ភ្នំពេញៈ នគរបាល​ខណ្ឌ​ជ្រោយចង្វារ​នៅ​ថ្ងៃទី ១៨ មេសា កំពុង​កសាង​សំណុំរឿង​ ដើម្បី​បញ្ចូន​បុរស​សង្ស័យ​ចំនួន​ ៥​ នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​ចាប់ខ្លួនបាន​ ១ ​ថ្ងៃ​ពាក់ព័ន្ធ​ការ​វាយ​ធាក់​ប្លន់​អ្នកដំណើរ​យក​ទ្រព្យសម្បត្តិ​នៅពេល​យប់​នៅតាម​មហាវិថី​វិមាន​ឈ្នះ ឈ្នះ ស្ថិតក្នុង​សង្កាត់ ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​។

លោក ឯក សេរីវុធ អធិការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ខណ្ឌ ជ្រោយចង្វារ​ឱ្យដឹង​នៅ​ថ្ងៃទី​ ១៨ មេសា ថា សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ ៥​ នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​ស្រាវជ្រាវ​ចាប់ខ្លួន​ពួកគេ​បាន​កាលពី​ម៉ោងជាង​ ១២ ​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​ ១៧ មេសា នៅតាម​មហាវិថី វិមាន​ឈ្នះ ឈ្នះ ក្នុង​សង្កាត់ ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​។ លោក​ថ្លែងថា​៖ «​ពួកគេ​ជា​ជន​សកម្ម​ក្នុង​ការធ្វើ​សកម្មភាព​ធាក់​ប្លន់​អ្នកដំណើរ​យក​ទ្រព្យសម្បត្តិ​»​។

លោក​បញ្ជាក់ថា ជនសង្ស័យ​ទាំង​ ៥ ​នាក់​ខាងលើ គឺជា​បក្ខពួក​របស់​ជនសង្ស័យ​ ៣​ នាក់ ដែល​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ចាប់ខ្លួនបាន​កាលពី​ថ្ងៃទី​ ៤ មេសា ឆ្នាំ ​២០២២​។ ពួកគេ​តែងតែ​បង្កបញ្ហា និង​ធ្វើ​សកម្មភាព​ឆក់​ប្លន់​ទ្រព្យសម្បត្តិ​អ្នកដំណើរ​នៅតាម​បណ្តោយ​មហាវិថី​វិមាន​ឈ្នះ​ឈ្នះ​ក្នុង​ភូមិសាស្ត្រ ទឹកដី​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​។ ប៉ុន្តែ​មិន​បណ្តាលឱ្យ​ជនរងគ្រោះ​ណា​ម្នាក់​ទទួលរង​គ្រោះ​ដល់​ជីវិត​ទេ​។

លោក សេក សុជាតិ នាយកប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​បាន​ថ្លែង​នៅ​ថ្ងៃទី​ ១៨ មេសា​ថា ពាក់ព័ន្ធ​នឹង​បទល្មើស​ឆក់​ប្លន់​តាមផ្លូវ​របស់​ជនល្មើស​ដែលជា​យុវជន​និង​អ្នកខ្លះ​មានប្រើ​ស់​គ្រឿងញៀន ឬ​បង្ក​នូវ​ភាព​ពាលា​អាវាសែ​របស់​យុវជន​មួយចំនួន​នេះ​បាន​ធ្វើ​ឱ្យមាន​ភាពអនាធិបតេយ្យ​នៅក្នុង​សង្គម​។ ដូច្នេះ យុវជន និង​គ្រួសារ​គួរតែ​ខិតខំ​រៀនសូត្រ​ឱ្យបាន​ច្រើន និង​ធ្វើ​តែ​សកម្មភាព​ទាំងឡាយណា​ដែលមាន​ប្រយោជន៍​សម្រាប់​អនាគត​ខ្លួនឯង គ្រួសារ​ និង​សង្គម​។

លោក​បាន​បញ្ជាក់ថា​៖ «​អំពើ​មិនល្អ​របស់​ក្មេង​ទំនើង ឬ​យុវជន​ទំនើង​អាច​នាំឱ្យមាន​បញ្ហា​ច្រើន​ដល់​សង្គម និង​ប្រជាពលរដ្ឋ​ធ្វើឱ្យ​សីលធម៌​សង្គម ប្រពៃណី​ទំនៀមទម្លាប់​ល្អៗ​របស់​ប្រជាជាតិ​នឹងត្រូវ​បំផ្លាញ ដែល​ធ្វើឱ្យ​បាត់បង់​គុណ​តម្លៃ​របស់​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​សង្គម និង​ធ្វើឱ្យ​ប្រទេសជាតិ​ជួប​វិបត្តិ​សង្គម និង​បាត់បង់​ធនធានមនុស្ស​នៅពេល​អនាគត​»​។

លោក​បន្តទៀតថា ការអប់រំ​នៅ​សាលារៀន​មាន​ភាព​ធូររលុង ខណៈ​នៅក្នុង​គ្រួសារ​នីមួយៗ​ហាក់​មិនមាន​ពេលវេលា​គ្រប់គ្រាន់ ហើយ​ឪពុកម្តាយ​នៃ​គ្រួសារ​ខ្លះ ចំណេះដឹង​នៅមានកម្រិត​នៅក្នុង​ការអប់រំ​ស្តីប្រដៅ​ដល់​កូនប្រុស​ស្រី​របស់ខ្លួន​ ដើម្បី​ឱ្យ​ក្លាយទៅជា​ធនធាន​មនុស្ស​ល្អ​៕

វីដេអូ៖