កណ្តាលៈ នគរបាល​ស្រុក​មុខកំពូល​នៅ​ថ្ងៃទី​ ១៨ ​មេសា កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ​វាយ​នឹង​ឈើ​ជ្រុង​សម្លាប់​យុវជន​ម្នាក់​នៅ​ភូមិ​អំពិលទឹក ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្តាល កាលពី​ថ្ងៃទី​ ១៥ ​មេសា​។

លោក​ ឯក លន់ អធិការ​នគរបាល​ស្រុក​មុខកំពូល​ឱ្យដឹង​នៅ​ថ្ងៃទី​ ១៨​ មេសា​ថា ជនសង្ស័យ ឈ្មោះ​ ហ៊ាង ម៉េងហាប់ ភេទ​ប្រុស អាយុ​ ២២​ ឆ្នាំ រីឯ​ជនរងគ្រោះ ឈ្មោះ​ បូរ រតនា ភេទ​ប្រុស អាយុ​ ២០ ​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ស្លែង ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្តាល​។ ករណីនេះ​សមត្ថកិច្ច​របស់​លោក​កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ហើយ​។

លោក​ថ្លែងថា​៖ «​រឿង​ឃាតកម្ម​សម្លាប់​មនុស្ស​នេះ សមត្ថកិច្ច​របស់​យើង​កំពុង​ដុតដៃដុតជើង​ខ្លាំងណាស់ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ចាត់ការ​តាមផ្លូវ​ច្បាប់​។ បើតាម​ខ្ញុំ​សាកសួរ​ព័ត៌មាន​ទៅ​ដឹងថា​ជនរងគ្រោះ​ជា​មនុស្ស​ស្លូត​ទេ​»​។

លោក​ ចាន់ ជា អាយុ​ ៥៧ ឆ្នាំ ត្រូវជា​ជីតា​បង្កើត​របស់​យុវជន​រងគ្រោះ​បាន​រៀបរាប់​នៅ​ថ្ងៃទី ​១៨ មេសា​ថា ចៅប្រុស​របស់គាត់​បាន​ឈប់រៀន​ត្រឹម​ថ្នាក់​វិទ្យាល័យ​ជាង​ ២​ ឆ្នាំ​មកហើយ គឺ​ចាប់តាំងពី​ជំងឺ​កូវីដ​ឆ្លង​រាតត្បាត​ខ្លាំង​មក​ម្ល៉េះ​។ នៅ​ដើមឆ្នាំ​ ២០២២​ នេះ​ចៅ​របស់គាត់​បាន​ទៅ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដើម្បី​ជួយ​ម្តាយមីង​ដឹក​សាច់ជ្រូក​លក់​មួយរយៈ​។ នៅមុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ ចៅប្រុស​របស់គាត់​បានមក​លេង​ផ្ទះ​នៅ​ភូមិ​អន្លង់​ស្លែង ឃុំ​សំបួរមាស ស្រុក​មុខកំពូល​។

លោក​បន្តថា លុះ​នៅ​រសៀល​ថ្ងៃទី​ ១៥ មេសា ដែលជា​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ទី​ ២ ជនរងគ្រោះ និង​មិត្តភក្តិ​ប្រមាណ​ជាង​ ១០​ នាក់​ទៀត​បាននាំគ្នា​ទៅ​មើល​គេ​ប្រគល់​រង្វាន់​កីឡា​បាល់ទាត់​នៅ​ភូមិ​អំពិលទឹក ឃុំ​សំបួរមាស​។ នៅ​ទីនោះ​ក៏មាន​មនុស្ស​រាប់រយ​នាក់​បាន​ចូលរួម​មើល​ពិធី​ប្រគល់​រង្វាន់​នោះ​។ ពេលដែល​ចៅ​របស់គាត់​កំពុង​ឱប​ក​គ្នា​ជាមួយ​មិត្តៗ​របស់គេ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​ ហ៊ាង ម៉េងហាប់ បាន​វាយ​ចៅ​របស់គាត់​នឹង​ឈើ​ជ្រុង​ពីក្រោយ​ចំ​សៀតផ្កា​ខាងឆ្វេង​ដួល​ផ្កាប់មុខ​នឹង​ដី​ដាច់ខ្យល់​ស្លាប់​ភ្លាម​តែម្តង រីឯ​ដំបង​ឈើ​ជ្រុង​នោះ​ក៏​បាក់​ដែរ​។

លោក​ប្រាប់ថា​៖ «​ចៅប្រុស​របស់​ខ្ញុំ​ស្លូត​ណាស់​នៅ​មួយ​ភូមិ​អន្លង់ស្លែង​នេះ នរណា​ក៏​ថា ចៅ​ខ្ញុំ​ស្លូត​ដែរ​។ វា​មិនចេះ​កោងកាច​កុំថាឡើយ​មនុស្ស​ចាស់ សូម្បីតែ​ក្មេងៗ​ក៏​វា​មិន​កោងកាច​ដែរ​។ គ្នា​ទើប​មកលេង​ផ្ទះ​បាន​ ១​ ថ្ងៃ ក៏​កើត​គ្រោះ​អកុសល​បែបនេះ​ទៅ​»​។

លោក​ឱ្យដឹងថា​រវាង​ជនសង្ស័យ និង​ចៅប្រុស​របស់គាត់ មិន​ដែល​ស្គាល់គ្នា​ទេ ព្រោះថា​ភូមិ​ដែល​ជនសង្ស័យ​រស់នៅ និង​ភូមិ​ចៅ​គាត់​រស់នៅ​ឆ្ងាយ​ពីគ្នា​ជិត​ ១០ ​គីឡូម៉ែត្រ​ឯណោះ​។ ម្យ៉ាងទៀត​ចៅ​របស់គាត់​ក៏​មិន​ដែលមាន​ជម្លោះ ឬ​មាន​គំនុំ​ជាមួយ​ជនសង្ស័យ​ដែរ​។ ហេតុដូច្នេះ ទាំង​ឪពុកម្តាយ ទាំង​គាត់ ដែល​ជា​ជីតា​របស់​ជនរងគ្រោះ​នៅតែ​មិន​អស់ចិត្ត​ពី​ការ​វាយ​សម្លាប់​នេះ​។

លោក​និយាយថា លោក​បានឮ​អ្នកភូមិ​ថា ជនសង្ស័យ​មិនសូវ​បាន​រស់នៅ​ក្នុងស្រុក​កំណើត​ទេ ដោយ​ចេះតែ​ផ្លាស់​ទីកន្លែង​រស់នៅ​ម្តង​ទៅ​រស់នៅ​ខេត្តស្ទឹងត្រែង ម្តង​មក​នៅ​ខេត្តកំពង់ចាម​។ នៅ​ទីនោះ ជនសង្ស័យ​បាន​បង្កជម្លោះ​វាយ​គេ​ឱ្យ​របួស ហើយ​គេចខ្លួន​មក​រស់នៅ​ភូមិ​អំពិលទឹក ឃុំ​សំបួរមាស​វិញ​។ យ៉ាងណា ពាក់ព័ន្ធ​បទល្មើស​នេះ លោក​ថា​ទុកឱ្យ​សមត្ថកិច្ច​នគរបាល​ចាត់ការ​ទៅតាម​ច្បាប់​ទៅ​៕