ភ្នំពេញៈ​ ក្នុង​រយៈពេល​ ១៤ ​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ​១​ រហូតដល់​ថ្ងៃទី​ ១៤ ខែមេសា ឆ្នាំ​ ២០២២ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ផាកពិន័យ​យានយន្ត​ល្មើ​សរុប​ចំនួន​ជាង​ ៧ ​ពាន់​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​ ៥ ៦៦៣​ គ្រឿង នៅ​ទូទាំង​ប្រទេស​។ នេះ​បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។

យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ថ្ងៃទី​ ១៤ ខែមេសា បានឱ្យដឹងថា ក្នុង​រយៈពេល​ ១៤ ​ថ្ងៃ​នៃ​ខែមេសា សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ផាកពិន័យ​យានយន្ត​ចំនួន​ជាង​ ៧​ ពាន់​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​ ៥ ៦៦៣ ​គ្រឿង​។ របាយការណ៍​ដដែល​បាន​ឱ្យដឹង​ទៀតថា រយៈពេល​នេះ​ការអនុវត្តតាម​អនុក្រឹត្យ ការផាកពិន័យ​យានយន្ត​ល្មើស​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ​ដោយ​ទទួល​បាន​ការគាំទ្រ​ជាពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​បាន​​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អប្រសើរ​។

របាយការណ៍​សរសេរ​ថា​ «​ក្នុង​រយៈពេល​ ១៤​ ថ្ងៃ (​ថ្ងៃទី​ ១-១៤ ខែមេសា​) ​ការរឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក យានយន្ត​ចូល​គោលដៅ​មាន​ចំនួន ៤៨ ៥០៥ ​គ្រឿង ក្នុង​នោះ​រកឃើញ​យានយន្ត​ល្មើស​​សរុប​ចំនួន​ ៧ ០១៤ ​គ្រឿង ម៉ូតូ​មាន​ចំនួន ៥ ៦៦៣ ​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ ៣៩ អនក្រ.បក នៅ​ទូទាំង​ប្រទេស​»​។

តាមរយៈ​របាយការណ៍​ដដែល​បញ្ជាក់ថា ដោយឡែក​នៅ​ថ្ងៃទី ​១៤ ខែមេសា នៅតាម​គោលដៅ​សរុប​ ៨៩ មាន​យានយន្ត​ចូល​ចំនួន ១ ០១៩ ​គ្រឿង​ក្នុង​នោះ​មាន​ម៉ូតូ​ ៧៥៤ ​គ្រឿង​ហើយ​​បាន​រកឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ១៥៥​ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៤៤ ​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ ៣៩.​ អនក្រ.បក នៅ​ទូទាំង​ប្រទេស​។

លោក មាស ចាន់ឌី មន្ត្រី​អង្គការ​ទ្រទ្រង់​សុវត្ថិភាព​កម្ពុជា​ថ្លែង​នៅ​ថ្ងៃទី​ ១៧ ខែមេសា​ថា ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជា​រឿង​ចាំបាច់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរាណ៍​ និង​ឱ្យ​ពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​។ លោក​ថា កាលណា​មន្ត្រីនគរបាល​ចរាចរណ៍​រឹតបន្តឹង​កាន់តែខ្លាំង​នោះ​នឹង​ធ្វើឱ្យ​អ្នកប្រើប្រាស់​ផ្លូវ​ និង​អ្នកបើកបរ​ទាំងឡាយ​កាន់តែ​មានការ​ចូលរួម​គោរព​ច្បាប់​កាន់តែច្រើន​។ លោក​បន្តថា ជាការ​កត់សម្គាល់​ក្នុងពេល​បច្ចុប្បន្ននេះ មនុស្ស​ភាគច្រើន​បាន​យល់ដឹង​អំពី​ច្បាប់ និង​មាន​ការគោរព​ច្បាប់​ចរាចរណ៍​បានល្អ​ប្រសើរ​បើ​ប្រៀបធៀប​នឹង​ ៥ ​ឆ្នាំមុន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា វា​មិន​សំខាន់​លើ​ចំនួន​ផាក​បាន​ច្រើន បាន​តិច ឬ​ចំនួន​យានយន្ត​ប៉ុន្មាន​ម៉ឺន​គ្រឿង​អី​នោះ​​ទេ សំខាន់​លើ​ថា​តើ​សណ្តាប់ធ្នាប់​កាន់តែ​ល្អប្រសើរ​ឬ​យ៉ាងណា​? ​សម្រាប់​ទស្សនៈ​របស់ខ្ញុំ ខ្ញុំ​ឃើញថា អ្នកបើកបរ​មួយ​​ចំនួន​ធំ​គឺ​គាត់​យកចិត្ត​ទុកដាក់​គោរព​ច្បាប់​ចរាចរណ៍​មែនទែន លើកលែងតែ​មួយចំនួន​តូច​ទេ​នៅ​ល្មើស​»​។

លោក មាស ចាន់ឌី បានបញ្ជាក់​ផងដែរ​ថា ការផាកពិន័យ​ដែលមាន​ចំនួន​ទឹកប្រាក់​ច្រើន​គឺជា​មូលហេតុ​មួយ ដើម្បីឱ្យ​ពលរដ្ឋ​ភ្ញាក់រឭក​ក្នុងការ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការផាកពិន័យ​ចំនួន​ច្រើន​ដូច្នេះ​វា​អាច​ប៉ះពាល់​ថវិកា​ដែល​អ្នកធ្វើដំណើរ​មាន ហេតុនេះ​គាត់​ត្រូវតែ​គោរព​ច្បាប់ ត្រូវតែ​ខ្លាច ធ្វើ​ម៉េច​កុំឱ្យ​ប៉ូលិស​ផាក​បាន ព្រោះ​បើ​ប៉ូលិស​​ផាក​គឺ​អស់​លុយ​ច្រើន ដូច្នេះ​គាត់​ចាំបាច់ ទោះជា​ចង់ ឬ​មិន​ចង់​ត្រូវតែ​បង្ខំចិត្ត​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន​»​។

លោក មាស ចាន់ឌី បានលើកឡើង​ទៀតថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​មិនមាន​ការ​កើនឡើង​ធ្ងន់ធ្ងរ​ពេក​ទេ បើ​ប្រៀបធៀប​ចំនួន​ប្រជាជន​ជាមួយនឹង​ចំនួន​កំណើន​យានយន្ត ធៀបនឹង​ផ្លូវថ្នល់​ដែល​កម្ពុជា​ធ្វើបាន ប៉ុន្តែ​យ៉ាងណាក៏ដោយ ការងារ​នេះ​គឺ​នៅតែ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ជា​រឿង​សំខាន់​ថែមទៀត​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូមឱ្យ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ចរាចរណ៍​ទាំងអស់​ខិតខំ​ធ្វើការ​ពិនិត្យឡើងវិញ​កែលម្អ​ប្រសិទ្ធភាព​នៃ​ការរឹតបន្តឹង​ច្បាប់​ប្រសិទ្ធភាព​នៃ​ការអប់រំ​ផ្សព្វផ្សាយ​ឡើងវិញ​ឱ្យបាន​ល្អ ព្រោះ​ដើម្បី​ទាញ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​លុះត្រាតែ​យើង​ធ្វើឱ្យមាន​ប្រសិទ្ធភាព​ជាប់​ជានិច្ច កុំ​ធ្វើ​ឈប់ ធ្វើ​ឈប់​»​។

ជុំវិញ​ការរឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​គឺ​សមត្ថកិច្ច​មិនមាន​ការបន្ធូរបន្ថយ​ឡើយ សូម្បីតែ​នៅក្នុង​អំឡុងពេល​នៃ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​​ខ្មែរ​ក៏ដោយ​៕