ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) នៅ​ថ្ងៃទី​ ១៧ ​មេសា បានចាប់ផ្តើម​ដំណើរ​ការចែក​បណ្ណ​ព័ត៌មាន​ដល់​អ្នក​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៅ​ទូទាំងប្រទេស​សរុប​ចំនួន ៩ ២០៥ ៦៨១ ​នាក់ ស្មើនឹង ៨៧,៩៤% ក្នុងនោះ​ស្រី​ចំនួន ៤ ៩០៤ ៨៣២ ​នាក់ ដើម្បីឱ្យ​ពួកគាត់​បានដឹង​ពី​ឈ្មោះ លេខ​រៀង និង​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​ ៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២​។

លោក​ សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប. ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គ.ជ.ប. នៅ​ថ្ងៃទី​ ១៧ ខែមេសា ឆ្នាំ​ ២០២២ គឺជា​ថ្ងៃ​ដំបូង​នៃ​ការចាប់ផ្តើម​ដំណើរ​ការចែក​បណ្ណ​អ្នកបោះឆ្នោត​ជូន​ដល់​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៅ​ទូទាំងប្រទេស​។ កម្ម​វិធីចែក​បណ្ណ​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​ ១៦ ខែឧសភា ឆ្នាំ​ ២០២២​។ គោលបំណង​សំខាន់​នៃ​ការចែក​បណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​នេះ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​បានដឹង​អំពី​ឈ្មោះ​របស់ខ្លួន​ក្នុង​បញ្ជី​បោះឆ្នោត​លេខ​រៀង​ក្នុង​បញ្ជី​បោះឆ្នោត កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​រួម​នឹង​ការិយាល័យ​បោះឆ្នោត ដែល​អ្នក​មានឈ្មោះ​បោះឆ្នោត​ទាំងនោះ​ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត​។ បណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោត​នេះ​មាន​ភាពងាយស្រួល​ក្នុង​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​។

បើតាម​លោក​សោម សូរីដា ការទទួលបាន​បណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោត​នេះ​មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​បានកត់សម្គាល់​នូវ​ឯកសារ​ដែល​ប្រជាពលរដ្ឋ ត្រូវ​ប្រើ​សម្រាប់​បោះឆ្នោត​នោះ គឺ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែល​មាន​សុពលភាព​។ ចំពោះ​ប្រជាពលរដ្ឋ​មាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ផុត​សុពលភាព ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​របស់​គាត់​ខូច ឬ​បាត់ បុគ្គល​នោះ ត្រូវ​ទៅ​ជួប​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត ដើម្បី​បំពេញបែបបទ​សុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការបោះឆ្នោត ដែល​មាន​រយៈពេល​ ៣០ ​ថ្ងៃ ក្នុង​ការផ្តល់​ជូន​ប្រជាពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​ទេ កាលបរិច្ឆេទ​ចុងក្រោយ​នៃ​ការឈប់​ផ្តល់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឱ្យ​ការបោះឆ្នោត​នេះ​ត្រឹម​ថ្ងៃ​សុក្រ ទី​ ៣ មិថុនា ឆ្នាំ​ ២០២២​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​រួសរាន់​ទៅសុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ បម្រើឱ្យ​ការបោះឆ្នោត​ក្នុង​ករណី​ដែល​អត់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​សម្រាប់​បម្រើឱ្យ​ការបោះឆ្នោត​»​។

លោក ​សុខ ហ៊ីង ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តបាត់ដំបង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៧​ មេសា ថា សម្រាប់​ខេត្តបាត់ដំបង​កំពុងតែ​ដំណើរ​ការចែក​បណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​ដោយ​រលូន នៅ​ថ្ងៃទី​ ១​ នេះ​មិនមាន​អ្វី​ជា​បញ្ហា​នោះទេ​។ លោក​បន្តថា លោក​កត់សម្គាល់ឃើញ ប្រជាពលរដ្ឋ​នៅតាម​ផ្ទះ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ទទួលយក​បណ្ណ​នេះ​ដោយ​រីករាយ និង​ត្រៀម​ទៅ​ចូលរួម​បោះឆ្នោត​នៅពេល​ខាងមុខ​។

លោក​បាន​ថ្លែងថា​៖ «​យើង​ចុះ​ដល់​ខ្នង​ផ្ទះ យើង​អត់​ប្រមូលផ្តុំ​ទេ ដោយ​ក្នុងនោះ តាម​ការណែនាំ​របស់​ គ.ជ.ប. យើង​បាន​បង្កើតជា​ក្រុម មាន PEC ជា​ប្រធាន ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​មេភូមិ​ជា​សមាជិក​។ មាន​ឃុំ សង្កាត់​ខ្លះ​ចែកជា​ ២​ ក្រុម និង​ឃុំ សង្កាត់​ខ្លះទៀត ចែកជា​ ៣ ​ក្រុម ទៅតាម​ស្ថានភាព​ភូមិតូច ឬ​ធំ ដើម្បី​ចែក​បណ្ណ​ព័ត៌មាន អ្នកបោះឆ្នោត​»​។

ទោះជា​យ៉ាងណា លោក​ថា ក៏មាន​ការលំបាក​ក្នុង​ការចែក​បណ្ណ​ព័ត៌មាន​ជូន​ដល់​ប្រជាពលរដ្ឋ​មួយចំនួន ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ដោយផ្ទាល់​ដៃ​ដែរ ដោយសារតែ​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ធ្វើ​ចំណាកស្រុក ធ្វើដំណើរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​។ ប៉ុន្តែ​ក្រុមការងារ​ក៏បាន​ផ្តល់​ទៅឱ្យ​ក្រុមគ្រួសារ ឬ​សាច់ញាតិ​របស់​ពួកគេ ដែល​រស់នៅ​ក្បែរ​គ្នា ដើម្បី​រក្សា​ទុកឱ្យ​ពួកគេ នៅពេលដែល​ត្រឡប់​មកវិញ​។

លោកស្រី ​អ៊ាង សារិ ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តក្រចេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១៧ ខែមេសា​ថា ការចែក​បណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​នៅ​ថ្ងៃដំបូង​នៅក្នុង​មូលដ្ឋាន​ខេត្ត​ក្រចេះ កំពុងតែ​ដំណើរការ​ទៅជា​ធម្មតា និង​ទៅតាម​ផែនការ​របស់ខ្លួន ដោយ​មិនទាន់មាន​អ្វី​ដែលជា​បញ្ហា​រាំងស្ទះ គួរឱ្យ​កត់សម្គាល់​នោះទេ​។

លោកស្រី​ថ្លែងថា​៖ «​សម្រាប់​ខេត្តក្រចេះ អត់​មាន​អ្វី​ជា​បញ្ហា​ទេ គឺ​យើង​កំពុងដំណើរការ​។ នៅ​គ្រប់​គណៈកម្មការ​ឃុំ​-​សង្កាត់ បាន​រាយការណ៍​មាន​ទាំង​រូបភាព​ពួកគាត់​បាន​ចែក​ទៅតាម​ផែនការ​របស់គាត់ មាន​ទាំង​ប្រមូលផ្តុំ​គ្នា​ជា​ក្រុម និង​ចុះ​ចែក​នៅតាម​ខ្នង​ផ្ទះ​។ យ៉ាងណា​មិញ ក៏​យើង​មិនអាច​ចែក​ឱ្យអស់​ថ្ងៃ​ហ្នឹង​បានទេ ព្រោះ​យើង​មាន​រយៈពេល​រហូត​ទៅដល់​ ១​ ខែ​។ យើង​ធ្វើ​ទៅតាម​ផែនការ និង​ប្រតិទិន ដើម្បី​ចែក​ឱ្យទៅ​ដល់ដៃ​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត​»៕