ភ្នំពេញៈ ក្រុមហ៊ុន​ម៉ូនូមែនប៊ុក​ (Monument Books) ឧបត្ថម្ភ​សៀវភៅ​ភាសា​អង់គ្លេស​ចំនួន​ ១៧ ៥០០​ ក្បាល​ដល់​ក្រសួង​អប់រំ យុវជន​​ និង​កីឡា សម្រាប់​សិស្សានុសិស្ស​កម្រិត​បឋមសិក្សា និង​មធ្យមសិក្សា​រៀនសូត្រ​ និង​ជួយ​សាលា​ដែល​ខ្វះខាត​ និង​មាន​តម្រូវការ​សៀវភៅ​ភាសា​អង់គ្លេស​។

ពិធី​ប្រគល់​-ទទួល​សៀវភៅ​ភាសា​អង់គ្លេស​ ១៧ ៥០០ ​ក្បាល​ពី​ក្រុមហ៊ុន​ម៉ូនូមែនប៊ុក ធ្វើឡើង​ក្រោម​អធិបតីភាព លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក​ ម៉េង ហៀង អគ្គនាយក​ក្រុមហ៊ុន​ម៉ូនូមែនប៊ុក​នា​ថ្ងៃទី​ ១៨ ​មេសា​នៅ​ក្រសួង​អប់រំ​។

លោក​ ហង់ជួន ណារ៉ុន បាន​ថ្លែង អំណរគុណ​ដល់​ក្រុមហ៊ុន​ម៉ូនូមែនប៊ុក ដែល​បាន​ឧបត្ថម្ភ​សៀវ​នេះ​ និង​រួមចំណែក​ជាមួយ​ក្រសួង​អប់រំ​ក្នុង​ការជួយ​សាលា​ដែល​ខ្វះខាត​ និង​ត្រូវការ​សៀវភៅ​ភាសា​អង់គ្លេស​។

លោក​ថ្លែងថា​៖ «​សៀវភៅ​ភាសាអង់គ្លេស​ទាំងនេះ​នឹង​ចែកជូន​នៅតាម​សាលារៀន​ក្នុង​ស្រុក​កងមាស សាលារៀន​ជំនាន់​ថ្មី​ក្នុង​វិទ្យាល័យ​ស៊ីសុវត្ថិ និង​សាលារៀន​មួយចំនួន តាម​រាជធានី​-​ខេត្ត ដើម្បី​ចែក​ឱ្យ​សិស្សានុសិស្ស​សិក្សា​រៀនសូត្រ និង បំប៉ន​ភាសាបរទេស​របស់​ពួកគេ​»​។

លោក​ ម៉េង ហៀង ថ្លែងថា កម្ពុជា​ក៏ដូចជា​សកលលោក​បាន​រង​នូវ​វិបត្តិ​ធ្ងន់ធ្ងរ​បណ្តាលមកពី​ជំងឺ​រាតត្បាត​កូវីដ​ ១៩​។ វិបត្តិ​នេះ​ធ្វើឱ្យ​សាលារៀន​មិនអាច​បើកទ្វារ​ទទួល​សិស្ស​ចូលរៀន​ជា​ប្រក្រតី​។ សិស្ស និស្សិត​ភាគច្រើន​បានទទួល​សេវា​បង្រៀន​ និង​រៀន​តាម​ Online​។

លោក​ថ្លែងថា​៖ «​ក្នុង​ឆ្នាំ​ ២០២១ ​អំឡុង​វិបត្តិ​កូវីដ​ ១៩ ខ្ញុំបាទ​បាន​បរិច្ចាគ​សៀវភៅ​សិក្សា​ភាសា​អង់គ្លេស​ជាង​ ១៨ ០០០​ ក្បាល​ជូន​ដល់​សាលារៀន​នៅ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប ស្រុក​កោះសូទិន​ និង​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ព្រមទាំង​បណ្តា​អង្គការ​មួយចំនួន ដូចជា World Vision Cambodia Children’s Fund និង​ស្ថានទូត​អូស្ត្រាលី​ជាដើម​»​។

លោក​ថា​៖ «​ខ្ញុំបាទ​សូម​បន្ត​បរិច្ចាគ​សៀវភៅ​សិក្សា​ភាសា​អង់គ្លេស​ចំនួន​ ១៧ ៦៧៣ ក្បាល​គិត​ជា​ទឹកប្រាក់​ប្រមាណ ១០០ ០០០​ ដុល្លារ​អាមេរិក​ ដើម្បី​ចូលរួមចំណែក​ជាមួយ​ក្រសួង​អប់រំ យុវជន​ និង​កីឡា​»៕