The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ព័ត៌មាន​គ្រោង​បង្កើត​សៀវភៅ​អេឡិចត្រូនិក​ ដើម្បី​ដាក់បញ្ចូល​ពាក្យ​អនុម័ត​រួច

ក្រសួង​ព័ត៌មាន​គ្រោង​បង្កើត​សៀវភៅ​អេឡិចត្រូនិក​ ដើម្បី​ដាក់បញ្ចូល​ពាក្យ​អនុម័ត​រួច

Content image - Phnom Penh Post
លោក ផុស សុវណ្ណ នៅក្នុង​ពិធី​មួយ​កាលពី​ឆ្នាំមុន​។ ហុង មិនា

ក្រសួង​ព័ត៌មាន​គ្រោង​បង្កើត​សៀវភៅ​អេឡិចត្រូនិក​ ដើម្បី​ដាក់បញ្ចូល​ពាក្យ​អនុម័ត​រួច

ភ្នំពេញៈ ក្រសួង​ព័ត៌មាន​គ្រោង​បង្កើត​សៀវភៅ​អេឡិចត្រូនិក (E-Book) ​ដើម្បី​ដាក់បញ្ចូល​ពាក្យថ្មី​ដែល​ត្រូវបាន​អនុម័ត​រួចហើយ​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ដែលមាន​ជាង​ ២០០ ​ពាក្យ​​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​។ នេះ​បើ​យោងតាម​កិច្ចប្រជុំ Hybrid ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃទី​ ១៨ ខែមេសា ឆ្នាំ​ ២០២២ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​។

លោក ផុស សុវណ្ណ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រសួង​ព័ត៌មាន​មាន​គណៈកម្មការ​ក្នុង​ការបង្កើត​ពាក្យថ្មី​ ឬក៏​បកប្រែ​ពី​ភាសាបរទេស​ឱ្យមក​បន្ស៊ី​ជាមួយ​នឹង​ភាសា​ខ្មែរ ប៉ុន្តែ​ពាក្យថ្មី​ដែល​ត្រូវបាន​បង្កើត​ និង​អនុម័ត​រួច​ហើយដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​នៅតែ​បន្ត​ប្រើប្រាស់​ខុស​។

លោក​បាន​លើក​ឧទាហរណ៍​ថា ពាក្យ​មួយចំនួន​ដូចជា Fake News ត្រូវបាន​គណៈកម្មការ​ជាតិ​ភាសា​ខ្មែរ​អនុម័ត​រួចហើយ​ឱ្យប្រើ «​ដំណឹង​ក្លែងក្លាយ​» ប៉ុន្តែ​ក្នុងន័យ​ប្រើប្រាស់​ជាក់ស្តែង​ទាំង​មន្ត្រី និង​នៅ​គ្រប់ផ្នែក​ព័ត៌មាន​ទាំងអស់ នៅតែ​ប្រើ និង​ច្រឡំ​ថា ជា​ «​ព័ត៌មាន​ក្លែងក្លាយ​»​។

លោក​បាន​បន្តថា​មួយទៀត​ដូចជា​ពាក្យ​ភាសា​អង់គ្លេស​ថា Misinformation និង​Disinformation ពាក់ព័ន្ធ​នឹង «​ព័ត៌មាន​មិន​ពិត​» ​នៅតែ​មិនទាន់​ប្រើប្រាស់​ត្រូវ​គ្នា ទើប​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ឱ្យ​ផ្នែក​ខាង​ព័ត៌មានវិទ្យា​ (IT) ​របស់​ក្រសួង​រៀបចំ​បង្កើត E-Book ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ការប្រើប្រាស់​នៅក្នុង​ផ្ទៃ​ក្រសួង​បាន​ត្រឹមត្រូវ​កុំឱ្យ​មាន​ការភាន់ច្រឡំ និង​ខុស​ទៀត​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​មាន​ពាក្យថ្មី​មិន​ច្រើន​ទេ​ដែល​ត្រូវបាន​អនុម័ត​រួចហើយ គឺ​ក្នុង​រង្វង់​ ២០០ ​ពាក្យ​តែ​ប៉ុណ្ណឹង​ទេ​។ នៅក្នុង​ក្រសួង​យើង​មាន​គណៈកម្មការ​សម្រាប់​ស្រង់ពាក្យ​ណា​ដែលមាន​ការប្រើប្រាស់​ញឹកញាប់​ជាងគេ​នៅក្នុង​វិស័យ​ព័ត៌មាន​ហើយ​ស្នើសុំ​ទៅ​គណៈកម្មការ​ភាសា​ខ្មែរ​នៃ​រាជបណ្ឌិត្យសភា​ធ្វើការ​អនុម័ត​។

ពាក្យ​ខ្លះ​ក៏​ស្នើ​ទៅ​គេ​អនុម័ត​ពាក្យ​ខ្លះទៀត​ក៏​គេ​មិនទាន់​អនុម័ត​ដែរ​»​។

បើតាម លោក ផុស សុវណ្ណ គោលបំណង​សំខាន់​នៃ​គម្រោង​បង្កើត​សៀវភៅ​អេឡិចត្រូនិក​នេះ​គឺ​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ចង់ឱ្យ​ពាក្យ​ដែល​ត្រូវអនុម័ត​រួចហើយ​ឬក៏​ពាក្យ​ណា​ដែល​បាន​បកប្រែ និង​ពិនិត្យ​បាន​ត្រឹមត្រូវ​ហើយ​អាច​ទទួលយក​បាន​ក៏​នឹងត្រូវ​ដាក់បញ្ចូល​ទៅក្នុង​សៀវភៅ​ (E-Book) ​នេះ ដើម្បី​ប្រើប្រាស់​ឱ្យបាន​ត្រឹមត្រូវ​បានដែរ ប៉ុន្តែ​បើ​មាន​ពាក្យថ្មី​ចាប់ពី ៤០០ រហូតដល់ ៥០០​ ពាក្យ មិន​អាចដាក់​នៅក្នុង E-Book ទេ គឺ​ត្រូវ​បោះពុម្ព​ជា​សៀវភៅ​វិញ​។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នៅក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី​ ១៨ មេសា ក៏បាន​ឱ្យដឹង​ដែរ​ថា សៀវភៅ​អេឡិចត្រូនិក (E-Book)​ នេះ​នឹងត្រូវ​ធ្វើ​ឡើងជា​ ៣ ​ភាសា គឺ​ភាសា​អង់គ្លេស ខ្មែរ និង​បារាំង ។ ការប្រើប្រាស់​ពាក្យ​ដែល​អនុម័ត​នឹង​ចាប់ផ្តើម​ពី​ក្រសួង​ព័ត៌មាន ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។

ជាមួយ​គ្នានេះ លោក​រដ្ឋមន្ត្រី​បាន​ឱ្យ​បង្កើត​ក្រុម​ការងារ​ថ្មី​មួយ​ដែល​ដឹកនាំ​ដោយ​លោក ហោ សុភាព រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ ដើម្បី​ដាក់បញ្ចូល​ពាក្យថ្មី​ជាង​ ២០០ ​ពាក្យ ដែល​ត្រូវ​បានអនុម័ត ដោយ​ក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ពាក់ព័ន្ធ​នឹង​វិស័យ​ព័ត៌មាន និង​ការផ្សព្វផ្សាយ​នៅក្នុង​ E-Book​ ទាំងអស់​៕

អត្ថបទគួរចាប់អារម្មណ៍