ព្រះសីហនុៈ ​អាជ្ញាធរ​ខេត្ដ​មួយចំនួន​បញ្ជាក់ថា ភ្ញៀវទេសចរ​ទៅលេង​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា ក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​រយៈពេល​ ៣ ​ថ្ងៃ (​ថ្ងៃទី​ ១៤-១៦ ខែមេសា​ឆ្នាំនេះ​) ភាគច្រើន មាន​ឥរិយាបថ​ចេះ​វេច​ខ្ចប់​ទុកដាក់​សំរាម​បានល្អ​ប្រសើរ​ជាង​ឆ្នាំមុនៗ ខណៈ​នៅ​ទូទាំងប្រទេស​មាន​ទេសចរ​ជិត ៤,៦ ​លាន​នាក់​បាន​ដើរលេង​កម្សាន្ត​។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នា​ថ្ងៃទី​ ១៧ ​មេសា​ថា ភ្ញៀវទេសចរ​ដែល​បាន​ចូលមក​កម្សាន្ត​ក្នុងឱកាស​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​រយៈពេល​ ៣ ​ថ្ងៃ នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​សរុប​ប្រមាណ ២៣២ ២៦៤ ​នាក់ (​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រមាណ ៥០%) ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ​ចំនួន ២១៨ ៨៥៣ នាក់ និង​ភ្ញៀវ​បរទេស​ចំនួន ១៣ ៤១១ ​នាក់​។

លោក​ថ្លែងថា​៖ «​អំឡុងពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នេះ​ឃើញថា បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនធំ​បាន​ចូលរួម​ក្នុងការ​ទុកដាក់​សំរាម​បានល្អ ប៉ុន្ដែ​ក៏​នៅមាន​មួយចំនួន​តូច អត់​ទាន់​បាន​សហការ​ចូលរួម​ក្នុងការ​វេចខ្ចប់​បានល្អ​ប្រសើរ​ដែរ​»​។ លោក​បន្តថា​៖ «​ដើម្បីឱ្យ​ទីក្រុង​យើង​ស្អាត បរិស្ថាន​ល្អ អនាម័យ​ល្អ គឺ​ទាមទារ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សម្អាត​ជាប្រចាំ ហើយ​ការវេចខ្ចប់ ទុក​ដាក់​សំរាម គឺ​ត្រូវ​វេចខ្ចប់​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​ឬក៏​ដាក់ចូល​ទៅក្នុង​ធុងសំរាម​»​។

លោក​ ហេង ប៉េងហាក់ តំណាង​ក្រុមហ៊ុន​ប្រមូល​សំរាម KSWM នៅ​ខេត្ដ​ព្រះសីហនុ បានឱ្យ​ដឹងថា ឆ្នាំនេះ​ប្រជាពលរដ្ឋ​មកលេង​កម្សាន្ត​នៅតាម​តំបន់​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​នានា​ក្នុង​ខេត្ដ​ព្រះសីហនុ​បាន​រៀបចំ​ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ​ប្រសើរ​ជាង​មុន ដោយ​ពួកគាត់​ចេះ​វេចខ្ចប់ ច្រក​សំរាម​ក្នុង​ថង់​នឹង​យកទៅដាក់​នៅតាម​គល់ឈើ​ ឬ​ធុងសំរាម ក្រោយពេល​លេង​កម្សាន្ត​រួច​។

លោក​ប្រាប់ថា​៖ «​វា​ល្អ​ជាង​មុន ពួកគាត់​មានការ​វេចខ្ចប់ យើង​គ្រាន់តែ​ប្រមូល​ពី​ឆ្នេរ​មក ដោយ​មិនសូវ​បោសសម្អាត ព្រោះ​សំរាម​បាន​វេចខ្ចប់​ជា​កញ្ចប់ៗ​។ កម្មករ​យើង​គ្រាន់តែ​ប្រមូល​មក​រួចរាល់ វា​មាន​ភាពងាយស្រួល​ខុសពី​មុន​។ កាលពីមុន បើ​យើង​មិន​យក​អំបោស​ទៅ​បោស ឬ​រនាស់​ជ័រ​ទៅ​កាយ​សំរាម​ទេ សំរាម​គឺ​រាយ​បាយ​ពាសពេញ​តែម្ដង​»​។

លោក​បន្តថា​៖ «​យើង​ក៏​សង្កេតឃើញ​ថា ឥឡូវនេះ ការហូបចុក​របស់​ពួកគាត់​មកលេង​កម្សាន្ត ក៏​មិនសូវ​ប្រើប្រាស់​ថង់​ប្លាស្ទិក ឬ​ប្រអប់​ស្នោ​ដូចពេល​មុនៗ​ដែរ គឺមាន​ប្រើ​តិចតួច​ប៉ុណ្ណោះ​»​។

លោក ប៉េងហាក់ បានឱ្យ​ដឹងថា ការ​មាន​សណ្ដាប់ធ្នាប់​រក្សា​អនាម័យ​ល្អ ចេះ​វេចខ្ចប់​សំរាម​ពី​សំណាក់​ប្រជាពលរដ្ឋ​ពេល​មកលេង​កម្សាន្ត​ក្នុង​ខេត្ដ​ព្រះសីហនុ​ពេល​ពិធីបុណ្យ​នេះ​ក៏ដោយសារ​មាន​ការចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​មន្ដ្រី​ជំនាញ​នានា​របស់​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ទៅដល់​ប្រជាពលរដ្ឋ​មុនពេល​ពិធីបុណ្យ ឬ​ក្នុងពេល​ពិធីបុណ្យ​តែម្ដង​។

លោក​ថា​៖ «​និយាយ​ទៅ​មន្ដ្រី​ចម្រុះ​របស់​រដ្ឋបាល​ក្រុង និង​ក្រុមការងារ​ក្រុមហ៊ុន ប្រមូល​សំរាម​យើង​បាន​ចុះទៅ​ណែនាំ​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ អ៊ីចឹង​យើង​ឃើញ​មាន​របៀប​វា​អត់​ដូច​មុន​»​។

លោក រស់ ឧត្ដង្គ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​កែប​បាន​ឱ្យដឹងថា ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​រយៈពេល ៣ ​ថ្ងៃ​ឆ្នាំនេះ ភ្ញៀវទេសចរ​បានមក​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន និង​ឆ្នេរសមុទ្រ​ក្នុង​ខេត្ដ​កែប​មាន​ចំនួន​សរុប ១២៣ ៧១៤ ​នាក់ ក្នុងនោះ​ភ្ញៀវជាតិ​ជាង ១២ ​ម៉ឺន​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ជាង ១ ​ពាន់​នាក់​។

លោក​ថ្លែងថា​៖ «​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​ឆ្នាំនេះ បើ​យើង​សង្កេតមើល ជាទូទៅ​មាន​ឥរិយាបថ​ប្រសើរ​ជាង​ឆ្នាំមុនៗ ​ក្នុងការ​ទុកដាក់​សំរាម​របស់​ពួកគាត់​។ ចំណែក​សណ្ដាប់ធ្នាប់​ផ្សេងៗ​ក៏​មិនមាន​បញ្ហា​អ្វី​កើតឡើង​ដែរ​»​។ លោក​ឱ្យដឹងថា ទាក់ទង​នឹង​ការផ្សព្វផ្សាយ​លើ​ការ​ទុកដាក់​សំរាម​ថែរក្សា​បរិស្ថាន​នេះ រដ្ឋបាល​ខេត្ដ​កែប ជាទូទៅ​រាល់​ពិធីបុណ្យ​ជាតិ​ម្ដងៗ គឺ​រដ្ឋបាល​ខេត្ដ តែងតែ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចម្រុះ ដើម្បី​ណែនាំ​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​នៅតាម​ទី​រមណីយដ្ឋាន​នានា​។

លោក​ លីវ សុខុន អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​សៀមរាប​បានឱ្យដឹងថា ក្នុង​រយ:ពេល ៣ ​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ សរុប​ប្រមាណ​ជា ៤០០ ៥៩១ ​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​ប្រមាណ ៣៩៧ ០០០ ​នាក់ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​មកពី​ខេត្ត​នានា ៤៥-៥០% និង ភ្ញៀវទេសចរ​បរទេស​ផ្ទៃក្នុង ចំនួន ៣ ៥៩១ ​នាក់ បានមក​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ដ​សៀមរាប​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ពិនិត្យ​មើលទៅ​ឃើញថា ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន តាមរយៈ​ការផ្សព្វផ្សាយ​ការអប់រំ ពី​សំណាក់​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ក្រុង ស្រុក ពិសេស​ក្នុងពេល​ពិធីបុណ្យ​នេះ​តែម្ដង ដែល​បាន​ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។ យើង​ឃើញ​ពួកគាត់​មានការ​វេចខ្ចប់​ទុកដាក់​សំរាម និង​ថែរក្សា​បរិស្ថាន​បានល្អ​ប្រសើរ​ច្រើន​»​។

បើតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​បញ្ជាក់ថា នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​រយៈពេល ៣ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១៤-១៦ ខែមេសា នៅ​ទូទាំង​ប្រទេស​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ចំនួន​ ៤ ៥៩០ ៣២៦ ​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ៤ ៥៦១ ៤៧៧ ​នាក់ និង​ភ្ញៀវបរទេស​ផ្ទៃក្នុង ២៨ ៨៤៩ ​នាក់​។

លោក​ថ្លែងថា​៖ «​មន្ទីរ​ទេសចរណ៍​សហការ​ជាមួយ​មន្ទីរជំនាញ​នៃ​រដ្ឋបាល​រាជធានី​ខេត្ត​បាន​ចាត់តាំង​ក្រុមការងារ​ចុះ​ប្រចាំការ​នៅតាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ ដើម្បី​គ្រប់គ្រង​ចរន្ត​ភ្ញៀវ ការពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព និង SOP ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូវីដ​ ១៩ និង​បញ្ចៀស​ការលក់​ឡើងថ្លៃ​ហួសហេតុ និង​បញ្ហា​បរិស្ថាន​អនាម័យ​ជាដើម ដែល​ក្នុង​រយៈពេល​ ៣ ​ថ្ងៃនេះ ហាក់​មិនមាន​បាតុភាព​ធំដុំ​ណាមួយ​កើតឡើង​ទេ​»៕