ភ្នំពេញៈ មន្ត្រី​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​បង្ហាញ​ក្តីបារម្ភ​ចំពោះ​តួលេខ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំនេះ ដែល​អត្រា​ស្លាប់ និង​រងរបួស នៅតែ​មាន​ចំនួន​ច្រើន​នៅឡើយ បើទោះបី​ជា​ចំនួន​នេះ​ទាប​ជាង​ចំនួន​ដែល​បាន​កើតឡើង​ក្នុង​ពិធី​ចូលឆ្នាំ​កាលពី​ឆ្នាំ​ ២០១៩ ​កន្លងមក​ក៏ដោយ​។

របាយការណ៍​របស់​នាយកដ្ឋាន-​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន-​នគរបាលជាតិ បានឱ្យ​ដឹងថា ក្នុង​រយៈពេល​ ៤ ​ថ្ងៃ ពីថ្ងៃ​ទី​ ១៤-១៧ មេសា មនុស្ស​ចំនួន​ ៣០ ​នាក់​ស្លាប់ និង​ជាង​ ១០០​ នាក់​រងរបួស​ធ្ងន់​-​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

លោក​ គឹម បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ (AIP)​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃ​ ១៧ មេសា ថា ចំនួន​នេះ​នៅតែ​ជា​ចំនួន​ដែល​គួរឱ្យ​បារម្ភ និង​ទាមទារ​នូវ​ការអនុវត្ត​វិធានការ​បន្ថែម​ទៀត​ទាក់ទង​នឹង​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មើលឃើញថា ចំនួន​នេះ​ជា​ចំនួន​មួយ​ច្រើន ដែល​គួរឱ្យ​ព្រួយបារម្ភ​ខ្លាំង​ដែល​ទាមទារ​ឱ្យ​យើង​ចាំបាច់​ត្រូវមាន​វិធានការ​ឱ្យបាន​កាន់តែខ្លាំង​ឡើង​ថែមទៀត ជាពិសេស​ពាក់ព័ន្ធ​ជាមួយនឹង​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​កាន់តែ​ទូលំទូលាយ កាន់តែ​ជាប់លាប់ កាន់តែ​ម៉ឺងម៉ាត់ និង​មាន​តម្លាភាព និង​ស្មើភាព​»​។

អំឡុង​ឆ្នាំ​ ២០២០​ និង​ ២០២១ ប្រទេស​កម្ពុជា​មិនត្រូវ​បានរៀបចំ​ឱ្យ​មានការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ឡើយ​ដោយសារ​កម្ពុជា​មមាញឹក​នឹង​ការប្រយុទ្ធ​ប្រឆាំងនឹង​ការរីករាលដាល​នៃ​មេរោគ​កូវីដ​ ១៩​។ លោក​ គឹម បញ្ញា បន្ថែម ថា ទោះជា​យ៉ាងណា ចំនួន​នេះ​បើ​ធ្វើការ​ប្រៀបធៀប​ជាមួយនឹង​ចំនួន​អ្នកស្លាប់​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ក្នុង​ឆ្នាំ​ ២០១៩ គឺ​ចំនួន​គ្រោះថ្នាក់​ក្នុងឆ្នាំនេះ​មាន​ភាពប្រសើរ​ជាង​។

លោក​ថា​៖«​អ៊ីចឹង យើង​ឃើញថា​ចំនួន​នេះ​នៅ​ [​ទាប​]​ ជាង​តួលេខ ក្នុង​ឆ្នាំ​ ២០១៩​ ច្រើន​ដែល​នេះ​វា​ក៏​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​ផងដែរ បើទោះបីជា​ចំនួន​នេះ​នៅមាន​ច្រើន​គួរឱ្យ​បារម្ភ​ក៏ដោយ​»​។

លោក​បញ្ជាក់ថា​៖ «​សញ្ញា​វិជ្ជមាន​នេះ​គឺ​មានន័យថា​ចំនួន​អ្នកស្លាប់​តិចជាង​កាលពី​ឆ្នាំ​ ២០១៩ ខណៈ​ដែល​យានយន្ត​ចុះបញ្ជី​នៅ​កម្ពុជា ចន្លោះ​ពី​ ២០១៩ ​មកដល់​ ២០២២ ​មាន​ជាង​ ១ ​លាន​គ្រឿង ដែល​ចំនួន​មធ្យោបាយ​ធ្វើដំណើរ​មានការ​កើនឡើង​។ ​ប៉ុន្តែ​ដោយសារ​តែ​យើង​មានការ​ខិតខំ​ប្រឹងប្រែង យើង​ឃើញថា​ចំនួន​អ្នកស្លាប់ នេះ​អាច​បន្ទាប​បាន​ក្នុង​ចំនួន​មួយ​គួរឱ្យ​កត់សម្គាល់​ផងដែរ​»​។

ទាក់ទង​នឹង​ចំណុច​វិជ្ជមាន​នេះ​បើតាម​លោក​ គឹម បញ្ញា លោក​មើលឃើញ​ថា ស្ថាប័ន​រាជរដ្ឋាភិបាល វិស័យ​ឯកជន សង្គម​ស៊ីវិល ប្រជាពលរដ្ឋ រួមទាំង​ស្ថាប័ន​-​សារព័ត៌មាន បាន​ខិតខំ​ក្នុង​ការ​-​ជួយ​ផ្សាយ ក្រើនរំឭក​ពី​វិធានការ​ការពារ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ដោយមាន​យុទ្ធនាការ​ច្រើន ដោយ​មាន​ទាំង​សេចក្តី​អំពាវនាវ​ជាដើម​។

លោក​ប្រាប់ថា​៖ «​ជារួម ខ្ញុំ​មើលឃើញ​ពី​ការខិតខំ ហើយ​ជា​លទ្ធផល យើង​ឃើញថា បើទោះបី​ជា​មាន​កំណើន​យានយន្ត និង​មាន​លំហូរ​ចរាចរណ៍​ទៅកាន់​បណ្តា​ខេត្ត​នានា​មាន​ការមមាញឹក​ក្តី តែ​វា​អាច​ទប់​សភាពការណ៍​មិនឱ្យ​មានការ​កើនឡើង​ខ្ពស់​ខ្លាំង​ដូច​កាលពី​ឆ្នាំ​ ២០១៩ ​ដែល​ក្នុង​រយៈពេល​ ៥​ ថ្ងៃ​មាន​អ្នកស្លាប់​រហូតដល់​ប្រមាណ​ជា ​៦០ ​នាក់ និង​អ្នករបួស​ជាង​ ២០០ ​នាក់​»​។

ទោះជា​យ៉ាងណា បើតាម​នាយក​ប្រតិបត្តិ​អង្គការ​នេះ​លោក​ក៏​កត់សម្គាល់​ឃើញ​ផងដែរ​ទាក់ទង​នឹង​ចំណុច​អវិជ្ជមាន​មួយចំនួន ដែល​នៅតែ​កើតមានឡើង ខណៈ​ការចូលរួម​គោរព​ច្បាប់​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ត្រឹមត្រូវ គឺ​នៅមាន​ប្រជាពលរដ្ឋ​មួយចំនួន​នៅមាន​ឥរិយាបថ​ធ្វេសប្រហែស​។ ឥរិយាបថ​នេះ​ហើយ​ដែល​ធ្វើឱ្យ​ពួកគាត់​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ដូចជា​ការបើកបរ​មិន​ពាក់មួក​សុវត្ថិភាព បើកបរ​ក្នុង​ល្បឿន​លឿន ការមិន​គោរព​ភ្លើង​សញ្ញា​ជាដើម​។

លោក​ គឹម បញ្ញា ថ្លែងថា​៖ «​ចំណុច​ទាំងអស់​នេះហើយ​ដែល​ទាមទារ​ចាំបាច់​ជាថ្មី​ម្តងទៀត គឺ​ការពង្រឹង ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ម៉ឺងម៉ាត់ ទូលំទូលាយ​ និង​ជាប់លាប់ ដោយ​ធ្វើ​ទាំងថ្ងៃ​ទាំងយប់ ហើយ​មាន​តម្លាភាព​ និង​ស្មើភាព​»​។

លោក​ធ្លាប់បាន​ស្នើឱ្យ​ខាង​រាជរដ្ឋាភិបាល ជាពិសេស​ស្ថាប័ន​ដែល​ទទួល​ការអនុវត្ត​ច្បាប់​ត្រូវដាក់​ការអនុវត្ត​ច្បាប់​ឱ្យបាន​ខ្លាំង​ផងដែរ អំឡុងពេល​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ក៏ដូចជា​ពិធីបុណ្យ​ផ្សេងៗ ដើម្បី​មាន​វិធានការ​បង្ការ​ទុកជាមុន ចៀសវាង​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតមាន​ឡើង ដែល​ការធ្វើ​នេះ គឺ​ដើម្បី​ការពារ​អាយុជីវិត​របស់​ពួកគាត់​។

លោកស្រី​ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ (​គសចគ​) ​ធ្លាប់បាន​លើកឡើងថា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក គឺជា​ឃាតករ​លាក់​មុខ​នៅលើ​ដងផ្លូវ ហើយក៏​ជា​បញ្ហា ប្រឈម​ដ៏ធំ ដែល​ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​នាពេល​បច្ចុប្បន្ន​។

លោកស្រី​បញ្ជាក់ថា​៖ «​មូលហេតុ​ចម្បង​ធំៗ ដែល​បង្ក​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​នាពេល​កន្លងមក រួមមាន ការបើកបរ​លើស​ល្បឿន​កំណត់​ដោយ​ច្បាប់ ការមិន​គោរព​សិទ្ធិ​អាទិភាព ការបត់​មិន​ប្រុងប្រយ័ត្ន និង​ការមិន​ប្រកាន់​ស្តាំ​ជាដើម​»៕