ភ្នំពេញៈ មន្ដ្រីជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​មួយចំនួន​រំឭក​ពី​ការឈឺចាប់​នៃ​ការចងចាំ​ចំពោះ​ព្រឹត្ដិការណ៍​កាលពី ៤៧ ​ឆ្នាំមុន គឺ​ថ្ងៃទី ​១៧ ​មេសា ឆ្នាំ​ ១៩៧៥ ដែល​ពួក​ទ័ពព្រៃ​ខ្មែរក្រហម​បាន​ទទួល​ជ័យជម្នះ​លើ​របប​លោក​សេនាប្រមុខ លន់ នល់ ដោយ​បាន​ចូលកាន់​កាប់​ទីក្រុង​ភ្នំពេញ និង​ក៏​ជា​ថ្ងៃ​ដែល​ពួក​អាវខ្មៅ​បានចាប់ផ្តើម​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ​ដែលជា​ការចាប់ផ្តើម​នៃ​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់លោក​ថា កាលពី​ ៤៧ ​ឆ្នាំមុន (១៧ ​មេសា ១៩៧៥) វេលា​ម៉ោង ៧​ ព្រឹក «​ដំណឹង​បានឮ​មកដល់​យើង​ថា ខ្មែរក្រហម​ចូលដល់​ហាង​សាំង​ឫស្សីកែវ​ហើយ​»​។ លោក​រំឭកថា​៖ «​សម័យ​នោះ​ខ្ញុំ​តែង​មក​ដេក​លេង​នៅផ្ទះ​មិត្តភក្តិ​ស្និទ្ធស្នាល ដាញ់ សាវ៉ាង រំលង​ខាងជើង​របង​ស្តាត​ចាស់​ ១ ​ផ្លូវ​»​។

លោក​បន្តថា​៖ «​យើង​សម្រេច​នាំគ្នា​មក​ផ្ទះ​អ្នក​ស្គាល់គ្នា​ម្នាក់ទៀត​នៅ​ផ្លូវ​កម្ពុជា​ក្រោម ឆៀង​ក្រុមហ៊ុន Dumex ព្រោះ​មនុស្ស​នៅ​កណ្តាល​ក្រុង​កកកុញ​ជួយ​បង្កើន​ភាពកក់ក្តៅ​ពី​ភាពមិន​ច្បាស់លាស់​នៃ​កងទ័ព​បន្តិច​ដែរ​។ តែ​ក្នុង​ចិត្ត​ម្យ៉ាង​យើង​អរ​នឹង​ឃើញ​សង្គ្រាម​ត្រូវបាន​បញ្ចប់​លែងមាន​គ្រាប់ផ្លោង​រាល់ថ្ងៃ​។ យើង​មិន​បានដឹង​ទាល់តែសោះ ថា ថ្ងៃនោះ​ហើយ​ដែល​យើង​កំពុង​នៅ​ឈរ​មាត់ទ្វារ​នរក​ទៅវិញ​ទេ​»​។

លោក​ ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​លើកឡើងថា ១៧ ​មេសា​ ១៩៧៥ គឺជា​ពេលវេលា​ដែល «​ពួក​ជាតិ​និយម​ជ្រុល ខ្មែរក្រហម​» ឡើងកាន់​អំណាច ហើយ​អនុវត្ត​អំពើ​យង់ឃ្នង កាប់សម្លាប់ សងសឹក ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ជីក​ស្មៅ​ជីក​ទាំង​ឫស និង​បាន​នាំ​ប្រទេស​ជាតិ​ឱ្យ​វិនាស​ខ្លោចផ្សា​តែ​ក្នុង​រយៈពេល​ជាង​ ៣ ​ឆ្នាំ​។ លោក​បន្តថា​៖ «២០ ​ឆ្នាំមុន ខ្ញុំ​បាន​ស្រាវជ្រាវ និង​បោះពុម្ព​សៀវភៅ ប្រវត្តិសាស្ត្រ​ ២​ ក្បាល ដែល​ឆ្លុះបញ្ចាំង​ពី​មូលហេតុ​ឫសគល់​នៃ​ភាពឃោរឃៅ និង​ទុក្ខសោក​របស់​ប្រជាជន​ខ្មែរ​យើង​»​។

លោក​បញ្ជាក់ថា​៖ «​យើង​រកឃើញ​ភាពជ្រុលនិយម​ជាច្រើន ដែលជា​កំហុស​ចេញពី​ការដឹកនាំ​របស់ ប៉ុល ពត-​ខ្មែរក្រហម នោះ​គឺ​ «​ការបែងចែក​វណ្ណៈ​មនុស្ស នៅក្នុង​សង្គម​ដ៏ក្រីក្រ​មួយ នៅពេលដែល​មនុស្ស​លែង​និយាយ​ការពិត នៅពេល​អវិជ្ជា​ត្រួតត្រា និង​នៅពេល​បដិសេធ​ច្បាប់​»​។

បើតាម​លោក វណ្ណៈ ភាព​បរាជ័យ​ដ៏ធំ​របស់​ពួក ប៉ុល ពត គឺ​នៅពេល​គេ​ដើរ​ផុតពី​ភាព​មិនអាច​កាត់ផ្តាច់​ពីគ្នា​បាន​គឺ «​អ្នកនយោបាយ​ប្រៀបដូចជា​ត្រី ចំណែកឯ​ប្រជាជន​គឺជា​ទឹក​»​។

លោក​ ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ និង​សង្គម បាន​សរសេរ​បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់លោក​ថា​ «​ប៉ុល ពត និង​ខ្មែរក្រហម​ឯទៀត គ្រាន់តែ​ជា​អ្នកដៃដល់​កាប់សម្លាប់​ខ្មែរ និង​កម្ទេច​សង្គម​ខ្មែរ ដើម្បី​បម្រើ​មហិច្ឆតា និង​អំណាច​របស់ខ្លួន និង​អនុវត្ត​មនោគមន៍វិជ្ជា​កុម្មុយនីស្ត កសាង​សង្គម​ថ្មី​សន្លាង​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ​» ទៅតាម​គំនិត និង​យុទ្ធសាស្ត្រ​របស់​អ្នក​មេគំនិត​នៃ​មេដឹកនាំ​កុម្មុយនីស្ដ​។

ទោះយ៉ាងណា លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម ថ្លែងថា ៤៧ ​ឆ្នាំក្រោយ​ខ្មែរក្រហម​ឡើងកាន់​អំណាច​អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម​នួន ជា និង​ខៀវ សំផន ត្រូវបាន​រកឃើញថា មាន​ពិរុទ្ធភាព​ក្នុង​បទចោទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ពាក់ព័ន្ធ​នឹង​ការជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ក្នុង​សំណុំរឿង ០០២/០១ និង​រកឃើញ​មាន​ពិរុទ្ធភាព​ក្នុង​សំណុំរឿង ០០២/០២ ក្នុង​បទចោទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្ស​ជាតិ​ (​សហករណ៍ ការដ្ឋាន​ការងារ ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពុទ្ធសាសនិក ការរៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​ជាដើម​) ឧក្រិដ្ឋកម្ម​សង្គ្រាម (​មន្ទីរ​សន្តិសុខ ការបោសសម្អាត​ផ្ទៃក្នុង ការធ្វើ​ទុក្ខបុក​ម្នេញ​លើ​អតីតមន្ត្រី​រដ្ឋការ​​នៃ​របប​សាធារណរដ្ឋ ជម្លោះ​ប្រដាប់អាវុធ​ជាដើម​) និង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ប្រឆាំង​ជនជាតិ​ចាម និង​ជនជាតិ​វៀតណាម​។

លោក​ថ្លែងថា​៖ «​សំណុំរឿង ០០២/០២ ដែល​នៅសល់តែ​ជនជាប់ចោទ ខៀវ សំផន ម្នាក់​គត់​មាន​អាយុ ​៩០​ ឆ្នាំ រំពឹងថា នឹង​ប្រកាស​សាលដីកា​ស្ថាពរ​​បញ្ចប់​ការតវ៉ា​នៅ​អំឡុង​ចុងឆ្នាំ ២០២២ នេះ លើ​បណ្តឹង​សារទុក្ខ​របស់លោក ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ប្តឹង​ជំទាស់​នឹង​ការរកឃើញ​ពិរុទ្ធភាព​ក្នុង​សំណុំរឿង ០០២/០២»​។

ពលរដ្ឋ​ម្នាក់​បាន​និយាយ​ថា កាលពី ៤៧ ​ឆ្នាំមុន​នៅថ្ងៃនេះ គឺជា​ថ្ងៃ​ដែល​ពួក​ទ័ពព្រៃ​ខ្មែរក្រហម​បាន​ទទួល​ជ័យជម្នះ​លើ​របប​លោក​សេនាប្រមុខ លន់ នល់ ដោយបាន​ចូលកាន់​កាប់​ទីក្រុង​ភ្នំពេញ និង​ក៏​ជា​ថ្ងៃ ដែល​ពួក​អាវខ្មៅ​បានចាប់ផ្តើម​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ ដែលជា​ការចាប់ផ្តើម​នៃ​របប​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​។

ស្របពេល​ជាមួយ​គ្នានេះ អ្នកសរសេរ​សៀវភៅ និង​អ្នកវិភាគ​មួយចំនួន​បាន​ជំរុញ​ឱ្យ​មេដឹកនាំ​ជំនាន់​ថ្មី​រៀនសូត្រ​ពី​ប្រវត្តិសាស្ត្រ​ដ៏ជូរចត់ ដែល​បាន​កន្លងផុត ដើម្បី​ចៀសវាង​កុំឱ្យ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ដដែលៗ ដែល​អាចធ្វើ​ឱ្យ​វិនាស​ដល់​ប្រទេសជាតិ​ទាំងមូល​។

លោក​ ឡៃ លី ពលរដ្ឋ​ម្នាក់​ដែល​កំពុង​រស់នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ដ​បន្ទាយមានជ័យ​បាន​លើកឡើងថា ភាពជូរចត់​មិនអាច​បំភ្លេចបាន គឺ​គុក​អត់​ជញ្ជាំង​។ ថ្ងៃ​ ១៧ ​មេសា​នេះហើយ​ដែល​ក្រុមគ្រួសារ​លោក និង​ពលរដ្ឋ​ទាំងអស់ នៅ​ភ្នំពេញ​ត្រូវបាន​គេ​បណ្តេញ​ចេញពី​លំនៅឋាន​បាត់បង់​ផ្ទះសំបែង និង​ទ្រព្យសម្បត្តិ​ជាច្រើន​រៀប​រាប់មិនអស់​។

លោក​រំឭកថា​៖ «​សោកស្តាយ​បំផុត​ទោះបី​មានជីវិត​រហូត​សព្វថ្ងៃ ក៏​មិនអាច​រក​ទ្រព្យ​ដែល​បាត់បង់​ពេលនោះ​បានដែរ ពិសេស​បាត់បង់​ជីវិត​ប៉ា ដែលជា​គ្រូបង្រៀន និង​អ៊ំៗ​ជា​គ្រូពេទ្យ និង​ពួកយើង​រងទុក្ខវេទនា​ណាស់​ក្នុង​របប​ ៣ ​ឆ្នាំ ៨ ​ខែ ២០ ​ថ្ងៃ​ហូបចុក​ទឹក​បបរ​មិន​ឆ្អែត​ហេវ​ហត់​​ធ្វើការ​ធ្ងន់​ទាំង​រាងកាយ​គ្មាន​កម្លាំងកំហែង​បន្តិច​សោះ​»​។

គួររំឭកថា កាលពី​ ៤៧ ​ឆ្នាំមុន នៅ​ថ្ងៃ​ ១៧ ​មេសា គឺជា​ថ្ងៃ ដែល​ពួក​ទ័ពព្រៃ​ខ្មែរក្រហម​បានទទួល​ជ័យជម្នះ​លើ​របប​លោក​សេនាប្រមុខ លន់ នល់ ដោយបាន​ចូលកាន់​កាប់​ទីក្រុង​ភ្នំពេញ និង​ក៏​ជា​ថ្ងៃ ដែល​ពួក​អាវខ្មៅ​បានចាប់ផ្តើម​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ ដែលជា​ការចាប់ផ្តើម​នៃ​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​៕