សៀមរាប/កំពង់ធំៈ ក្រុម​សមត្ថកិច្ច​ចម្រុះ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​បាន​បន្តធ្វើ​ការបង្ក្រាប​បទល្មើស​នេសាទ ដែល​នៅតែ​បន្ត​កើតមាន ដោយបាន​ធ្វើការ​រុះរើ និង​រឹបអូស​វត្ថុតាង​ផ្សេងៗ​ក្នុង​នោះ​មាន​សាច់​អួន​ប្រវែង​រាប់ពាន់​ម៉ែត្រ និង​បាន​ធ្វើការ​អប់រំ​ណែនាំ​ប្រជានេសាទ​ចំនួន​ ២៦ ​នាក់ ដែល​បាន​ចូលទៅ​កាវ​លៀស​នៅក្នុង​តំបន់​អភិរក្ស​។

កម្លាំង​អន្តរាគមន៍​នៃ​គណៈកម្មាធិការ​បង្ក្រាប​បទល្មើស​ជលផល​ថ្នាក់ជាតិ ដែល​ប្រចាំការ​នៅ​ស្នាក់ការ​ស្រាល​ក្នុង​តំបន់​កំពង់​ភ្លុក ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​ ១៨ ខែមេសា​បាន​ចុះល្បាត​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​ភូមិសាស្ត្រ ឃុំ​កំពង់ឃ្លាំង ស្រុក​សូទ្រនិគម​បាន​ប្រទះឃើញ​បទល្មើស​នេសាទ​ធំ​មួយ​ [​ឆ្នុក និង​ហ៊ុម​សម្រាស់​ចាប់​ត្រី​]​ នៅ​ចំណុច​យាមកាម​លេខ ​(៣៩៦៧៨២-១៤៥២៤-៨៨) ស្ថិតក្នុង​ភូមិ​តាទូ សង្ស័យ​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​បាន​លួច​ឆ្មក់​ធ្វើ​សកម្មភាព​បទល្មើស​កាលពី​អំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​។

បើតាម​មន្ត្រី​នៃ​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាងជើង​បឹង​ទន្លេសាប ដែល​បាន​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​នោះបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុម​សមត្ថកិច្ច​ចម្រុះ​ថ្នាក់ជាតិ​បាន​រុះរើ និង​រឹបអូស​វត្ថុតាង​នៃ​បទល្មើស​ជាច្រើន រួមមានរ​បាំងសាច់​អួន​ប្រវែង ​៣ ៤០០ ​ម៉ែត្រ ឧបករណ៍​លូ​សាច់​អួន ចំនួន​ ៤ មាត់​បង្គោល​ចម្រឹង​ចំនួន​ ២ ៧០០ ​ដើម និង​បាន​ដោះលែង​ត្រី​ចម្រុះ​ប្រភេទ​ចូលទៅក្នុង​បឹង​ធម្មជាតិ​វិញ​ចំនួន ​៣០ ​គីឡូក្រាម​។

មន្ត្រី​ដែល​បដិសេធ​ប្រាប់​ឈ្មោះ​រូប​នោះបាន​និយាយថា តាម​ទំហំ​នៃ​ឧបករណ៍ និង​សម្ភារ​នេសាទ ដែល​ត្រូវបាន​រឹបអូស​នោះ គឺ​ក្រុម​ជនល្មើស​អាច​នឹង​ចំណាយ​ដើមទុន​មិន​ក្រោម​ពី​ ១ ​ម៉ឺន​ដុល្លារ​នោះទេ ហើយ​ថា ប្រជានេសាទ​ក្រីក្រ​មិនមាន​លទ្ធភាព​ធ្វើ​បែប​នោះឡើយ​។

ចំណែក​លោក ប៉ែន វណ្ណារិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​រយៈពេល​ ២​ ថ្ងៃ​ជាប់​គ្នា​កន្លងមកនេះ កម្លាំង​អនុកម្មការ បង្ក្រាប​បទល្មើស​ជលផល​ខេត្តកំពង់ធំ​បាន​ចុះបង្ក្រាប​បទល្មើស​ក្នុង​ភូមិសាស្ត្រ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ និង​ក្នុង​ភូមិសាស្ត្រ​ឃុំ​ពាមបាង ស្រុក​ស្ទោង ដោយបាន​ធ្វើការ​ចាប់​រឹបអូស​ឧបករណ៍​នេសាទ​មួយចំនួន រួមមាន របាំង​សាច់​អួន​ចំនួន ​៨ របាំង​ស្បៃ​មុង​ចំនួន​ ៨ និង​មង​ ១​ ត្បូង សរុប​ប្រវេង ២ ១០០ ម៉ែត្រ ឧបករណ៍​កាវ​លៀស​ចំនួន ៦ ​គ្រឿង លប​ ២៦ ​គ្រឿង និង​បង្គោល​សម្រាស់​ចំនួន​ ៩០០​ ដើម ព្រមទាំង​បាន​ដោះលែង​ត្រី​ចម្រុះ​ប្រភេទ​ចំនួន​ ១៣ ​គីឡូក្រាម ចូលទៅក្នុង​បឹង​ធម្មជាតិ​វិញ​។

លោក​ថា​៖ «​ក្នុង​ប្រតិបត្តិការ​នោះ ក្រុម​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ធ្វើការ​អប់រំ​ប្រជា​នេសាទ​សរុប​ ២៦ ​នាក់ ដែល​លួច​ធ្វើ​សកម្មភាព​កាវលៀស​ក្នុង​តំបន់​អភិរក្ស អតីត​ឡូត៍​នេសាទ​លេខ​ ២ និង​ក្នុង​តំបន់​អភិរក្ស​បឹង​ទន្លេ​ឆ្មា​ដោយ​បានឱ្យ​ពួកគាត់​ធ្វើ​កិច្ចសន្យា​ឈប់​លួច​ឆ្មក់​ចូលមក​កាវ​លៀស​ក្នុង​តំបន់​អភិរក្ស​ទៀត បើ​ពុំ​នោះទេ​នឹងត្រូវ​ប្រឈម​ការផ្ដន្ទាទោស​តាមច្បាប់​ជលផល​»​។

លោក​បាន​បន្ថែមថា ទន្ទឹម​នឹងនេះ ក្រុមការងារ​បាន​ចុះ​ធ្វើការ​អប់រំ​ណែនាំ​ដល់​ប្រជានេសាទ និង​ឈ្មួញ​ដែល​ចាំ​ទទួល​ទិញ​ផល​នេសាទ​ក្នុង​ភូមិសាស្ត្រ​ទាំង​ ២ ​ខាងលើនេះ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​នេសាទ​ខុសច្បាប់ និង​ការប្រមូល​ទិញ​ផលនេសាទ​ដែល​បានមកពី​បទល្មើស​នេសាទ​ផងដែរ​៕