មណ្ឌលគិរីៈ ​មន្ត្រី​ជំនាញ​មក​​ពី​ខេត្ត​ចំនួន​ ៦ ទទួល​បានការ​បណ្តុះបណ្តាល​ស្តីពី​ប្រព័ន្ធ​គាំពារ​​សង្គម​ ដើម្បី​ពង្រឹង​ចំណេះដឹង​ជា​មូលដ្ឋាន​លើ​ប្រព័ន្ធ​គាំពារ​សង្គម​ទាំង​ក្នុង​ក្របខ័ណ្ឌ​សកល ក្របខ័ណ្ឌ​តំបន់ និង​ក្របខ័ណ្ឌ​ជាតិ សម្រាប់​បម្រើសេវា​ដល់​ពលរដ្ឋ​ឱ្យបាន​ល្អប្រសើរ​។

ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​ស្ថិតក្រោម​វត្តមាន​លោក ឈួរ សុបញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា និង​លោកស្រី​ វិន ស៊ីធួន អភិបាលរង ខេត្ត​មណ្ឌលគិរី កាល​ថ្ងៃទី​ ១៨ ខែមេសា នៅ​សាលប្រជុំ​សាលាខេត្ត​មណ្ឌលគិរី ដោយ​មាន​ការចូលរួម​ពី​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​មកពី​ខេត្ត​ចំនួន​ ៦ រួមមាន ខេត្តកណ្តាល ព្រៃវែង​ត្បូងឃ្មុំ ក្រចេះ រតនគិរី និង​ខេត្តមណ្ឌលគិរី ជាង​ ៤០ ​នាក់ ។

លោក ឈួរ សុបញ្ញា បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា វគ្គបណ្តុះបណ្តាល​នេះ​ដើម្បី​ពង្រឹង​ និង​ផ្តល់​​នូវ​ចំណេះដឹង​ជា​មូលដ្ឋាន​លើ​ប្រព័ន្ធ​គាំពារ​សង្គម ទាំង​ក្នុង​ក្របខ័ណ្ឌ​សកល ក្របខ័ណ្ឌ​តំបន់ និង​ក្របខ័ណ្ឌ​ជាតិ​ដល់​មន្ត្រីរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

លោក​បាន​លើកឡើងថា​​ដើម្បីឱ្យ​ការអនុវត្ត​កម្មវិធី​ប្រព័ន្ធ​គាំពារ​សង្គម​បាន​ជោគជ័យ​ និង​មាន​ប្រសិទ្ធភាព ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាជន​ឱ្យបាន​​ល្អ​និង​ទាន់ពេល គឺ​សមត្ថភាព​​មន្ត្រី​នៅ​គ្រប់លំដាប់​ថ្នាក់​ដែលជា​​តួអង្គ​ប្រតិបត្តិករ​ជា​កត្តា​សត្យានុម័ត​មួយ​ដែល​ទាមទារ​ឱ្យមាន​គុណភាព ភាពច្បាស់លាស់ ប្រាកដនិយម ទន់ភ្លន់ បត់បែន​ ​និង​ធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ​។

លោក​បន្តថា​៖ «​កត្តា​ជោគជ័យ​​នៃ​ការអនុវត្ត​កម្មវិធី​នីមួយៗ​​ផ្តើមចេញពី​ភាពប្រាកដនិយម ការទទួល​ខុសត្រូវ និង​ឆន្ទៈ​ពិតប្រាកដ​ស្របតាម​តួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន​ក្នុង​នាម​ជា​មន្ត្រី​ប្រតិបត្តិករ​ជួរមុខ​ស្របតាម​មាគ៌ា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​»​។

តាមរយៈ​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ ២ ​ថ្ងៃ​ (​ថ្ងៃទី​ ១៨-១៩ មេសា​) លោក សុបញ្ញា បាន​​ស្នើឱ្យ​សិក្ខាកាម​យកចិត្ត​ទុកដាក់​​សិក្សា​ដោយ​ទាញយក​ឱ្យបាន​នូវ​ខ្លឹមសារ​ជា​សារវ័ន្ត​សម្រាប់​យក​ជា​ពុទ្ធិ​បន្ថែម​ថ្មី​ និង​អាច​យកទៅ​អនុវត្ត​បន្តបាន​។

ជាមួយ​នេះ​លោក​ស្នើ​សិក្ខាកាម​ត្រូវ​ចូលរួម​ឱ្យបាន​ទៀងទាត់​ និង​ស្នើឱ្យ​គ្រូឧទ្ទេស​លើក​​យក​បទពិសោធ​ល្អៗ​បន្ថែមទៀត​ ​ដើម្បី​ផ្សារភ្ជាប់​នឹង​ទ្រឹស្តី​ក្នុង​ការសិក្សា​និង​បានឱ្យ​សិក្ខាកាម​ក៏ដូចជា​វគ្គ​បណ្តុះបណ្តាល​ទាំងមូល​អនុវត្ត​ឱ្យបាន​នូវ​វិធានការ ៣ ​កុំ និង​ ៣ ​ការពារ​ផងដែរ​។

លោក​ថា​៖ «​ខ្ញុំ​សង្ឃឹម​យ៉ាងមុតមាំ​ថា ក្នុង​រយៈពេល​ ២ ​ថ្ងៃ​​នេះ​លោក លោកស្រី នឹង​ទទួល​​បាន​ចំណេះដឹង និង​ជំនាញ​ថ្មីៗ​ល្អ​ជាច្រើន​បន្ថែមទៀត​លើ​ប្រព័ន្ធ គាំពារ​សង្គម ពិសេស​ផ្សារភ្ជាប់​ជាមួយនឹង​ទ្រឹស្ដី និង​ការអនុវត្ត​របស់លោក លោកស្រី​ជា​សិក្ខាកាម​ក្នុងពេល​កន្លងមក​នៅលើ​ក្របខ័ណ្ឌ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​គាំពារ​សង្គម​»​។

លោកស្រី វិន ស៊ីធួន អភិបាលរង​ខេត្តមណ្ឌលគិរី​បាន​គាំទ្រ​ចំពោះ​ការរៀបចំ​វគ្គបណ្តុះបណ្តាល​មន្ត្រី​នៅ​ថ្នាក់ក្រោម​​ជាតិ​នេះ ដែល​ជា​ការរួមចំណែក​លើកកម្ពស់​សមត្ថភាព​មន្ត្រី​លើ​ប្រព័ន្ធ​គាំពារ​សង្គម​ ដើម្បី​ចូលរួម​អភិវឌ្ឍ​ខេត្តមណ្ឌលគិរី​ឱ្យ​កាន់តែ​រីកចម្រើន​។

លោកស្រី​បាន​ថ្លែង​អំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​សង្គមកិច្ច អង្គការ​ដៃគូ និង​មន្ទីរ​ជំនាញ ដែល​បាន​សហការគ្នា​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង​ដើម្បី​ពង្រឹង​នូវ​សមត្ថភាព​បង្កើន​ និង​ផ្តល់​ចំណេះដឹង​ដល់​មន្ត្រី​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បីឱ្យ​ទទួលបាន​ចំណេះដឹង​គ្រប់គ្រាន់​ និង​ចូលរួម​អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព​ និង​ទទួល​ខុសត្រូវ​ខ្ពស់​។

លោកស្រី ស៊ីធួន ថ្លែងថា​៖ «​សិក្ខាកាម​ទាំងអស់​ត្រូវខិតខំ​យកចិត្ត​ទុកដាក់​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​ទទួលបាន​ចំណេះដឹង និង​ជំនាញ​បណ្តុះបណ្តាល​ថ្មីៗ​បន្ថែមទៀត ក្នុង​ការយក​ទៅ​បម្រើ​ការងារ​នៅតាម​មូលដ្ឋាន​​រៀងៗ​ខ្លួន​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​»​។

ក្រសួង​សង្គមកិច្ច​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​កាលពី​ថ្ងៃទី ​៤ ​ខែមេសា​ថ្មីៗ​នេះ​បានប្រកាស​ដាក់ឱ្យ​ប្រើ​ជា​ផ្លូវការ​នូវ​ «​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​កម្លាំង​សេវា​សង្គម​នៅ​កម្ពុជា ២០២២-២០៣១ និង​ផ្សព្វផ្សាយ​ឯកសារ​ទឡ្ហីករណ៍​ស្ដីពី​ការវិនិយោគ​លើ​កម្លាំង​សេវា​សង្គម​ និង​សេចក្តី​ណែនាំ​ស្ដីពី​តួនាទី​ និង​ភារកិច្ច​សម្រាប់​មន្ត្រី​ទទួល​​បន្ទុក​ជា​បុគ្គលិក​សង្គមកិច្ច​ក្រុង ស្រុក ខណ្ឌ​»​។

លោក​ វង សូត រដ្ឋមន្ត្រី​ក្រសួង​​សង្គមកិច្ច​ធ្លាប់បាន​ថ្លែង​ពេល​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ផែនការ​យុទ្ធសាស្ត្រ​នេះ​ថា ផែនការ​នេះ​ជា​ឯកសារ​ដ៏មាន​សារៈសំខាន់​​ក្នុងការ​ពង្រឹងសមត្ថភាព និង​បង្កើន​ចំនួន​កម្លាំង​សេវា​សង្គមកិច្ច​យ៉ាងហោចណាស់​មាន​អ្នក​អាជីព​សង្គមកិច្ច ឬ​អ្នក​អាជីព​សង្គមកិច្ច​រង​ ២​ នាក់​ក្នុង ១ ឃុំ-​សង្កាត់ ដើម្បី​លើកកម្ពស់​កម្លាំង​សេវា​សង្គម​៕