បន្ទាយមានជ័យៈ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយថា មានផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៨២ ​ខ្នង​នៅក្នុង​ឃុំ​ចំនួន​ ៤​ នៃ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​បាន​រង​ការខូចខាត​យ៉ាងដំណំ ដោយសារ​គ្រោះធម្មជាតិ​​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង កាលពី​ល្ងាច​ថ្ងៃទី​ ១៧ ខែមេសា​។ ​ទោះយ៉ាងណា​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​រងរបួស​ ​ឬ​ស្លាប់​នៅក្នុង​ហេតុការណ៍​នេះឡើយ​។

លោក លឿង សុភ័ក្ត អភិបាល​ស្រុក​ស្វាយចេក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃទី​ ១៨ ខែមេសា​ថា នៅពេលនេះ លោក​កំពុង​ដឹកនាំ​កម្លាំង​បញ្ជាការ​ឯកភាព​ស្រុក​ស្វាយចេក​ប្រមាណ​ជិត​ ១០០ ​នាក់ ចុះ​​ជួយ​អន្តរាគមន៍​ជួសជុលផ្ទះ​ឡើងវិញ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​នៅក្នុង​ឃុំ​ទ្រាស ដែល​ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ​ខ្លាំងជាងគេ​។

លោក​បាន​ថ្លែងថា​៖ «​នៅ​ព្រឹក​នេះ​ក្រុមការងារ​យើង​បាន​ជួយប្រមូល​ឈើ និង​កំណាត់​ស័ង្កសី​ដែល​ខូចខាត​សរុប​ចំនួន​ ៩៧៨ ​ស្លឹក ទុកដាក់​ឱ្យមាន​សណ្ដាប់​ធ្នាប់ និង​បាន​នាំយក​ស័ង្កសី​ថ្មី​ចំនួន ១ ០០០​សន្លឹក​មក​ជួសជុលផ្ទះ​ជូន​គ្រួសារ​ពលរដ្ឋ​រងគ្រោះ ដើម្បីឱ្យ​ពួកគាត់​មាន​ទីជម្រក​សុវត្ថិភាព​ឡើងវិញ​»​។

បើតាម​លោក សុភ័ក្ត ភ្លៀង​លាយឡំ​ជាមួយនឹង​ខ្យល់កន្ត្រាក់​កាលពី​ល្ងាច​ថ្ងៃទី​ ១៧ ខែមេសា​នោះ បាន​បង្ក​ការ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ៨២ ​ខ្នង ក្នុងនោះ នៅក្នុង​ឃុំ​ទ្រាស ៧៤ ​ខ្នង​,​ឃុំ​តាផូ ៣ ​ខ្នង​,​ឃុំ​សារង្គ ៣ ​ខ្នង និង​ឃុំ​រលួស​ ២ ​ខ្នង​។ ទោះយ៉ាងណា គ្មាន​ពលរដ្ឋ​ណា​ម្នាក់​រងគ្រោះ​នៅ​​ក្នុង​ហេតុការណ៍​នេះ​ទេ​។

ចំណែក​លោក ជា ស្លូញ អធិការ​ស្រុក​ស្វាយចេក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គិត​ត្រឹម​ម៉ោង​ ១១:៣០ ​នាទី​ព្រឹក​ថ្ងៃទី​ ១៨ ខែមេសា កម្លាំង​បញ្ជាការ​ឯកភាព​ស្រុក​ស្វាយចេក​បាន​ជួយ​ជួសជុលផ្ទះ​ឡើងវិញ​ជូន​គ្រួសារ​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បាន​ចំនួន​ ១៥​​ ខ្នង​ហើយ​។ ​បើ​ផ្អែក​តាម​កម្លាំង និង​ល្បឿន​ការងារ លោក​រំពឹងថា​នៅ​ល្ងាច​នេះ ​(​ថ្ងៃទី​ ១៨ ​មេសា​) ក្រុម​កម្លាំង​អន្តរាគមន៍​នៃ​បញ្ជាការ​ឯកភាព​ស្រុក​ស្វាយចេក​អាច​នឹង​ជួសជុល​បាន​ ៣០ ​ខ្នង​បន្ថែមទៀត​។

លោក​បាន​បញ្ជាក់ថា​៖ «​ទោះ​មិន​ហើយ​នៅថ្ងៃនេះ ថ្ងៃស្អែក​កម្លាំង​របស់​យើង​នឹង​មកជួយ​ជួលជុល​ផ្ទះ​ជូន​គ្រួសារ​រងគ្រោះ​ជា​បន្តទៀត ដោយ​មិន​​ប្រកាន់​និន្នាការ​នយោបាយ​​បក្ស​ណា​ឡើយ​»៕