ព្រៃវែងៈ ​មន្ត្រី និង​ប្រជាសហគមន៍​នៅក្នុង​តំបន់​អភិរក្ស​បឹងស្នេហ៍​ទួល​ពាន់តា​ឡី ដែល​ស្ថិតនៅ​ក្នុងស្រុក​បាភ្នំ ខេត្តព្រៃវែង​បាន​អះអាង​ថា ក្នុង​រយៈពេល​ ១ ​សប្ដាហ៍​ចុងក្រោយ​នេះ​មិន​​ឃើញ​វត្តមាន​សត្វ​ស្លាប​ងាប់​​ទៀត​នោះទេ​។ ទោះបី​យ៉ាងណា ក្រុម​អ្នកភូមិ​នៅតែ​បន្ត​សហការ​ជាមួយ​ក្រុមមន្ត្រី​ជំនាញ​ចុះ​រុករក និង​ប្រមូល​សត្វ​ស្លាប​ដែល​ងាប់​យកមក​ដុតចោល ដើម្បី​បង្ការ​កុំឱ្យ​កើត​ជំងឺឆ្លង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​សត្វ​ និង​បរិស្ថាន​នៅក្នុង​សហគមន៍​របស់​ពួកគេ​។

លោក​ នួន សារ៉េត អនុប្រធាន​សហគមន៍​អភិរក្ស​បឹងស្នេហ៍​ទួល​ពាន់តាឡី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៨ ខែ​មេសា​ថា បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ ២-៣​ មេ​ធំៗ​កាលពីមុន​ចូលឆ្នាំ​ថ្មី​មក បរិយាកាស​នៅក្នុង​តំបន់​អភិរក្ស​សត្វ​ស្លាប​ទួលពាន់តាឡី ហាក់ដូចជា មាន​ភាពល្អ​ប្រសើរឡើង​វិញ​បន្តិច ដោយ​ក្នុង​ ១ ​សប្ដាហ៍​មកនេះ​មិនឃើញ​មាន​សត្វ​ស្លាប​ងាប់​ទៀត​ទេ​។

លោក សារ៉េត បញ្ជាក់ថា​៖ «១ ​សប្ដាហ៍​កន្លងមកនេះ ក្រុមការងារ​យើង​បាន​ចុះ​ត្រួតពិនិត្យ និង​រុករក​សពសត្វ​ស្លាប​ពេញ​ក្នុងព្រៃ និង​ពេញ​វាលស្រែ ជុំវិញ​តំបន់​អភិរក្ស ដើម្បី​ប្រមូល​យក​សំណាក​សពសត្វ​ទាំងនោះ ដុតបំផ្លាញ​ចោល​កុំឱ្យ​បង្ក​ជា​ជំងឺឆ្លង ប៉ុន្តែ​មិន​ប្រទះឃើញ​សពសត្វ​ស្លាប​ ១ ​ក្បាល​ឡើយ​»​។

បើតាម​លោក​ សារ៉េត ក្រុម​គណៈកម្មការ​សហគមន៍​របស់លោក​បាន​សហការ​ជាមួយ​ក្រុមមន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តព្រៃវែង និង​ក្រុម​ជំនាញការ​អភិរក្ស​សត្វស្លាប​​នៃ​អង្គការ​ WCS ​ចុះ​រុករក​ និង​ប្រមូល​សត្វ​ស្លាប​ដែល​បាន​ងាប់​ពី​ក្នុង​វាលស្រែ និង​ក្នុងព្រៃ​នៃ​តំបន់​អភិរក្ស​បឹង​ស្នេហ៍​ទួលពាន់តាឡី​ក្នុង ​១ ​សប្ដាហ៍​ ៣ ​ថ្ងៃ​។

ការងារ​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​​ក្រុមការងារ​របស់លោក​បាន​​ពិនិត្យឃើញ​វត្តមាន​សត្វ​ស្លាប​ងាប់​ជា​បន្តបន្ទាប់ ចាប់តាំងពី​ដើមខែ​មីនា ឆ្នាំ​ ២០២២​។

ចំណែក លោក ប្រាក់ ផល្លី សមាជិក​គណៈកម្មការ​សហគមន៍​អភិរក្ស​សត្វ​ស្លាប​បឹងស្នេហ៍​ទួលពាន់តាឡី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​ថ្ងៃ​ដំបូង​ (៩​ មីនា ២០២២) ក្រុមការងារ​សហគមន៍​របស់លោក​បាន​ប្រទះឃើញ​សត្វ​ស្លាប​ជាង​ ១០ ​ក្បាល​ងាប់ ហើយ​ថ្ងៃ​បន្តបន្ទាប់មក​បាន​រកឃើញ​សត្វ​ស្លាប​ងាប់​នៅក្នុង​តំបន់​អភិរក្ស​នេះ​ក្នុង​រង្វង់​ពី​ ១០ ទៅ​ ២០​ ក្បាល​។ ប៉ុន្តែ​ ១​ សប្ដាហ៍​ចុងក្រោយ​នេះ មិនឃើញ​មាន​ងាប់​ទៀត​នោះទេ​។

លោក​បាន​ថ្លែងថា​៖ «​សម្រាប់​ឆ្នាំ​ ២០២២ សត្វ​ស្លាប​ប្រមាណ​ជាង ៦០០ ​ក្បាល ត្រូវបាន​ប្រទះឃើញ​ងាប់​នៅក្នុង​ព្រៃ វាលស្រែ និង​តាម​មាត់បឹង ក្នុង​តំបន់​អភិរក្ស​សត្វ​ស្លាប​បឹងស្នេហ៍​ទួលពាន់តាឡី​។ ​ប៉ុន្តែ​យើង​​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ដែលនាំឱ្យ​ងាប់​នោះទេ​»​។

ជុំវិញ​ករណីនេះ លោក តូច វ៉ារដ្ឋា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រៃវែង​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា ក្រុមការងារ​បាន​នាំ​​យក​សំណាក​ខ្មោចសត្វ​ស្លាប​​និង​ទឹក​ពី​កន្លែង​ដែល​សត្វ​ស្លាប​ទាំងនោះ​ងាប់​ទៅ​ពិសោធ ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ​ខាង​មន្ទីរពិសោធន៍​នៅ​មិនទាន់​ផ្ដល់​មកវិញ​ទេ​។ ទោះជា​យ៉ាងណា​វិធានការ​ចំពោះមុខ​គឺ​មន្ត្រី​ជំនាញ​ក៏ដូចជា ប្រជា​សហគមន៍​បាន​ដើរ​ប្រមូល​សត្វ​ដែល​ងាប់​ទាំងនោះ​ទៅ​កប់​ និង​ដុត​កម្ទេច​​ចោល​ជា​រៀងរាល់ថ្ងៃ​។

លោក​បាន​បន្តថា ប៉ុន្តែ​បន្ទាប់​​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ២-៣​ ថ្ងៃ​ជាប់​គ្នា​កាលពីមុន​ពិធីបុណ្យ​ចូល​​ឆ្នាំ​ថ្មី​នេះ ក្រុមមន្ត្រី​ជំនាញ និង​​ប្រជាសហគមន៍​មិន​ប្រទះឃើញ​មាន​សត្វ​ស្លាប​ងាប់​ទៀត​ទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​បើ​តាម​ការសន្និដ្ឋាន​ជំហាន​ដំបូង​របស់​មន្ត្រី​ជំនាញ​មាន​កត្តា​ ២ ​ដែល​ជំរុញ​ឱ្យ​សត្វ​ស្លាប​នៅក្នុង​តំបន់​អភិរក្ស​នេះ​ងាប់​។ ​ទី​ ១ គឺអាច​បណ្ដាល​មកពី​វ័យ​ចំណាស់​​របស់​វា ហើយ​មួយវិញទៀត​គឺ​បណ្ដាលមកពី​ការកើនឡើង​កម្ដៅ​ពី​ផ្ទៃដី ដែល​អាចធ្វើឱ្យ​សត្វ​ឈឺ​ងាប់​តែម្ដង​» ។

ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី លោក វ៉ារដ្ឋា បានឱ្យ​ដឹងថា បច្ចុប្បន្ន​សត្វ​ស្លាប​ក្នុង​តំបន់​អភិរក្ស​សត្វ​ស្លាប​បឹង​ស្នេហ៍​ទួលពាន់តាឡី​មាន​ប្រមាណ​ពី​ ៣-៤​ លាន​ក្បាល ក្នុងនោះ​ប្រភេទ​សត្វ​ចង្កៀល​ខ្យង​មាន​ច្រើនជាងគេ​៕