បាត់ដំបងៈ ​ក្នុង​ត្រីមាស​ទី​ ១ នៃ​ឆ្នាំ ​២០២២​ នេះ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង​បាន​អនុវត្ត​ការងារ​ចុះបង្ក្រាប​បទល្មើស​ជលផល​បាន​ចំនួន​ ៣៨ ​ករណី ដោយបាន​ចាប់​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​ចំនួន​ ៥​ នាក់​បញ្ជូនទៅ​តុលាការ និង​បាន​រឹបអូស​​របាំង​សាច់​អួន និងរ​បាំងសាច់​ស្បៃមុង​សរុប​ប្រវែង ១៨ ៥៦០ ​ម៉ែត្រ ព្រមទាំង​ឧបករណ៍​នេសាទ​ខុសច្បាប់​ជាច្រើន​ទៀត​។ នេះ​បើតាម​ទិន្នន័យ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ១៣ ខែមេសា​។

នៅក្នុង​របាយការណ៍​ដែល​ផ្ដល់ឱ្យ​​ដោយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង បានបង្ហាញ​ពី​ស្ថិតិ​បទល្មើស​ជលផល ប្រចាំត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ សរុប ៣៨ ​ករណី ក្នុងនោះ ករណី​បំផ្លាញ​វត្ថុតាង​ចោល​អនុវត្តបាន​ចំនួន ៣៣ ករណី កសាង​សំណុំ​រឿង​បញ្ជូនទៅ​តុលាការ​ចំនួន​ ៥ ​ករណី និង​បាន​រឹបអូស​វត្ថុតាង​នៃ​បទល្មើស​រួមមាន របាំង​សាច់​អួន​ប្រវែង​ ១៨ ២៦០ ​ម៉ែត្រ​,​សាច់​ស្បៃមុង​ប្រវែង​ ៣០០ ​ម៉ែត្រ​, លូស្បៃមុង​ចំនួន​ ២៤ ​មាត់​, លបឡុក​ចំនួន​ ១១៣ ​គ្រឿង​, បង្គោល​ឈើ​ និង​ឫស្សី​ចំនួន​ ៧ ៨០០​ ដើម​, អាំងវែរទ័រ ២​ គ្រឿង​, អាគុយ​ ១ ​គ្រឿង និង​ដង​ឆក់ ២ ​គូ ព្រមទាំង​បាន​លែង​កូន​ត្រី​ចម្រុះ​ប្រភេទ និង​ត្រីរ៉ស់​ចូល​បឹង​ធម្មជាតិ សរុប​ចំនួន ១ ១៩០ គីឡូក្រាម​។

លោក​ ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រៅពី​ការងារ​បង្ក្រាប​បទល្មើស​ជលផល ក្រុម​ការងារ​របស់​លោក​បាន​សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ជា​ដៃគូ​ចុះ​ផ្សព្វផ្សាយ​អំពី​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ធនធាន​មច្ឆជាតិ​នៅ​កម្ពុជា ដល់​ប្រជាសហគមន៍​នេសាទ ជាពិសេស​អ្នក​ដែល​រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​នៃ​លំហ​បឹង​ទន្លេសាប ដើម្បីឱ្យ​ពួកគាត់​បាន​យល់ដឹង និង​ចូលរួម​ទប់ស្កាត់​បទល្មើស​ជលផល​ និង​បទល្មើស​កាប់រាន ឈូសឆាយ និង​ដុតបំផ្លាញ​ដីព្រៃ​លិច​ទឹក​។

លោក​បាន​ថ្លែងថា​៖ «​ការបង្ក្រាប​បទល្មើស​ជលផល និង​បទល្មើស​កាប់​រាន​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​បឹងទន្លេសាប គឺ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ការចូលរួម​របស់​អាជ្ញាធរ​ និង​ប្រជា​សហគមន៍​ក្នុង​មូលដ្ឋាន​ផ្ទាល់​តែម្ដង បើ​ពុំ​នោះទេ កិច្ចការ​នេះ​នឹង​មិនអាច​ទទួលបាន​ជោគជ័យ​ឡើយ »​។

បើតាម​លោក សុភា ផ្ទៃដី​ព្រៃ​លិចទឹក​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាត់ដំបង​មាន​ចំនួន ២០៦ ៩៥៣ ​ហិកតា​។ ចំពោះ​ការងារ​អភិរក្ស​ និង​អភិវឌ្ឍ​វិស័យ​ជលផល​នៅក្នុង​ខេត្ត​នេះ គឺ​​ក្រុមការងារ​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បាន​បង្កើត​កសិដ្ឋាន​ភ្ញាស់​កូន​ត្រី​ពូជ ចំនួន​ ១៣ ​កន្លែង​, បង្កើត​សហគមន៍​​នេសាទ​ចំនួន​ ៤៦​ សហគមន៍​,​ជួយ​ជីក​ស្ដារ​ស្រះ​ជម្រក​ត្រី​សហគមន៍​បាន​ចំនួន​ ៤៥​ កន្លែង​, រៀបចំ​កន្លែង​អភិរក្ស​ត្រី​មេ​ពូជ​ជូន​សហគមន៍ បាន​ចំនួន​ ៤៩ ​កន្លែង បង្កើត​តំបន់​អភិរក្ស​ចំនួន​ ៧​ កន្លែង មាន​ផ្ទៃដី​សរុប ៥៣ ៧៥០​ ហិកតា​។

បន្ទាប់ពី​មាន​បទបញ្ជា​ដ៏តឹងរ៉ឹង​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រសួង​ពាក់ព័ន្ធ រួមទាំង​រដ្ឋបាលខេត្ត​ជុំវិញ​បឹង​ទន្លេសាប​បាន​សហការ​ចុះល្បាត​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ជលផល​គ្រប់​រូបភាព​ទាំងអស់​ក្នុង​គោលបំណង​បង្កើន​ធនធាន​មច្ឆជាតិ​នៅក្នុង​តំបន់​បឹង​ទន្លេសាប​ឱ្យ​សម្បូរ​ឡើងវិញ​។

លោក អ៊ឹង ទ្រី អ្នកនាំពាក្យ​រដ្ឋបាល​ជលផល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សកម្មភាព​នៃ​ការចុះ​ល្បាត​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​នេសាទ​បាន​ធ្វើ​ឡើងជា​ប្រចាំ ជាពិសេស​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំនេះ កម្លាំង​គណៈកម្មការ​ចម្រុះ​ថ្នាក់ជាតិ រួមទាំង​ថ្នាក់​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប បាន​បន្ត​យុទ្ធនាការ​ចុះ​ល្បាត​គ្រប់​ច្រកល្ហក​ទាំង​ក្នុង​តំបន់​ព្រៃ​លិចទឹក និង​នៅក្នុង​តំបន់​លម្ហ​នៃ​បឹង​ទន្លេសាប​។

លោក​បាន​បញ្ជាក់ថា​៖ « តាំងពី​ខ្ញុំ​ចូល​បម្រើ​ការងារ​នៅក្នុង​វិស័យ​ជលផល​នេះ​មក ខ្ញុំ​មិនដែល​ឃើញ​ឆ្នាំ​ណា ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស មិន​លួច​ធ្វើ​សកម្មភាព​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំថ្មី​ដូច​ឆ្នាំនេះ​​ឡើយ​។ ពួកគេ​ហាក់ដូចជា​បាក់ស្បាត​ចាប់តាំងពី​មាន​បទបញ្ជា​របស់​សម្ដេច​តេជោ និង ​វិធានការ​ថ្មីៗ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឱ្យ​បង្ក្រាប​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ទាំងអស់​តាម​គ្រប់​រូបភាព​​ដោយ​គ្មាន​ការលើកលែង​»​។

លោក​បាន​បន្ថែមថា ប្រជានេសាទ​ដែល​រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក និង​នៅលើ​គោក បាននាំគ្នា​លេង​រាំរែក ជះ​ទឹក ប៉ាត​ម្សៅ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​តាម​ទី​អារាម និង​រមណីយដ្ឋាន​នានា​អស់​ធ្វើឱ្យ​ស្ថានភាព​បទល្មើស​នេសាទ​ស្ងប់ស្ងាត់ គ្មាន​បទល្មើស​កើតឡើង​។ ​ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី ក្រុមការងារ​ចម្រុះ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប មិន​ធ្វេសប្រហែស​ឡើយ គឺ​បណ្ដាក់​គ្នា​ប្រចាំការ​នៅតាម​បញ្ជាការដ្ឋាន​ស្រាល និង​ល្បាត​ឃ្លាំមើល​​បទល្មើស​ជាប្រចាំ​៕