ឧត្តរមានជ័យ​/​បន្ទាយមានជ័យ​/​ពោធិ៍សាត់ៈ អាជ្ញាធរ​នៅជាប់​ព្រំដែន​កម្ពុជា​-​ថៃ បន្ត​រឹតបន្តឹង និង​ដាក់​កម្លាំង​ការពារ​នៅតាម​ព្រំដែន ដោយ​បារម្ភ​ពី​ពលករ​លួច​ឆ្លងដែន​ខុសច្បាប់ ខណៈ​ចំនួន​ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​ស្រុក​វិញ មានការ​ថយចុះ​ផងដែរ ក្រោយពី​បញ្ចប់​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​។

អ្នកនាំពាក្យ​សាលាខេត្ត​ឧត្តរមានជ័យ លោក​ ផល លឹម ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ១៨ មេសា​ថា មុន​ចូលឆ្នាំ​ខ្មែរ ពលករ​ជាច្រើន​បាន​សម្រុក​វិល​ចូល​ស្រុក ដើម្បី​ជួបជុំ​គ្រួសារ និង​ដើរ​កម្សាន្ត ហើយ​ពលករ​ខ្លះ​មិនទាន់​ត្រឡប់​ទៅធ្វើការ​នៅ​ថៃ​នោះទេ​។ លោក​បញ្ជាក់ថា​៖ «​ព្រោះ​ពលករ​ខ្លះ​គាត់​នៅ​ដើរលេង​សប្បាយ វត្ត​ខ្លះ​គេ​នៅ​លេង ​១ ​អាទិត្យ​ទៀត​ឯណោះ​»​។

ទោះយ៉ាងណា លោក​បានឱ្យ​ដឹងថា ទោះបី​នៅ​ខេត្ត​ឧត្តរមានជ័យ មិនសូវមាន​ពលករ​លួច​ឆ្លងដែន​ទៅ​ថៃ​ក្តី ប៉ុន្តែ​អាជ្ញាធរខេត្ត​បន្ត​ដាក់​កម្លាំង​នៅតាម​គោលដៅ ដើម្បី​ទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់​ក្រោយ​ចូលឆ្នាំ​ខ្មែរ​។

លោក​ថ្លែងថា​៖ «​ខេត្ត​ឧត្តរមានជ័យ​មិនសូវមាន​ពលករ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ថៃ​ទេ ព្រោះ​ដី​វា​ខ្ពស់ ប៉ុន្តែ​បើ​មកពី​ថៃ​វិញ​វា​ទាប​។ អ៊ីចឹង​ភាគច្រើន​គាត់​ឆ្លងដែន​ខុសច្បាប់​តាម​ច្រក​ខេត្តបន្ទាយមានជ័យ បើ​គាត់​ចុះ​ពី​ថៃ​បាន​។ តែបើ​ឡើងទៅ​ថៃ​វិញ អត់​បានទេ ព្រោះ​វា​ខ្ពស់ ហើយ​អាជ្ញាធរខេត្ត​នៅ​បន្ត​ដាក់​កម្លាំង​នៅតាម​ព្រំដែន និង​តាម​គោលដៅ មិនមាន​ដក​កម្លាំង​នោះទេ​»​។

លោក​ ផល លឹម ឱ្យដឹង​ដែរ​ថា ក្រោយ​ចូលឆ្នាំ​ខ្មែរ ពលករ​ត្រឡប់​ពី​ថៃ​វិញ​មានការ​ថយចុះ​ខ្លាំង​។ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ពលករ​វិល​ចូល​ស្រុក​ក្នុង​ ១​ ថ្ងៃ​នៅសល់ តែ​ខ្ទង់​ ៦០ ​ទៅ​ ៨០ ​នាក់​ទេ​។ មុន​ចូលឆ្នាំ​ខ្មែរ ដោយ​គិតពី​ដើមខែ​មេសា​មក ពលករ​វិលចូល​ស្រុក​ក្នុង​ ១ ​ថ្ងៃ​ ៥០០​ ទៅ​ ១​ ពាន់​នាក់​។

បើតាម​របាយការណ៍​ខេត្ត​ឧត្តរមានជ័យ​ចំនួន​ពលករ​ចំណាកស្រុក​មកពី​ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​ខេត្ត​ឧត្តរមានជ័យ ក្នុងអំឡុងពេល​ចូលឆ្នាំ​ខ្មែរ​គិតពី​ថ្ងៃទី​ ១៤ ដល់​ថ្ងៃទី​ ១៧ ខែមេសា​នេះ មាន ៣៦៤ ​នាក់​។

លោក​ លាង ទិត្យដ្ឋាន អ្នកនាំពាក្យ​សាលាខេត្ត​ពោធិ៍សាត់​បាន​ថ្លែង​នា​ថ្ងៃទី​ ១៨ មេសា​ថា បច្ចុប្បន្ន ពលករ​ឆ្លងតាម​ព្រំដែន​អន្តរជាតិ​ថ្មដា​មាន​ចំនួន​តិច ដោយសារ​បញ្ហា​កូវីដ​ ១៩ ខណៈ​ច្រក​ព្រំដែន​មួយ​នេះ បើក​សម្រាប់តែ​ការដឹក​ទំនិញ​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក​ថា ក្រោយ​ចូលឆ្នាំ​ខ្មែរ អាជ្ញាធរខេត្ត​ក៏បាន​រឹតបន្តឹង​នៅតាម​ច្រកព្រំដែន​ផងដែរ​។

លោក​ថ្លែងថា​៖ «​នៅ​ពោធិ៍សាត់ អត់​មាន ច្រករបៀង​ទេ ហើយ​សម្រាប់​កម្លាំង​នៅតាម​ព្រំដែន យើង​នៅ​បន្ត​ដាក់​ជាប្រចាំ ដើម្បី​ទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់​»​។

អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក​ ង៉ោ ម៉េងជ្រួន ថ្លែងថា អាជ្ញាធរ​ខេត្ត​មិនបាន​បន្ធូរបន្ថយ​កម្លាំង​នៅតាម​ព្រំដែន​នោះទេ ទោះបី​មុន​ចូលឆ្នាំ និង​ក្រោយ​ចូលឆ្នាំ​ក៏ដោយ មានតែ​បង្កើន​ការប្រុងប្រយ័ត្ន ក្នុង​ការ​ទប់ស្កាត់​ការឆ្លង​ដែន​ខុសច្បាប់​។ លោក​ថា​៖ «​ចំពោះ​បញ្ហា​ទុច្ចរិត ដែល​រកស៊ី​ជួញដូរ​មនុស្ស ឬ​ហៅថា​មេខ្យល់​នោះ ក្នុងនាម​អាជ្ញាធរខេត្ត បានចេញ​បញ្ជា​ទប់ស្កាត់​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ យើង​បាន​អនុវត្ត​ដែរ​»​។

ពាក់ព័ន្ធ​ការឆ្លង​ដែន​ខុសច្បាប់​នេះ នគរបាល​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង បាន​ឃាត់ខ្លួន និង​បញ្ជូន​សំណុំរឿង​មេខ្យល់​ម្នាក់​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ករណី​នាំ​ពលករ​លួច​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។ ហ្វេសប៊ុក​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ឱ្យដឹងថា ជនសង្ស័យ​ដែលជា​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃទី​ ១៤​ មេសា នៅ​ក្រុមទី​ ៧ ភូមិ​គីឡូ​ ១៣ ឃុំ​សន្តិភាព ស្រុក​សំពៅលូន នៅវេលា​ម៉ោង​ ៥ និង ​៣០ ​នាទី​ព្រឹក​។

ប្រភព​បន្តថា ការឃាត់ខ្លួន​នេះ បន្ទាប់ពី​កម្លាំង​វរសេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​ ៨១៧ កម្លាំង​កងយោធល​ខេមរភូមិន្ទ​វរៈ​លេខ​ ១ និង​កម្លាំង​វរសេនា​តូច​លេខ​ ៥៣៣ ប្រចាំការ​តាម​មាត់​អូរ​ព្រំដែន​កម្ពុជា​-​ថៃ បាន​ចុះបង្ក្រាប​ករណី​ការនាំចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​ការនាំ​ឆ្លងដែន​។

ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បានឃាត់ខ្លួន​ជនសង្ស័យ​ជា​មេខ្យល់ ឈ្មោះ សោម បូរិទ្ធ ភេទ​ប្រុស អាយុ​ ៣៣​ ឆ្នាំ មាន​ទីលំនៅ ភូមិ​គីឡូ​ ១៣ ឃុំ​សន្តិភាព ស្រុក​សំពៅលូន ខេត្តបាត់ដំបង​។

ចំណែក​ពលករ​ ២ ​នាក់​ទៀត​ត្រូវជា​ប្តី-​ប្រពន្ធ ឈ្មោះ ​ប៊ុន សុភាព ភេទ​ប្រុស អាយុ​ ៤៣ ​ឆ្នាំ និង​ឈ្មោះ​ លូត ឡឹង ភេទ​ស្រី អាយុ​ ៤២​ ឆ្នាំមាន​ទីលំនៅ​ភូមិ​ឆ្កែខាំ​ប្រើស ឃុំ​ព្រែកជីក ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង បម្រុង​ចូលទៅ​ក្នុងប្រទេស​ថៃ ដោយ​យកប្រាក់​ថ្លៃ​នាំ​ផ្លូវ​ក្នុង​ម្នាក់ៗ​ចំនួន​ ៥ ៥០០​ បាត​ (​ប្រាក់​ថៃ​)​។

បច្ចុប្បន្ន ពលករ​ទាំង​ ២​ នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​សកម្មភាព និង​ឱ្យ​វិលត្រឡប់​ទៅ​មូលដ្ឋាន​វិញ​។ រីឯ​ជនសង្ស័យ​ជា​មេខ្យល់ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

វីដេអូ៖