ឱ្យបាន​ខ្ជាប់ខ្ជួន​។

លោក​បានលើកឡើង​ឱ្យដឹង​ដែរ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ អ្នកស្លាប់ និង​របួស​នៅតែមាន​ការកើនឡើង ដែល​មូលហេតុ​ចម្បង​បង្កឱ្យមាន​គ្រោះថ្នាក់​គឺ​ការបើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ​អាទិភាព ការ​វ៉ាជែង មិន​ប្រកាន់​ស្តាំ បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង មិន​ពាក់មួក​សុវត្ថិភាព មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព និង​ខ្វះ​ការ​ប្រុងប្រយ័ត្ន ឬ​ខ្វះ​ការយោគយល់​អធ្យាស្រ័យ​គ្នា​ផងដែរ​៕

វីដេអូ៖