ភ្នំពេញៈ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប)​ បានប្រកាស​បិទ​បញ្ចប់​នូវ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្ហាត់ និង​មន្ត្រី​ គ.ជ.ប ​ស្តីពី​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ឆ្នាំនេះ មុន​ ១​ ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​។

គ.ជ.ប ​បានប្រកាស​ឱ្យដឹងថា វគ្គ​បណ្តុះបណ្តាល​រយៈពេល​ ៣ ​ថ្ងៃ សម្រាប់​គ្រូបង្ហាត់ និង​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(​គ.ជ.ប ​)​ ស្តីពី​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ ត្រូវបាន​បិទ​បញ្ចប់​នា​រសៀល​ថ្ងៃទី​ ១៣ ខែមេសា ឆ្នាំ ​២០២២ ​នៅ​ទីស្តីការ គ.ជ.ប ​។

លោក​ ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) បាន​ថ្លែងថា ដើម្បីឱ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ​អាណត្តិ​ទី ​៥ ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​មានការ​ទទួលស្គាល់​ពី​ភាគី​ពាក់ព័ន្ធ​, គ.ជ.ប ​បាន​កសាង​ប្រតិទិន និង​ផែនការ​មេ និង​បាន​អនុវត្ត​សម្រេច​ការងារ​តាម​ដំណាក់កាល​។

លោក​បាន​បន្តថា ជាពិសេស​ការអនុម័ត​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​-​ឃុំ សង្កាត់​អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ (​ប.ន.ឃ.ស)​ ដែលជា​ឯកសារ​គតិយុត្ត​ដ៏សំខាន់​មួយ​សម្រាប់​ការអនុវត្ត​ជាក់ស្តែង​។

លោក​ ទេព នីថា បាន​បញ្ជាក់ថា​៖ «​ដើម្បី​ជំរុញ​ឱ្យ​ការបោះឆ្នោត​អាច​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​បាន ក្រៅពី​ការកសាង​លិខិតបទដ្ឋាន​គតិយុត្ត​ដែលមាន​លក្ខណៈ​ល្អប្រសើរ និង​គ្រប់​ជ្រុងជ្រោយ​ហើយ​នោះ ការបណ្តុះបណ្តាល​​បំពាក់បំប៉ន​ ដើម្បី​ពង្រឹងសមត្ថភាព​របស់​មន្ត្រី​បោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ឱ្យមាន​ការយល់ដឹង​ច្បាស់លាស់​អំពី​ច្បាប់​បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត​»​។

លោក​បាន​បន្ថែមថា​៖ «​នេះ​គឺជា​កត្តា​សំខាន់​ដែល​ គ.ជ.ប ត្រូវយក​ចិត្ត​ទុកដាក់​អនុវត្ត​ឱ្យ​ហ្មត់ចត់ ហើយ​នេះ​គឺជា​ហេតុផល​សំខាន់​នាំឱ្យ​មាន​ការជួបជុំ​គ្នា​ដើម្បី​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​។ ​ផ្អែក​តាម​របាយការណ៍​បូកសរុប​លទ្ធផល​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​ឃើញថា សិក្ខាកាម​ទាំងអស់ មាន​ការយល់ដឹង​អំពី​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​បានល្អ​ប្រសើរ​»​។

លោក ទេព នីថា បាន​ណែនាំ​ដល់​គ្រូបង្ហាត់​ទាំងអស់​ត្រូវ​ត្រៀម​រៀបចំ​សម្ភារ​ឧបទ្ទេស និង​ត្រៀមលក្ខណៈ​ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​បន្ត​នៅ​ថ្នាក់ គ.ជ.ប ជូន​គណៈកម្មាធិការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត​ (​គធ.ខប​) ​តំណាង​គណបក្សនយោបាយ តំណាង​អង្គការ​សង្កេតការណ៍ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​តាម​ផែនការ និង​ប្រតិទិន​ដែល​បានកំណត់​។

គួរ​បញ្ជាក់ថា គ.ជ.ប តែងតែ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជូន​ដល់​មន្ត្រី​បម្រើ​ការងារ​បោះឆ្នោត និង​ភាគី​ពាក់ព័ន្ធ​នានា​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​បូករួម​នឹង​ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ ដើម្បី​ត្រៀម​មុន​ដំណាក់កាល​នីមួយៗ​នៃ​ការបោះឆ្នោត​ចូលមក​ដល់​។ ចំពោះ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំនេះ គ.ជ.ប បាន​អនុវត្ត​ការងារ និង​សម្រេចបាន​នូវ​លទ្ធផល​សម្រាប់​ដំណាក់កាល​ទី​ ១ និង​ទី​ ២ រួចមកហើយ​នោះ គឺ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០២១ និង​ការចុះបញ្ជី​បេក្ខជន​នៃ​គណបក្សនយោបាយ​។

រីឯ​ដំណាក់កាល​ទី​ ៣ គឺ​ការ​ឃោសនា​បោះឆ្នោត និង​ដំណាក់កាល​ទី​ ៤ គឺ​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត ដោយ គ.ជ.ប បានគិត​គូរ និង​ត្រៀម​ទុកជាមុន​ដូចដែល​មាន​វគ្គបណ្តុះបណ្តាល​រយៈពេល ៣ ​ថ្ងៃនេះ​ជា​ឧទាហរណ៍​ស្រាប់​៕