ភ្នំពេញៈ រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានប្រកាស​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ​លើក​ទី​ ៨០ ជូន​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​ទេសចរណ៍​ជិត​ ២ ពាន់​នាក់ ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យា​ការងារ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​ថ្ងៃទី ​១៨ ខែមេសា បានឱ្យដឹងថា ការផ្តល់ជូន​សាច់ប្រាក់​ឧបត្ថម្ភ​លើក​ទី ​៨០​ នេះ មាន​កម្មករ​និយោជិត​ចំនួន​ ១ ៩២៩ ​នាក់​នៃ​សហគ្រាស​ទាំង​ ១៤ ​នៃ​វិស័យ​ទេសចរណ៍​ដែល​បានទទួល​ការអនុញ្ញាត​ព្យួរ​កិច្ចសន្យាការងារ​ស្របតាម​ស្មារតី​ជុំ​ទី​ ៣ ​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​។

សេចក្តី​ជូនដំណឹង​បន្តថា ធនាគារ​ឯកទេស​វីង នឹង​ផ្ញើ​សារ​អំពី​ការបើកប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​ទៅ​លេខ​ទូរស័ព្ទ ដែល​កម្មករ​បានផ្ដល់​មកឱ្យ​ក្រសួង​តាមរយៈ​រដ្ឋបាល​សហគ្រាស​នាពេល​កន្លងមក​។

បើតាម​ក្រសួង​ការងារ ប្រាក់ឧបត្ថម្ភ​នេះ​នឹងត្រូវ​បើក​ផ្ដល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការព្យួរ​កិច្ចសន្យាការងារ​ក្នុងនោះ​កម្មករ​ម្នាក់​នឹង​ទទួល​ប្រាក់ឧបត្ថម្ភ​ចំនួន​ ១២ ​ម៉ឺន​រៀល​ (៣០ ​ដុល្លារ​អាមេរិក​) ​សម្រាប់​ការព្យួរ​កិច្ចសន្យា​ការងារ​រយៈពេល​ ១១ ​ថ្ងៃ ដល់​ ២០ ​ថ្ងៃ និង​ទទួលបាន​ ១៦ ​ម៉ឺន​រៀល (៤០ ​ដុល្លារ​អាមេរិក​)​ សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល​ចាប់ពី ​២១ ​ថ្ងៃ ដល់​ ១ ​ខែ​។

ក្រសួង​រំឭកថា ធនាគារ​ឯកទេស​វីង​នឹង​បង្វិលប្រាក់​ឧបត្ថម្ភ​នេះ​ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិន​បើ​បងប្អូន​ខកខាន​មិនបាន​​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ​ក្នុង​រយៈពេល​ ១០​ ថ្ងៃ បន្ទាប់ពី​ទទួល​បាន​សារ​តាម​ទូរស័ព្ទ​ពី​ធនាគារ​ឯកទេស​វីង​។

ក្រសួង​ការងារ បញ្ជាក់ថា​ «​ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ​​បងប្អូន​ត្រូវយក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរស័ព្ទ​ដែល​ទទួលបាន​សារ​នោះ​ទៅ​​កាន់​ភ្នាក់ងារ​វីង​ដែល​នៅ​ជិត​បំផុត ហើយ​មិន​តម្រូវឱ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វីង​ឡើយ​ពេល​បើកប្រាក់​ឧបត្ថម្ភ​នេះ​»​។

ប្រធាន​សហព័ន្ធ​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា លោក ម៉ម រិទ្ធី បាន​ថ្លែងថា ការបន្ត​បើកប្រាក់​ឧបត្ថម្ភ​ជូន​ដល់​កម្មករ​និយោជិត​ក្នុង​វិស័យ​ទេសចរណ៍​ដែល​កំពុង​រង​ផលប៉ះពាល់​នាពេលនេះ គឺជា​រឿង​ដ៏ប្រសើរ​មួយ ដែល​បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​ដល់​ពលរដ្ឋ​។

យ៉ាងណាមិញ​លោក​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​អ្នកធ្វើការ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​ ​ឬ​វិស័យ​កាត់ដេរ​បន្តទៀត​ក្នុងករណី​រដ្ឋាភិបាល​មានលទ្ធភាព​គ្រប់គ្រាន់​។

លោក​ថា​៖ «​អបអរសាទរ​ដែល​រដ្ឋាភិបាល​ធ្វើការ​សម្រេចចិត្ត​បន្ត​ជួយ​ដល់​កម្មករ​វិស័យ​ទេសចរណ៍ ព្រោះ​គាត់​អត់​ទាន់​មាន​ការងារ​ធ្វើ​ទេ ដោយសារ​សណ្ឋាគារ​ខ្លះ​នៅ​បន្ត​បិទទ្វារ​ច្រើន ហើយ​នៅក្នុង​វិស័យ​កាត់ដេរ​ទោះបី​ងើបឡើង​វិញ​មែន ប៉ុន្តែ​នៅមាន​អ្នកផ្សេង​​ទៀត​មិនទាន់មាន​ការងារ​ធ្វើ ព្រោះ​រោងចក្រ​ខ្លះ​នៅ​បិទ មិនទាន់​បើក​ទាំងអស់​ទេ អ៊ីចឹង​បានន័យថា​វិស័យ​កាត់ដេរ​បើក​មួយចំនួន អ៊ីចឹង ខ្ញុំ​គិតថា បើ​រដ្ឋាភិបាល​មានលទ្ធភាព​គួរ​បន្ត​ផ្តល់ប្រាក់​ជូន​គាត់​ដែល​អត់​ការងារ​...»​។

សម្រាប់ លោក ម៉ម រិទ្ធី ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​បាន​ថ្លែងថា វិស័យនេះ​នឹង​បន្ត​រង​ផលប៉ះពាល់​រយៈពេល​វែង​ទៅមុខទៀត បើសិន​បើ​វីរុស​កូវីដ​ ១៩ បន្ត​បំប្លែង​ខ្លួន​ថ្មី​ជា​បន្តបន្ទាប់​នោះ​។

លោក​ថា​៖ «​ឥឡូវ​យើង​មិន​​ទាន់​ដឹងថា ជំងឺ​កូវីដ​ ១៩ មាន​កម្រិត​បំប្លែង​ថ្មី​ ឬ​មិន​បំប្លែង​ថ្មី​ ឬ​ឆ្លង​កម្រិតណា​យើង​នៅ​មិនទាន់​ដឹង​ទេ ព្រោះ​នៅ​ប្រទេស​គេ​កំពុង​រកឃើញ​វីរុស​បំប្លែង​ថ្មី​ជា​បន្តបន្ទាប់ អ៊ីចឹង​ហើយ​នៅ​ប្រទេស​យើង​វិស័យ​ទេសចរណ៍​នេះ​នៅ​វែងឆ្ងាយ​ណាស់​​អាច​ ៥​ ឆ្នាំ​ទៀត អាច​ស្តារ​ទៅរួច​​វា​អាស្រ័យ​លើ​កូវីដ ​១៩»​។

ពាក់ព័ន្ធ​នឹង​ការបន្ត​បើកប្រាក់​ឧបត្ថម្ភ​ក្នុងអំឡុង​កូវីដ​ ១៩ ​នេះដែរ រាជរដ្ឋាភិបាល​បាន​បន្ត​អនុវត្ត​ជាធម្មតា​ឡើងវិញ​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ សម្រាប់​ជុំ​ទី​ ៨ លើក​ទី​ ៣ និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ​២ ​ឆាំ្ន ចាប់ពី​ថ្ងៃទី​ ១៩ ខែមេសា តទៅ​។

ការចាប់ផ្ដើម​បន្ត​កម្មវិធី​នេះ​ឡើងវិញ បន្ទាប់ពី​រាជរដ្ឋាភិបាល​​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​រយៈពេល ​៦ ​ថ្ងៃ កាលពី​ថ្ងៃទី​ ១៣-១៨ ខែមេសា ឆ្នាំ​ ២០២២ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​៕