ពោធិ៍សាត់ៈ ជនសង្ស័យ​ម្នាក់​ដែល​ចាក់​គូទំនាស់​នឹង​កាំបិត​កៃ​ស្លាប់​ម្នាក់​កាលពី​យប់​ថ្ងៃទី​ ១៥​ មេសា​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត កាលពី​ថ្ងៃទី​ ១៦​ មេសា បន្ទាប់ពី​នគរបាល​ចាប់ខ្លួនបាន​ ១​ ថ្ងៃ ប្រព្រឹត្ត​នៅ​ភូមិ​ក្សេត្របូរី ឃុំ​សន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។

លោក ម៉ូ លីដា ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តពោធិ៍សាត់ ឱ្យដឹង​នៅ​ថ្ងៃទី​ ១៧ ​មេសា​ថា បុរស​ឈ្មោះ ស្វាយ ពៅ អាយុ ៣២ ​ឆ្នាំ​ដែល​ចាក់​បុរស​ម្នាក់ទៀត​ស្លាប់​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ពោធិ៍សាត់ ហើយ​កាលពី​ថ្ងៃទី​ ១៦ ​មេសា​។

លោក​ថ្លែងថា​៖ «​ជន​ឈ្មោះ ស្វាយ ពៅ ត្រូវបាន​លោក​ចៅក្រម​ស៊ើបសួរ យ៉ិន សារឿន សម្រេច​ចេញ​ដីកា​ឃុំ​តាម​ការចោទប្រកាន់​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​។ ជន​ម្នាក់នេះ​ត្រូវ​ចោទ​បទ​ឃាតកម្ម​តាម​មាត្រា​ ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​»​។

យោង​មាត្រា​ ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​នេះ ប្រសិនបើ​តុលាការ​រកឃើញថា ជន​ត្រូវចោទ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន​នោះ​នឹង​ត្រូវ​ផ្តន្តាទោស​ដាក់ពន្ធនាគារ​ពី​ ១០ ​ទៅ​ ១៥ ​ឆ្នាំ​។

លោក លីដា ប្រាប់​តាម​សម្តី​សាក្សី​ថា កាលពី​វេលា​ម៉ោងជាង​ ១១​ យប់ ថ្ងៃទី​ ១៥ ខែមេសា ជនរងគ្រោះ​ឈ្មោះ ផាន់ កូរ ភេទ​ប្រុស អាយុ​ ៣២ ​ឆ្នាំ បាន​ជិះ​ម៉ូតូ​ ១ ​គ្រឿង​ឌុប​ឈ្មោះ សេន សុខឃឿន និង​ឈ្មោះ សេន សុខខេង ចេញពី​រាំ​ធុងបាស​នៅ​វត្ត​ក្សេត្របូរី ពេលធ្វើ​ដំណើរ​តាម​ផ្លូវដី​ក្រួស​ក្រហម​ស្រាប់​តែមាន​ម៉ូតូ​ ១​ គ្រឿង​ទៀត​បើក​បញ្ច្រាស់ទិស​គ្នា​ដែលមាន​ឈ្មោះ​ ស្វាយ ពៅ​ (​ជនល្មើស​)​។ នៅពេល​ភាគី​ទាំងសងខាង​បើក​ម៉ូតូ​មក​ជិត​ដល់​គ្នា​ធ្វើឱ្យ​ភ្លើង​ហ្វារ​ម៉ូតូ​របស់​ជន​ត្រូវ​ចោទ​ជះ​ពន្លឺ​ចាំង​ភ្នែក​ជនរងគ្រោះ រួច​បង្ក​ជា​ជម្លោះ​ចាក់​គ្នា​ស្លាប់​។

បើតាម​លោក លីដា ក្រោយពី​ជនរងគ្រោះ​ដឹងថា ខ្លួន​ត្រូវបាន​ជនសង្ស័យ​ចាក់​ត្រូវ​ចំពោះ​ហើយ​នោះ ក៏បាន​លែង​កអាវ​ជនសង្ស័យ​ហើយ​ខ្ទប់​ត្រង់​មុខ​របួស​រត់​សំដៅ​ទៅរក​គ្នីគ្នា​របស់គាត់​ឱ្យជួយ​។ ពេលនោះ​ឈ្មោះ សេន សុខឃឿន និង​ឈ្មោះ សេន សុខខេង បាន​ស្ទុះ​ទៅ​ចាប់​ក្បាល​ម៉ូតូ​ជនសង្ស័យ​បំណង​ឃាត់​កុំឱ្យ​បើក​ទៅ​មុខតែ​ឃាត់​មិនបាន​។ ដោយសារ​តែ​គ្នីគ្នា​មាន​របួសធ្ងន់​ពេក​ក៏​ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ភ្នំក្រវាញ​តែ​ត្រូវបាន​គ្រូពេទ្យ​ប្រាប់ថា ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅហើយ​។

លោក​បញ្ជាក់ថា ក្រោយពី​ដឹងថា ជនរងគ្រោះ​ស្លាប់​ហើយ​នោះ​ឈ្មោះ សេន សុខឃឿន និង​ឈ្មោះ សេន សុខខេង បាន​ទៅប្តឹង​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍​ឃុំ​សន្ទ្រែ ហើយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​យប់​ថ្ងៃទី​ ១៥​ មេសា​ដែលជា​ថ្ងៃ​បង្កហេតុ​នោះ​តែម្តង​៕