ភ្នំពេញៈ ក្រុមការងារ​ក្រសួង​យុត្ដិធម៌​ដែល​រៀបចំ «​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ តាមរយៈ​សន្ធានកម្ម​សហគមន៍​» កំពុង​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​ឯកសារ​ទស្សនទាន​នៃ​យន្តការ​នេះ​ទៅដល់​ភាគី​ពាក់ព័ន្ធ ខណៈ​ក្រុមការងារ​គ្រោង​បញ្ចប់​គោលនយោបាយ​ថ្នាក់ជាតិ​នេះ ហើយ​អនុម័ត និង​ប្រកាស​ឱ្យប្រើប្រាស់​ក្នុងឆ្នាំនេះ​តែម្ដង​។ នេះ​បើតាម​លោក ជិន ម៉ាលីន រដ្ឋលេខាធិការ​ក្រសួង​យុត្ដិធម៌ និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​ដែល​រៀបចំ​គោលនយោបាយ​នេះ​។

លោក ជិន ម៉ាលីន ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ពីថ្ងៃ​ទី​ ១៨ ​មេសា​ថា ក្រោយ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ក្រុមការងារ​នឹងធ្វើ​ការផ្សព្វផ្សាយ​ឯកសារ​ទស្សនទាន​ដែលជា​ផែនទី​បង្ហាញផ្លូវ​ពាក់ព័ន្ធ​នឹង​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ តាមរយៈ​សន្ធានកម្ម​។ ក្រុមការងារ​នឹងធ្វើ​ការ​ផ្សព្វផ្សាយ រួមសហការ​ផ្សព្វផ្សាយ បោះពុម្ពផ្សាយ​រវាង​ក្រសួង​យុត្ដិធម៌ និង​សហភាព​អឺរ៉ុប (EU) ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​។

លោក​ថ្លែងថា​៖ «​ផែនការ​បន្ទាប់​គឺ​យើង​នឹង​រៀបចំ​ជា​គោលនយោបាយ​ថ្នាក់ជាតិ​ស្ដីពី​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​តាមរយៈ​សន្ធានកម្ម ហើយ​ចេញពី​គោលនយោបាយ​ថ្នាក់ជាតិ​នេះ យើង​នឹង​ដាក់ឱ្យ​អនុវត្ដ​នូវ​សកម្មភាព និង​យន្តការ​មួយចំនួន ដែល​បានចង្អុលបង្ហាញ​ណែនាំ​នៅក្នុង​គោលនយោបាយ​ថ្នាក់ជាតិ​នេះ ក្នុង​ការដាក់​ឱ្យ​ដំណើការ​នូវ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​តាមរយៈ​សន្ធានកម្ម​នៅ​កម្ពុជា​»​។ ក្រោយពី​ការរៀបចំ​គោលនយោបាយ​ថ្នាក់ជាតិ​នេះ​រួច​នឹង​ត្រូវ​ប្រកាស​ដាក់ឱ្យ​អនុវត្ដ ហើយ​ពេល​អនុវត្ដ ក្រុមការងារ​នឹង​រៀបចំ​បន្តទៀត​នូវ​យន្តការ​ប្រត្ដិបត្ដិ​មួយចំនួន ដែល​ចង្អុលបង្ហាញ​នៅក្នុង​គោលនយោបាយ​ថ្នាក់ជាតិ​នេះ​។

លោក​បន្តថា យន្តការ​ប្រតិបត្ដិ​ទាំងនោះ​រួមមាន យន្តការ​ស្ថាប័ន ការរៀបចំ​ស្ថាប័ន ការរៀបចំ​ធនធាន​មនុស្ស ធនធាន​ហិរញ្ញវត្ថុ ធនធាន​សម្ភារ រួមទាំង​យន្តការ​នៃ​ការបណ្ដុះបណ្ដាល ការ​ជ្រើសរើស ការទទួលស្គាល់ ការ​វាយតម្លៃ ការតាមដាន ត្រួតពិនិត្យ រួមទាំង​វិធាន​គតិយុត្ដ​មួយ​ចំនួន​ទៀត​ដែល​យើង​ត្រូវ​រៀបចំឡើង​។

លោក ម៉ាលីន បញ្ជាក់ថា​៖ «​ចំណុច​ទាំងនេះ សុទ្ធតែ​ចង្អុលបង្ហាញ​នៅក្នុង​គោលនយោបាយ​ថ្នាក់ជាតិ​ស្ដីពី​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ តាមរយៈ​សន្ធានកម្ម​នេះ​។ អ៊ីចឹង​ក្រោយពេល​គោលនយោបាយ​ថ្នាក់ជាតិ​រៀបចំ អនុម័ត និង​ប្រកាស​ឱ្យប្រើ​គឺ​ក្រុមការងារ នឹង​រៀបចំ​គោលការណ៍​ប្រតិបត្ដិ​»​។

លោក​បន្ថែម​៖ «​យើង​គ្រោង​បញ្ចប់​ការងារ​គោលនយោបាយ​ថ្នាក់ជាតិ​នេះ ហើយ​អនុម័ត និង​ប្រកាស​ឱ្យប្រើ​ក្នុងឆ្នាំនេះ​តែម្ដង​។ ចំណែក​យន្តការ​អនុវត្ដ​ដែល​ចង្អុលបង្ហាញ​នៅក្នុង​គោលនយោបាយ​នេះ​អាច​ចាប់ផ្ដើម​ដំណើរការ​នា​ចុង​ឆ្នាំនេះ ឬ ដើមឆ្នាំ​ក្រោយ​ជា​បន្តបន្ទាប់​ទៅនេះ​ជា​ផែនការ​របស់​ក្រុមការងារ​ដែល​បានគ្រោង​ទុក​»​។

បើតាម​សេចក្ដី​ព្រាង​ឯកសារ​​ទស្សនទាន​នៃ​យន្តការ​នេះ​បាន​ឱ្យដឹងថា ក្រសួងយុត្តិធម៌​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់តាំង​ឱ្យ​ផ្ដួចផ្ដើម​គំនិត​ក្នុងការ​សិក្សា​ចងក្រង និង​រៀបចំ​ឱ្យមាន​ឯកសារ​ទស្សនទាន​ស្តីពី​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ដើម្បី​ក្លាយជា​ប្រទីប​នាំ​ផ្លូវ​ទៅរក​ការរៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត និង​ក្របខ័ណ្ឌ​ច្បាប់​ស្តីពី «​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​តាមរយៈ​សន្ធានកម្ម​សហគមន៍​» សម្រាប់​អ្នក​សម្រុះសម្រួល​មន្ត្រី​ប្រតិបត្តិ​មាន​អាជ្ញាធរ​មូលដ្ឋាន និង​តួអង្គ​ពាក់ព័ន្ធ​គ្រប់​កម្រិត​ដោយ​ត្រូវ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ស្ដង់ដា​ជាតិ​តែមួយ​។

ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជា​ចង្កោម​នៃ​ដំណើរការ​រួមមាន​សន្ធានកម្ម (​ការសម្រុះសម្រួល​)​ ការផ្សះផ្សា​អាជ្ញាកណ្តាល (​មជ្ឈត្តកម្ម​) ក៏ដូចជា​យន្តការ​ក្រៅ​ប្រព័ន្ធតុលាការ ក្រៅផ្លូវការ​ផ្សេងទៀត ដែលមាន​លក្ខណៈ​បែប​ប្រពៃណី​ទំនៀមទម្លាប់​ ឬ​សាសនា​។ ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​ធ្លាប់មាន​បទពិសោធ និង​ទម្រង់​ល្អ​មួយចំនួន​ផងដែរ រួមមាន​ការដោះស្រាយ​វិវាទ​ដីធ្លី ដោយ​គណៈកម្មការ​សុរិយោដី​តាមរយៈ​ការផ្សះផ្សា និង​សម្រុះ​សម្រួលការ​ដោះស្រាយ​វិវាទ​ការងារ និង​ពាណិជ្ជកម្ម​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ការងារ និង​ពាណិជ្ជកម្ម​តាមរយៈ​មជ្ឈត្តកម្ម និង​ការដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ដោយ​អតីត​មណ្ឌល​សេវា​យុត្តិធម៌​ដែល​បច្ចុប្បន្ន​ប្រែជា​ការិយាល័យ​នីតិកម្ម និង​ការសម្រុះសម្រួល​វិវាទ​មូលដ្ឋាន និង​អាជ្ញាធរ​មូលដ្ឋាន​តាមរ​យៈ​ការសម្រុះសម្រួល​។

បច្ចុប្បន្ន​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ តាមរយៈ​សន្ធានកម្ម និង​ចំនួន​អ្នក​សម្រុះសម្រួល​នៅ​កម្ពុជា​នៅមាន​ចំនួន​កំណត់​ដោយ​ក្រសួងយុត្តិធម៌ បានធ្វើការ​បណ្តុះបណ្តាល មន្ត្រីរាជការ​ក្នុង​ក្របខ័ណ្ឌ​ការិយាល័យ​នីតិកម្ម និង​ការ​សម្រុះសម្រួល​វិវាទ​មូលដ្ឋាន​ក្រុង​-​ស្រុក​-​ខណ្ឌ​បាន​មួយចំនួន​ប៉ុណ្ណោះ សម្រាប់​ដោះស្រាយ​វិវាទ​ជូន​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​។

បើតាម​លោក ម៉ាលីន ក្រសួង​យុត្ដិធម៌​ចាត់ទុក​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ​ជា​កម្មវិធី​អាទិភាព ពីព្រោះ​ទី​ ១ ក្នុងការ​ចូលរួម​ធ្វើឱ្យមាន​សុខដុម​នីយកម្ម​នៅ​មូលដ្ឋាន​។ មានន័យថា ពេលដែល​ពលរដ្ឋ​មាន​វិវាទ​កើតឡើង គឺអាច​ស្វែងរក​យន្តការ​នេះហើយ​ស្រុះស្រួល​គ្នា​បាន​។ តាមរយៈ​យន្តការ​នេះ​ពលរដ្ឋ​អាច​ដោះស្រាយ​វិវាទ​នៅ​ទល់មុខ​គ្នា និង​អាច​រាប់អាន​គ្នា​បាន​ខុសពី​យន្តការ​តាមផ្លូវ​តុលាការ​៕