ភ្នំពេញៈ ក្រុមការងារ​នៃ​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ក្រសួង​ការពារជាតិ​នឹង​ចាប់ផ្តើម​ការងារ​បន្ត​ក្នុង​ការបើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ជំរុញ​ទៅដល់​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​មួយចំនួន​ដោយបាន​កំណត់​យក​ថ្ងៃ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​រយៈពេល ១០ ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​ ២០ មេសា​។

នេះ​បើតាម​លោក ឥត សារ៉ាត់ នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ នៃ​ក្រសួង​ការពារជាតិ ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​ការងារ​ស្តីពី​ការបន្ដ​បើក​យុទ្ធនាការ​ពិសេស​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ដូស​ជំរុញ​ជូន​ប្រជាពលរដ្ឋ នា​ព្រឹក​ថ្ងៃទី​ ១៨ ខែមេសា​។

លោក​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ Zoom ថា ការងារ​បន្ត​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​នេះ​នឹង​បន្ត​ធ្វើឡើង​នៅ​បណ្ដា​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​បណ្ដា​ស្រុក​ក្នុង​ខេត្ត​មួយចំនួន​ដូចជា ខេត្ដ​កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង និង​ខេត្ដ​កំពង់ចាម​។

ជាមួយ​គ្នា​នោះដែរ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ​ជាមួយនឹង​លោក ឥត សារ៉ាត់ ​រួចមក លោក ពៅ ផារី នាយរង​សេនាធិការ​ចម្រុះ ខ.ភ.ម មេបញ្ជាការរង និង​ជា​នាយសេនាធិការ បញ្ជាការដ្ឋាន​វិស្វកម្ម បាន​បើក​កិច្ចប្រជុំ​ដោយផ្ទាល់​ជាមួយ​នឹង​មន្ត្រី​ពាក់ព័ន្ធ​ពី​ស្ថានភាព​ការងារ​បន្ត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ​១៩ ដូស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​នេះ​ផងដែរ​។

លោក​ ពៅ ផារី មានប្រសាសន៍​ថា៖ «​ដោយ​ផ្ដោតលើ​ការងារ​សំខាន់ៗ​ចំពោះមុខ​ជាអាទិ៍ យុទ្ធនាការ​លើក​នេះ​ជា​យុទ្ធនាការ​ពិសេស​ប្រញាប់ ហើយ​កំណត់​ថ្ងៃ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​រយៈពេល ១០ ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​ ២០ ដល់​ថ្ងៃទី​ ៣០ ខែមេសា ឆ្នាំ​ ២០២២»​។

លោក​បាន​បន្តថា លក្ខណៈ​សំខាន់​នៃ​យុទ្ធនាការ​នេះ​គឺ​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​វ៉ាក់សាំង​រត់​រក​មនុស្ស និង​ចាក់​វ៉ាក់សាំង​បណ្ដើរ រុករក​មុខសញ្ញា​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩​ បណ្ដើរ​។ លោក ពៅ ផារី បាន​បញ្ជាក់ថា៖ «​ក្រុមការងារ​ត្រូវធ្វើ​ការដឹកជញ្ជូន​ទុកដាក់-​ថែទាំ​-​ និង​ប្រើប្រាស់​វ៉ាក់សាំង​ឱ្យបាន​ល្អ​ជាប់​ជាប្រចាំ​ព្រមទាំង​យក​ចិត្ដ​ទុកដាក់​ខិតខំ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​កុំឱ្យ​ហួស​ពេលវេលា​ផុត​សុពលភាព​វ៉ាក់សាំង​ឡើយ ហើយ​ត្រូវ​រៀបចំ​ទីតាំង​ចល័ត​សម្រាប់​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត និង​ត្រូវ​បង្កើនល្បឿន​ក្នុង​ការចាក់​វ៉ាក់សាំង​ក្នុង​ ១ ​ថ្ងៃៗ​ឱ្យបាន​ច្រើន និង​ឆាប់រហ័ស​បំផុត​»​។

ជាមួយ​គ្នា​នោះដែរ លោក​ក៏បាន​ធ្វើការ​ក្រើនរំឭក​ដោយ​ត្រូវយក​ចិត្ដ​ទុកដាក់​ក្នុង​ការបន្ដ​អនុវត្ដ​ឱ្យបាន​ម៉ឺងម៉ាត់​ហ្មត់ចត់​ជាប់​ជាប្រចាំ តាម​វិធាន​ការណែនាំ​ថ្មីៗ​របស់​ក្រសួង​សុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។

ការប្រកាស​បន្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នេះ​ធ្វើឡើង​ បន្ទាប់ពី​ប្រទេស​កម្ពុជា​បានបញ្ចប់​នូវ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​បាន​ធ្វើឡើង ចាប់ពី​ថ្ងៃទី​ ១៤ ​ដល់ទី​ ១៦ ខែមេសា​។

ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​នេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ណែនាំ និង​ផ្តល់​ជា​អនុសាសន៍​ក្នុង​ការរៀបចំ​នូវ​ទីតាំង​ចាក់​វ៉ាក់សាំង​ក្នុង​វត្តអារាម និង​រមណីយដ្ឋាន​នានា​ផងដែរ​។

បើតាម​លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៧ ខែមេសា ថា ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​១៩ នៅក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​រយៈពេល​ ៣​ ថ្ងៃ​កន្លងមកនេះ មាន​ភាពល្អ​ប្រសើរ​ជាធម្មតា ដោយមាន​មនុស្ស​ទាំង​ក្មេង​ចាស់​មក​ទទួល​យក​ការចាក់​វ៉ាក់សាំង​នេះ ទាំង​ដូស​មូលដ្ឋាន និង​ដូស​ជំរុញ​។

បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ១៧ ខែមេសា លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦ ​លាន នាក់​មាន​ចំនួន​ ៩២,៨៤%​។ ចំណែក​អត្រា​អ្នកចាក់​ដូស​ទី​ ៣ មាន​ចំនួន​ជាង ​៨ ​លាន​នាក់ និង​ចំនួន​អ្នក​ដែល​បាន​ចាក់​ដូស​ទី​ ៤ បាន​ចំនួន​ជាង​ ១,២​ លាន​នាក់​។

ដោយឡែក លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១៨ ខែមេសា​ថា លោកស្រី​មិនទាន់​អាច​វាយតម្លៃ​ស្ថានភាព​នៃ​ការឆ្លង​បាន​នៅឡើយ​ទេ​ ព្រោះ​ទើបតែ​បញ្ចប់​ពិធី​អបអរ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ប៉ុន្តែ​ត្រូវ​រង់ចាំ និង​បន្ត​ពិនិត្យមើល​ក្រែង​មាន​ស្ថានភាព​នៃ​ការផ្ទុះ​ការឈឺ​នៅ​តំបន់​ណាមួយ​រហូតដល់​ដំណាច់​ខែមេសា​នេះ​។

លោកស្រី​បានឱ្យ​ដឹងថា​៖ «​ការព្រួយបារម្ភ​មាន​ការ​ឆ្លង​កូវីដ​ ១៩ ​ឬ​មិន​ព្រួយបារម្ភ យើង​គួរពិនិត្យមើល​តាម​ស្ថានភាព​នៃ​ការសប្បាយរីករាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ហើយក៏​ជាការ​ទទួលខុសត្រូវ និង​ការសម្រេចចិត្ត​របស់​បុគ្គលិក​ម្នាក់ៗ និង​ក្រុមគ្រួសារ​ដែរ ក្នុង​ការអនុវត្ត​ការការពារ​ការចម្លង​កូវីដ​ ១៩»​។

ការទទួល​ខុសត្រូវ​របស់​បុគ្គល និង​សហគមន៍ នាពេល​នេះ​ជា​ការកំណត់​នូវ​ស្ថានភាព​ឆ្លង​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុង​ក្រុមគ្រួសារ​នីមួយៗ ហើយ​ប្រសិនបើ​អ្នកណា​ម្នាក់​មាន​ការសង្ស័យ​ត្រូវធ្វើ​តេស្ត​រហ័ស​ ឬ​ទៅពិនិត្យ​សុខភាព​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​ផ្ទះ​លោកអ្នក​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោកស្រី ឱ វណ្ណឌីន​។

លោកស្រី​បាន​បន្ថែមថា​៖ «​បើ​លទ្ធផល​វិជ្ជមាន និង​មាន​លក្ខណ:​ស្រាល​ត្រូវ​នៅ​ដោយឡែក ការពារ​កុំឱ្យ​ឆ្លងទៅ​ក្រុមគ្រួសារ និង​អ្នកដទៃ​ថែទាំ​ព្យាបាល​ខ្លួន​នៅផ្ទះ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ប៉ុន្តែ​បើ​មាន​រោគសញ្ញា​សង្ស័យថា​វិវឌ្ឍ​ទៅ​ធ្ងន់ធ្ងរ​សូម​ប្រញាប់​ស្វែងរក​ការព្យាបាល​នៅតាម​មន្ទីរពេទ្យ​រដ្ឋ កុំ​សម្ងំ​នៅផ្ទះ​ដែល​អាច​ស្លាប់​បាត់បង់​ជីវិត​បាន​»​។

លោក ហ៊ុន សែន បានលើកឡើង​កាលពី​ថ្ងៃទី​ ១៦ ខែមេសា ថា កម្រិត​នៃ​ការឆ្លង​មេរោគ​កូវីដ​ ១៩ ​ក្នុង​សហគមន៍​ ឬ​ភាពស៊ាំ​នៃ​សហគមន៍​អាច​នឹង​ដឹងថា មាន​ស្ថានភាព​បែបណា​នោះ គឺ​ត្រូវ​រង់ចាំ​ក្នុង​រយៈពេល​ ១​ ឬ​ ២​ សប្តាហ៍​ក្រោយពី​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​៕