
ត្រីងាប់នៅទន្លេសេសានក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន។ រូបថត ហ្វេសប៊ុក
ស្ទឹងត្រែងៈ ប្រជាសហគមន៍នេសាទ និងប្រជាពលរដ្ឋនៅក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន បានសម្តែងការព្រួយបារម្ភជាខ្លាំង ចំពោះការបាត់បង់ពូជត្រី ខណៈឃើញត្រីរាប់រយគីឡូបានងាប់អណ្តែតទឹកព្រោងព្រាតក្នុងទន្លេសេសានជាច្រើនថ្ងៃមកហើយ ប៉ុន្តែមិនឃើញមានមន្ត្រីជំនាញចុះទៅពិនិត្យស្រាវជ្រាវឱ្យដឹងពីមូលហេតុនៅឡើយ។
លោក ស៊ិន សុវណ្ណារ៉ា ប្រធានសហគមន៍នេសាទស្រែស្រណុកសាមគ្គីថ្លែងនៅថ្ងៃទី ១៨ ខែមេសាថា មានត្រីចម្រុះប្រភេទជាច្រើនក្បាល ក្នុងនោះមានភាគច្រើនជាត្រីទីឡាព្យ៉ាបានងាប់ជាបន្តបន្ទាប់ព្រោងព្រាត ក្នុងទន្លេសេសាននៅក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស។ លោកថា មុនពេលមានត្រីងាប់បែបនេះ គឺមានប្រជាពលរដ្ឋមួយចំនួនជាខ្មែអ៊ិស្លាមបាននាំគ្នាទៅដាក់មងទំហំ ១០០ ម៉ែត្រការ៉េ ហើយបាននាំគ្នាធ្វើសកម្មភាពនៅក្នុងបរិវេណដែលបានដាក់មងនោះ ក្រោយមកទើបឃើញត្រីងាប់អណ្តែតទឹកយ៉ាងច្រើន។
លោកបានថ្លែងថា៖ «មិនដឹងថា ជាគេធ្វើរូបភាពយ៉ាងណាទេ យើងអត់ដឹង ប៉ុន្តែឃើញថា បងប្អូនអ៊ិស្លាមហ្នឹងគាត់រាយមងប្រហែល ១០០ ម៉ែត្រ ៤ ជ្រុង រួចគាត់ធ្វើសកម្មភាពនៅក្នុងហ្នឹង ព្រោងប្រាវៗទៅ ក្រោយមកឃើញត្រីងាប់ព្រោងព្រាតអ៊ីចឹងតែម្តង» ។
លោកបន្តថា ត្រីងាប់ក្នុងទន្លេនេះបានកើតឡើងរយៈពេលជាង ១ សប្តាហ៍មកហើយ។ ពេលឃើញត្រីងាប់បែបនោះ ប្រជាសហគមន៍នេសាទ និងប្រជាពលរដ្ឋក្នុងភូមិបានរើសយកត្រីដែលងាប់នោះមួយចំនួនទៅធ្វើម្ហូបដើម្បីទទួលទាន ប៉ុន្តែយ៉ាងណាក៏ដោយរហូតមកដល់ថ្ងៃទី ១៨ ខែមេសា មិនមានប្រជាពលរដ្ឋណាម្នាក់មានបញ្ហាសុខភាពដោយប្រការណាមួយឡើយ។
លោក ស៊ិន សុវណ្ណារ៉ា បញ្ជាក់ថា ក្រោយឃើញមានត្រីងាប់ក្នុងទន្លេលោកបានរាយការណ៍ទៅមន្ត្រីជំនាញ ប៉ុន្តែមិនទាន់ឃើញមានមន្ត្រីចុះមកពិនិត្យធ្វើការស្រាវជ្រាវនៅឡើយ។ ដោយឡែកចំនួនត្រីដែលងាប់នោះគឺមិនអាចប៉ាន់ប្រមាណបានថា មានចំនួនប៉ុន្មានឱ្យប្រាកដនោះឡើយ ប៉ុន្តែបើគិតតែពីចំនួនដែលប្រជាសហគមន៍ជិះទូករើសត្រីយកបាននោះមិនក្រោម ៣០០ គីឡូក្រាមនោះទេ។

ត្រីនៅទន្លេសេសានត្រូវបានប្រទះឃើញងាប់។ រូបថត ហ្វេសប៊ុក
លោកថ្លែងថា៖ «ត្រីដែលងាប់នោះគឺមានចម្រុះ ប៉ុន្តែភាគច្រើនត្រីទីឡាព្យ៉ា គេបានរើសយកត្រីណាដែលល្អៗធំៗ ចំណែកត្រីដែលទំងន់ប្រហែល ១ ខាំ ២ ខាំ ហ្នឹងគេចោលឱ្យអណ្តែតស្អុយពេញទឹកហ្នឹងទៅ។ ខ្ញុំសូមសំណូមពរឱ្យមន្ត្រីជំនាញគាត់ចុះជួយសិក្សា និងស្រាវជ្រាវឱ្យបានម៉ឺងម៉ាត់ជាទីបំផុតផង» ។
លោក មន សុខម៉េង ប្រជាពលរដ្ឋនៅភូមិស្រែស្រណុក ថ្លែងនៅថ្ងៃទី ១៨ ខែមេសា ថា លោកបានឃើញត្រីងាប់អណ្តែតក្នុងទឹកទន្លេសេសាន នៅពេលដែលលោកទៅស្ទួចត្រី។ ពលរដ្ឋក្នុងភូមិបានរើសត្រីដែលងាប់នោះ យកទៅធ្វើប្រហុកទុក ខ្លះប្រឡាក់ទុក និងខ្លះទៀតធ្វើម្ហូបផ្សេងៗបរិភោគ។ មកដល់ថ្ងៃទី ១៨ ខែមេសា ត្រីនៅតែមានបន្តងាប់ដោយមិនដឹងពីមូលហេតុធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះការបាត់បង់ត្រីពីក្នុងទន្លេ។ លោកថ្លែងថា៖ «អ្នកស្រុកភ័យបារម្ភ ទី ១ ខ្លាចគេឆក់គេអីច្រើនហើយទី ២ ខ្លាចគេដាក់ថ្នាំ អ៊ីចឹងវាអស់ផុតពូជត្រីធំៗ» ។ លោក មន សុខម៉េង ប្រាប់ថា ប្រជាពលរដ្ឋទៅរើសត្រីពីក្នុងទឹកទន្លេបានយ៉ាងច្រើនក្នុង ១ ទូកៗយ៉ាងហោចណាស់រើសបានត្រីពី ៥០ ទៅ ៦០ គីឡូក្រាម ហើយត្រីដែលពលរដ្ឋរើសយកនោះភាគច្រើនជាត្រីធំៗមានទម្ងន់ពី ១ គីឡូ ទៅ ២ គីឡូក្រាម។
លោកស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផល ខេត្តស្ទឹងត្រែង ថ្លែងនៅថ្ងៃទី ១៨ ខែមេសាថា មានករណីត្រីងាប់ក្នុងទឹកទន្លេសេសាន ប៉ុន្តែព័ត៌មានដែលលោកទទួលបាន គឺងាប់តាំងពីដើមខែមេសា ហើយត្រីទាំងនោះមានចំនួនតិចតួចប៉ុណ្ណោះ។ មូលហេតុដែលបណ្តាលឱ្យត្រីងាប់នេះ គឺមិនទាន់បានដឹងច្បាស់នៅឡើយទេ ព្រោះលោកមិនបានបញ្ជូនត្រីទាំងនោះទៅពិនិត្យនៅមន្ទីរពិសោធន៍។ ប៉ុន្តែតាមការសន្និដ្ឋានដំបូង ត្រីទីឡាប់ព្យ៉ាងាប់ក្នុងទឹកទន្លេសេសាននេះ មិនមែនកើតឡើងពីការឆក់ ឬបំពុលនោះឡើយ ព្រោះបើមានការឆក់ បំពុល មិនអាចមានតែត្រី ១ ប្រភេទងាប់នោះទេ ។
លោកថ្លែងថា៖ «សន្និដ្ឋានដំបូងប្រហែលជាទាក់ទងនឹងបញ្ហាលក្ខណៈជីវសាស្ត្ររបស់ត្រីទីឡាប់ព្យ៉ា វាអត់សមស្របនៅកន្លែងហ្នឹងបានអាចធ្វើឱ្យពពួកត្រីហ្នឹងងាប់។ កន្លែងដែលវាពុលងាប់ហ្នឹង វាអាចមានលក្ខខណ្ឌមិនសមប្រកបសម្រាប់ត្រីពពួកហ្នឹងនៅបាន អ៊ីចឹងធ្វើឱ្យពួកវាងាប់» ។
លោកស្រី សមវិចិត្រ បញ្ជាក់ថា លោកបានប្រាប់ទៅប្រជាសហគមន៍នេសាទឱ្យជួយធ្វើការតាមដាន ដើម្បីដឹងពីស្ថានភាពព័ត៌មានច្បាស់លាស់ និងងាយស្រួលដល់មន្ត្រីជំនាញដាក់ចេញនូវវិធានការ ដើម្បីសង្គ្រោះត្រីកុំឱ្យងាប់ទៀត។ លោកថា មន្ត្រីជំនាញធ្វើការងារដោយពឹងលើលក្ខណៈជីវសាស្ត្រ បើតាមការសន្និដ្ឋានរបស់ប្រជាពលរដ្ឋ គឺមិនច្បាស់លាស់ឡើយព្រោះនោះគ្រាន់តែជាដំណឹងបឋមប៉ុណ្ណោះ។ ដំណឹងដែលពលរដ្ឋបានរាយការណ៍នោះ គឺដឹងតៗគ្នា មិនមានភ័ស្តុតាងច្បាស់លាស់បន្ថែមឡើយ។
លោកបានបញ្ជាក់ថា៖ «ព័ត៌មានដែលខ្ញុំទទួលបានតាមរយៈការរាយការណ៍របស់ប្រជាសហគមន៍ គឺមានតែត្រីទីឡាប់ព្យ៉ាទេ រូបថតក៏មានតែទីឡាប់ព្យ៉ាសុទ្ធដែរ អ៊ីចឹងព័ត៌មានហ្នឹងអត់ទាន់ច្បាស់ទាំងអស់។ ខ្ញុំបានឱ្យពួកគាត់នៅទីនោះជួយតាមដានមើលឱ្យច្បាស់ ដើម្បីស្រួលពួកខ្ញុំពិនិត្យមើល និងសន្និដ្ឋាន ឬក៏ចុះទៅយកសំណាក»៕
វីដេអូ៖